ពលរដ្ឋខ្មែរស្គាល់មុខអ្នកស្នេហាជាតិពិតនៅក្នុងគ្រាលំបាក

ក្នុងប្រវត្តិសាស្ត្ររបស់ខ្លួនរយៈពេលជាង ៤០ ឆ្នាំចុងក្រោយនេះ ជាតិនិងប្រជាជនកម្ពុជាបានហែលឆ្លងកាត់គ្រាលំបាកៗយ៉ាងច្រើន ទម្រាំនឹងកម្ពុជាអាចពន្លត់ភ្នក់ភ្លើងសង្គ្រាមស៊ីវិល និងទទួលបានសុខសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដីនិងមានការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃនេះ។ ចេញពីការវាយផ្តួលរំលំរបបខ្មែរក្រហមសង្គ្រោះជាតិនិងប្រជាជនកម្ពុជាឱ្យរស់រានមានជីវិត បញ្ចប់សង្គ្រាមស៊ីវិល ដោយនយោបាយឈ្នះ-ឈ្នះ ការជួយសង្គ្រោះអាយុជីវិតពលរដ្ឋពីគ្រោះទុរក្ភិក្ស និងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីបស្ចឹមប្រទេសដែលប្រឆាំងនឹងការវាយផ្តួលរំលំរបបប្រល័យពូជសាសន៍ខ្មែរក្រហមរបស់ប្រជាជនកម្ពុជា គ្រោះរាំងស្ងួត គ្រោះទឹកជំនន់ និងគ្រោះមហន្តរាយ សោកនាដកម្មផ្សេងៗទៀត គ្រប់គ្រាលំបាកៗទាំងអស់នេះតែងតែមាន វត្តមានរបស់ថ្នាក់ដឹកនាំនិងសមាជិកសមាជិកានៃគណបក្សប្រជាជនកម្ពុជាជានិច្ចជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលបានយកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិនិងប្រជាជនចេញពីអន្លង់អវិជ័យនៃរបបខ្មែរក្រហម ព្រមទាំងបានដឹកនាំប្រទេសបញ្ចប់សង្គ្រាម នាំយកសន្តិភាពជូនជាតិ និងមាតុភូមិ ព្រមទាំងការអភិវឌ្ឍ។

ឥឡូវនេះខណៈជាតិនិងប្រជាជនកម្ពុជា កំពុងប្រឈមមុខនឹងវិបត្តិសកលនៃការឆ្លងជំងឺកូវីដ-១៩ គឺសម្តេចតេជោ ហ៊ុន សែន ដដែលនេះបាននិងកំពុងដឹកនាំប្រទេសកម្ពុជាទាំងមូលប្រឆាំងនិងទប់ស្កាត់ការ ឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ហើយបេសកកម្មសង្គ្រោះនិងជួយអាយុជីវិតមនុស្សនេះធ្វើឡើង ដោយមិនរើសអើងជាតិសាសន៍ និន្នាការនយោបាយឡើយ ពោលជួយសង្គ្រោះអាយុជីវិតទាំងអស់មិនថាពលរដ្ឋខ្មែរ ឬជនបរទេស មិនថាអ្នកនោះធ្លាប់ជេរប្រមាថអាយុជីវិត និងជាតិសាសន៍នៃប្រទេសដែលតែងតែរៀបចំរបាយការណ៍ផ្សេងៗ ដើម្បីសម្អុយកេរ្តិ៍ឈ្មោះកម្ពុជា និងវាយប្រហារការដឹកនាំរបស់សម្តេចឡើយ គឺសម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់នូវការគោរព ការថែរក្សា ការព្យាបាល និងការការពារអាយុជីវិតទាំងអស់ដែលជាកិច្ចការមនុស្សធម៌យ៉ាងសំខាន់សម្រាប់មនុស្សជាតិទាំងមូល។ កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីត្រូវបានពិភពប្រសិទ្ធនាមថា «ប្រទេសតូច តែបេះដូងទូលាយ» ហើយត្រូវបានទទួលស្គាល់ថា ជាប្រទេសដែលគ្រប់គ្រងបានល្អលើវិបត្តិកូវីដ-១៩។ នេះគឺជាមោទនកភាពរបស់ជាតិនិងកម្ពុជាដែលមានថ្នាក់ ដឹកនាំដែលពោរពេញដោយគុណធម៌ តែសម្រាប់ក្រុមអ្នកប្រឆាំងពិតជាមិនអបអរសាទរឡើយ ​និងព្យាយាមបំផ្លាញកម្ពុជាតាមគ្រប់រូបភាព ហើយពេលខ្លះថែមទាំងប្រើប្រាស់ក្មេងៗ ជាឧបករណ៍នយោបាយបំពានសិទ្ធិកុមារ បំភ្លៃការពិត និងប្រើប្រាស់ការញុះញង់បំផ្លាញជាតិ។

