បញ្ជូនជនជាតិឡាវម្នាក់ ដែលលួចឆ្លងដែនចូលកាប់ឈើខុសច្បាប់ ឲ្យទៅភាគីឡាវវិញ
ជនជាតិឡាវម្នាក់លួចឆ្លងដែន ដោយគ្មានលិខិតអនុញ្ញាត្ត ចូលមកក្នុងទឹកដីកម្ពុជា ត្រង់ចំនុចភូមិ សាស្ត្រឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។ ជនជាតិឡាវខាងលើ ត្រូវបានអាជ្ញាធរឈរជើងនៅព្រំដែនកម្ពុជា-ឡាវ បញ្ជូនខ្លួនឲ្យវិលត្រឡប់ទៅប្រទេសកំណើតរបស់ខ្លួនវិញ កាលពីថ្ងៃទី ២៨ ខែមេសា ឆ្នាំ២០២១ ម្សិលម៉ិញ ។
លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តស្ទឹងត្រែង បានប្រាប់ឲ្យដឹងថា អាជ្ញាធរ និងយោធាព្រំដែន បានបញ្ជូនជនជាតិឡាវម្នាក់ដែលឃាត់ខ្លួនពាក់ព័ន្ធករណីលួចឆ្លងដែនចូលមកប្រព្រឹត្តបទល្មើសខុសច្បាប់ក្នុងទឹកដីកម្ពុជា ទៅឲ្យភាគីប្រទេសឡាវវិញហើយ ។ លោកឧត្តមសេនីយ៍ទោ មេបញ្ជាការក៏បានឲ្យទៀតថា នៅរយៈពេលប៉ុន្មានខែចុងក្រោយនេះ មានការឃាត់ខ្លួនជនជាតិឡាវដែលលួចឆ្លងដែនមកប្រព្រឹត្តបទល្មើសក្នុងទឹកដីខេត្តស្ទឹងត្រែង ដូចជាចាប់សត្វព្រៃ កាប់ឈើខុសច្បាប់ ហើយត្រូវសមត្ថកិច្ចការពារព្រំដែនឃាត់ខ្លួន និងបានបញ្ជូនទៅប្រទេសកំណើតវិញដោយរក្សាទំនាក់ទំនងល្អជាមួយគ្នារវាងអាជ្ញាធរ និងអាជ្ញាធរ ។ ចំណែកភាគីឡាវក៏ធ្លាប់ឃាត់ខ្លួនជនជាតិខ្មែរយើងដែរ ហើយក៏បានបញ្ជូនមកឲ្យកម្ពុជាវិញផងដែរ ។ករណីបែបនេះ កើតមានរាប់មិនអស់ ហើយក៏មិនមានការផ្ទុះអាវុធណាមួយកើតឡើងដែរ គឺការរក្សាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរបានយ៉ាងល្អ ៕