ព្រះរាជពិធីច្រត់ព្រះនង្គ័លរបស់កម្ពុជា បន្តផ្អាកក្នុងឆ្នាំនេះទៀត (Video Inside)
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍បង្ហាញក្តីអបអរព្រះរាជពិធីបុណ្យច្រត់ព្រះនង្គ័ល បើទោះបីជា ឆ្នាំនេះកម្ពុជាមិនបានរៀបចំធ្វើនោះយ៉ាងណាក៏ដោយ។ កម្ពុជាបានផ្អាកព្រះរាជពិធីច្រត់ព្រះនង្គ័លឆ្នាំ២០២១ ដែលជាការផ្អាកលើកទី២ហើយ ដោយសារតែការគំរាមនៃវិបត្តិកូវីដ១៩។ កាលពីឆ្នាំ២០២០ ព្រះរាជពិធីច្រត់ព្រះ នង្គ័លដែលគ្រោងរៀបចំធ្វើនៅខេត្តកំពង់ធំ ត្រូវបានផ្អាក និងក្នុងឆ្នាំ២០២១នេះទៀត ព្រះរាជពិធីច្រត់ព្រះនង្គ័ល ត្រៀមបំរុងធ្វើនៅថ្ងៃទី៣០មេសា ក៏ត្រូវបានផ្អាកថែមទៀត ។
សម្ដេចតេជោបានសរសេរនៅថ្ងៃនេះថា ថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ គឺជាថ្ងៃដែលព្រះរាជាណាចក្រកម្ពុជា ប្រារព្ធនូវព្រះរាជពិធីបុណ្យ «ច្រត់ព្រះនង្គ័ល» ដែលត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំក្នុងខែពិសាខ ។
ព្រះរាជពិធីច្រត់ព្រះនង្គ័ល គឺជាព្រះរាជបវេណីដ៏យូរលង់របស់ខ្មែរ ដែលតែងតែធ្វើជារៀងរាល់ឆ្នាំ នៅដើមរដូវ វស្សា ដើម្បីផ្សងមើលប្រថ្នូលរបស់ស្រុកទេសផង និងដើម្បីផ្សងមើលពីការដាំដុះ និងការបង្កបង្កើនផលរបស់ ប្រជាពលរដ្ឋ។ ជាទម្លាប់ប្រពៃណីនៅក្នុងពិធីច្រត់ព្រះនង្គ័លនេះ ដើម្បីចង់ទស្សទាយពីប្រថ្នូលភោគផលកសិកម្ម គេតែងរៀបនូវចំណីអាហារ៧មុខដាក់លើថាស រួមមាន ស្រូវ ពោត សណ្តែក ល្ង ស្រា ស្មៅ និងទឹក សម្រាប់ គោឧសភរាជ បរិភោគ ក្រោយការភ្ជួរជានិមិត្តរូបចំនួន៣ជុំលើវាលព្រះមេរុ។