មន្ទីរទេសចរណ៍ខេត្តបាត់ដំបង ចុះផ្សព្វផ្សាយវិធានការនានារបស់ក្រសួងសុខាភិបាល ជូនម្ចាស់រមណីយដ្ឋាន ក្រោយរាជរដ្ឋាភិបាលសម្រេចឱ្យបើកដំណើរការឡើងវិញ

បាត់ដំបង៖ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ម្សិលមិញនេះ លោក នួន ថា អនុប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានដឹកនាំមន្ត្រីនៃមន្ទីរទេសចរណ៍ ចុះផ្សព្វផ្សាយច្បាប់ និងការពង្រឹងការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍ សម្រាប់រមណីយដ្ឋាន សហគមន៍ទេសចរណ៍ រួមជាមួយនឹងវិធានការនានា របស់ក្រសួងសុខាភិបាល ក្រោយរាជរដ្ឋាភិបាលបានសម្រេចបើករមណីយដ្ឋាននានា និងបើកការធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយឡើងវិញនាពេលថ្មីៗនេះ។

វគ្គផ្សព្វផ្សាយនេះ បានរៀបចំឡើងនៅ ក្នុងបរិវេណរមណីយដ្ឋានទឹកធ្លាក់ចំការស្វាយ ដែលមានការចូលរួមពីសំណាក់ មន្រ្តីជំនាញនៃមន្ទីរទេសចរណ៍ខេត្ត ម្ចាស់ និងអ្នកគ្រប់គ្រងតាមរមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ក្នុងស្រុករតនមណ្ឌល និងស្រុកសំឡូតយ៉ាងច្រើនផងដែរ។

ខ្លឹមសារនៃវគ្គផ្សព្វផ្សាយនេះ គឺតម្រូវឱ្យម្ចាស់រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ទាំងអស់ត្រូវផ្តោតការយកចិត្តទុកដាក់លើការអនុវត្តវិធាន “៣ការពារ និង៣កុំ” ការវាស់កម្តៅ ការបាញ់អាល់កុល ការពាក់ម៉ាស់ការពារមុខ ការស្រង់ព័ត៌មានភ្ញៀវទេសចរចូលកម្សាន្ត ការរក្សាគម្លាតសង្គមមិនអោយមានការប្រមូលផ្តុំជាក្រុមធំ ការរក្សាអនាម័យជាប្រចាំតាមទីតាំងសំខាន់ៗ ការបញ្រ្ជាបការយល់ដឹងដល់ភ្ញៀវទេសចរ និងសាធារណៈជន ការពង្រឹងគុណភាពផលិតផលទេសចរណ៍ ការសហការជាមួយអាជ្ញាធរនិងមន្ទីរពាក់ព័ន្ធ និងនីតិវិធីច្បាប់នានាពាក់ព័ន្ធនឹងជំងឺកូវីដ១៩។

សូមបញ្ជាក់ថា រមណីយដ្ឋាន សហគមន៍ទេសចរណ៍ និងគោលដៅទេសចរណ៍ក្នុងខេត្តបាត់ដំបង អាចអនុញ្ញាតបើកដំណើរការវិញបានលុះត្រាតែបានអនុវត្តន៍តាមវិធានសុវត្ថិភាពទេសចរណ៍ និងវិធានពាក់ព័ន្ធនានាបានត្រឹមត្រូវ និងត្រូវធ្វើកិច្ចសន្យាអនុវត្ត ១៣ចំណុច ជាមួយមន្ទីរទេសចរណ៍៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner