ផ្សារចំនួន១១ នៅតាមបណ្តាក្រុង-ស្រុក ចំនួន៣ ក្នុងខេត្តបាត់ដំបង ត្រូវបានបើកលក់ផ្នែកខាងក្នុងតួផ្សារ ជាបណ្តោះអាសន្នឡើងវិញហើយ នៅថ្ងៃទី២៩ខែមេសានេះ

អត្ថបទដោយ៖
Kien Sereyvuth

     អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានបើកឲ្យលក់ដូរនូវផ្នែកខាងក្នុងតួផ្សារ ជាបណ្តោះអាសន្នធម្មតាឡើងវិញហើយនៅថ្ងៃទី២៩ខែមេសា២០២១នេះនូវផ្សារចំនួន១១ ដែលស្ថិតនៅក្នុងក្រុងបាត់ដំបង ស្រុកថ្មគោល និង ស្រុកមោងឫស្សី ដែលត្រូវបានបិទនូវផ្នែកខ្លះមួយរយៈកន្លងមក ដើម្បីជាវិធានការក្នុងការទប់ស្កាត់ពីការឆ្លងរាលដាលជំងឺកូវីដ-19 ដែលបាននិងកំពុងឆ្លងរាលដាលកាន់តែខ្លាំងនៅក្នុងសហគមន៍កន្លងមក…។ ហើយដែលតម្រូវឲ្យអាជ្ញាធរ នៃ រដ្ឋបាលខេត្តបាត់ដំបង កំណត់ដាក់ចេញនូវសេចក្តីណែនាំដល់រដ្ឋបាលក្រុងស្រុកមួយចំនួនដើម្បីជាវិធានរដ្ឋបាលក្នុងការទប់ស្កាត់ពីការឆ្លងងរាលដាលនៃជំងឺកូវីដ-19ក្នុងសហគមន៍ខេត្តរបស់ខ្លួនកន្លងមក។ដោយបានបិទការលក់ដូរផ្នែកខ្លះនៅខាងក្នុងតួផ្សារ ស្ថិតនៅក្នុង ក្រុងបាត់ដំបង ចំនួន៨ផ្សារ រួមមានៈផ្សារបឹងឈូក, ផ្សារធំបាត់ដំបង(ផ្សារណាត់), ផ្សារអប្សរា(ផ្សារលើ), ផ្សារផ្សាររោងល្ខោន (អូរតាគាំ២), ផ្សារវត្តលៀប, ផ្សារពោធិ៍វង្ស, ផ្សារ១៣មករា (ផ្សារថ្មី)និងផ្សារទំនើបភួពុយ។ ជាមួយគ្នានេះនៅស្រុកថ្មគោល ផ្សារចំនួន២ គឺ៖ ផ្សារថ្មគោលនិងផ្សារឃុំជ្រៃ។ ដោយឡែកនៅស្រុកមោងឫស្សី គឺ៖ (ផ្សារមោង)។ក្នុងនោះអាជ្ញាធរខេត្តបានកំណត់និងតម្រូវឲ្យផ្សារទាំងអស់ខាងលើនេះ អនុញ្ញាតិឲ្យលក់បានតែផ្នែកខាងក្រៅដូចជា៖បន្លែ ត្រី សាច់ ផ្លែឈើនិងរបស់ចាំបាច់មួយចំនួនដែលជាតម្រូវការចាំបាច់នៃជីវភាពប្រចាំថ្ងៃ។

     នៅក្នុងពេលចុះពិនិត្យមើលពីការបើកលក់ ជាធម្មតានៅតាមផ្សារនានាក្នុងក្រុងបាត់ដំបង នៅថ្ងៃទី២៩ខែមេសានេះលោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង បានថ្លែងថា៖ផ្សារទាំងអស់ដែលបិទកន្លងមកនេះ ត្រូវបានបើកឲ្យលក់ដូរឡើងវិញហើយ។ នៅក្នុងនេះគឺ៖ក្រុងបាត់ដំបងមានផ្សារចំនួន៨ ហើយនៅក្នុងស្រុកថ្មគោល មានផ្សារចំនួន២ និងនៅស្រុកមោងឫស្សី មានផ្សារចំនួន១ផងដែរ។ លោកអភិបាលក្រុងបាត់ដំបង បានគូសបញ្ជាក់ទៀតថា៖ការបើកលក់ធម្មតាឡើងវិញនេះ គឺអាជ្ញាធរក្រុងបានចុះធ្វើការណែនាំផ្ទាល់ ដោយតម្រូវឲ្យអាជីវករទាំងអស់ ត្រូវតែអនុវត្តនូវវិធានការសុខាភិបាល ដើម្បីចូលរួមក្នុងការទប់ស្កាត់ពីការឆ្លងរាលដាលនៃជំងឺកូវីដ-19 ។ លោកក៏បានគូសបញ្ជាក់ដោយសង្កត់ធ្ងន់ឲ្យដឹងបន្ថែមទៀតថា៖ ក្រោយពីទទួលបាននូវសេចក្តីណែនាំ របស់ រដ្ឋបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៧ខែមេសាកន្លងមកនេះ និងនៅមុនពេលបើកឲ្យដំណើរការលក់ដូរ នៅក្នុងតួផ្សារទាំងនោះ អាជ្ញាធរក្រុងបាត់ដំបង បានធ្វើការបោសសំអាតនិងបានបាញ់ថ្នាំសម្លាប់មេរោគរួចជាស្រេចមុនពេលចូលលក់មួយថ្ងៃ។ហើយនៅថ្ងៃនេះបងប្អូនអាជីវករម្ចាស់តូបក្នុងផ្សារ ក៏បាននាំគ្នាមកបើកតូបលក់វិញជាបណ្តើរៗ ខ្លះៗ ហើយផងដែរ។

      ក្នុងការផ្តល់នូវបទសម្ភាសន័ លោក ផេង សិទ្ធី អភិបាលក្រុងបាត់ដំបង ក៏បានធ្វើការណែនាំ និងបានក្រើនរំលឹកដល់គ្រប់អាជីវករលក់ដូរក្នុងផ្សារនិងបងប្អូនប្រជាពលរដ្ឋដែលទៅផ្សារ សូមគោរពនូវវិធានសុខាភិបាលឲ្យបានខ្ជាប់ខ្ជួនជាប្រចាំ ក្នុងការអនុវត្តនូវវិធាន៖ ៣.ការពារ ៣.កុំ និង២ត្រូវចូលរួមជាមួយរាជរដ្ឋាភិបាល និងការណែនាំរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ ដើម្បីបញ្ចៀសពីការឆ្លង និងការចម្លងរាលដាលពីជម្ងឺកូវីដ-19 នៅក្នុងសហគមន៍។លោកអភិបាលក្រុងបាត់ដំបង ក៏បានអង្វរករដោយទទូចសុំឲ្យបងប្អូនជាអាជីវករលក់ដូរបន្លែ ត្រីសាច់ និងរបស់របរដែលជាតម្រូវការក្នុងជីវភាពប្រចាំថ្ងៃ សូមកុំលក់តម្លើងថ្លៃក្នុងគ្រាដែលបងប្អូន កំពុងជួបការលំបាកនូវបញ្ហាប្រឈមនិងកំពុងខ្វះខាតជីវភាពប្រចាំថ្ងៃ ពីការរាតត្បាតជាសកលពីគូវីដ-19ក្នុងសហគមន៍ កន្លងមកនេះ៕ ( អត្ថបទ – រូបភាព ៖ អ៊ុក សំអាន បប )

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner