ក្រសួងអប់រំ រំលឹកឪពុកម្តាយចេះបង្រៀនកូនឱ្យចេះប្រយ័ត្ន និងការពារខ្លួននៅពេលប្រើប្រាស់អ៊ីធឺណិត
រាជធានីភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡាបានលើកឡើងថា”ការពារប្រសើរជាងព្យាបាល! ការបង្រៀនកូនឱ្យចេះប្រយ័ត្ន និងការពារខ្លួននៅពេលប្រើប្រាស់អ៊ីធឺណិតគឺជាវិធីមួយដ៏ល្អ ដែលអ្នកអាចអនុវត្តបានតាម ៣ចំណុច”។ ជាមួយគ្នានេះក្រសួងអប់រំបានណែនាំឱ្យដឹងបន្ថែមថាសម្រាប់គន្លឹះថ្មីៗដើម្បីការពារកូនរបស់លោកអ្នក សូមតាមដានទំព័រ Facebook គិតគូរកូន និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications និង MoEYS Cambodia ។
គួរបញ្ជាក់ថាការណែនាំ និងដាស់តឿនដល់ឪពុកម្តាយ និងអាណាព្យាបាល កុមារបន្តបន្ទាប់នេះធ្វើឡើងបន្ទាប់ពីពេលដែលសិស្សានុសិស្សបានប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតកាន់តែច្រើនឡើងក្នុងអំឡុងការរីករាលដាលជំងឺកូវីដ-១៩នេះ។
ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានគូសបញ្ជាក់ដោយលើកឡើងថា“ពេលដែលសិស្សានុសិស្សប្រើប្រាស់ប្រព័ន្ធអនឡាញ គឺអាចប្រឈមជាមួយហានិភ័យមួយចំនួនដូចជា ការគម្រាមកំហែង ការឆបោក ការបៀតបៀនផ្លូវភេទ ការជួបប្រទះមាតិកាមិនសមរម្យជាដើម “។ ឯកឧត្តមរដ្ឋមន្រ្តីបានណែនាំដល់សិស្សានុសិស្សដែរថា “សូមសិស្សានុសិស្សទាំងអស់ ប្រុងប្រយ័ត្ន និង ប្រាប់ មាតាបិតា អាណាព្យាបាល ឬ គ្រូបង្រៀន បើសិនជា ជួបបញ្ហាខាងលើ”។
ឯកឧត្តមរដ្ឋមន្រ្តីបានឱ្យដឹងបន្ថែមថា៖ការប្រើប្រាស់ប្រព័ន្ធអ៊ីនធឺណិតពិតជាមានសារៈប្រយោជន៍សម្រាប់ការសិក្សារបស់កុមារ ប៉ុន្តែស្របពេលនោះដែរ មាតាបិតា អាណាព្យាបាល និងគ្រូបង្រៀនគួរតែយកចិត្តទុកដាក់លើពួកគាត់ ដើម្បីជៀសវាងពីបញ្ហាប្រឈមនានា”។ ក្រសួងអប់រំបានរំលឹកថា តើអ្នកកំពុងតែយកចិត្តទុកដាក់លើកូនរបស់អ្នកដែរឬទេ?
សម្រាប់គន្លឹះថ្មីៗដើម្បីការពារកូនរបស់លោកអ្នក សូមតាមដានទំព័រ Facebook គិតគូរកូន Kit Kou Kon និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ – Ministry of Post and Telecommunications និង MoEYS Cambodia៕ ដោយ៖ ម៉ាដេប៉ូ