ក្រុមប្រឆាំងជ្រុលនិយម ក្រុមសមាគមនិងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ និងមនុស្ស មួយចំនួន អាចនិយាយលាបពណ៌ និងប្រមាថសព្វបែបយ៉ាងមកលើសម្តេចតេជោ ហ៊ុន សែន ដែលជាថ្នាក់ដឹកនាំម្នាក់ជាទីគោរពដ៏ខ្ពង់ខ្ពស់របស់ប្រជាជនកម្ពុជា និងជាវីរបុរសជាអ្នកស្នេហាជាតិដ៌ឧត្តុង្គឧត្តមរបស់ប្រជាជាតិខ្មែរ ប៉ុន្តែពួកគេមិនអាចប្រកែក និងបដិសេធបាន ហើយក៏កាន់តែមិនអាចបោកប្រាស់សាធារណមតិបានឡើយចំពោះកាលដែលសម្តេចតេជោ ហ៊ុន សែន តែងតែមានវត្តមាននៅជាមួយប្រជាជនកម្ពុជាជាប់ជានិច្ច ជាពិសេសក្នុងកាលៈទេស ដែលជាតិនិងប្រជាជនជួបការលំបាក តែងតែមានវត្តមានរបស់បុរសម្នាក់នេះ ហើយបរុសម្នាក់នេះ ក៏មិនមានទម្លាប់រត់ចោលប្រជាពលរដ្ឋដែរ តែបានតស៊ូអត់ធ្មត់និងគិតគូរគ្រប់យុទ្ធសាស្ត្រ គ្រប់ជ្រុងជ្រោយ ដោយប្រើអស់នូវកម្លាំងកាយ កម្លាំងចិត្ត កម្លាំងបញ្ញាដើម្បីការពារអាយុជីវិតប្រជាជន ធ្វើយ៉ាងណាឱ្យជាតិនិងប្រជាជនបានសុខ រូចចាកផុតទុក្ខទាំងពួង។ ខណៈដែលពិភពលោកមិនទាន់មានវិធីសាស្ត្រព្យាបាលនិងទប់ស្កាត់នូវការឆ្លងរីក រាលដាលនៃជំងឺកូវីដ-១៩នេះ និងជាវីរ៉ុសដ៏កាចសាហាវថ្មីគ្មានថ្នាំព្យាបាល ហើយពិភពលោកទាំងមូលកំពុង តែរងគ្រោះខ្លាំង មានអ្នកឆ្លងក៏ច្រើននិងស្លាប់ក៏ច្រើន ជាតិនិងប្រជាជនកម្ពុជាពិតជាមានភព្វសំណាងបំផុត ដែលមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីដែលបានពុះពារគ្រប់ឧបសគ្គ និងដាក់ចុះវិធានការជាបន្ត បន្ទាប់ដើម្បីការពារអាយុជីវិតប្រជាពលរដ្ឋ។  

គំរូវីរភាពនិងទេពកោសល្យនៃការដឹកនាំប្រទេសប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុនសែន ត្រូវបានចងចាំាជានិច្ចក្នុងដួងចិត្តប្រជាជនកម្ពុជា។ ប្រជាជនកម្ពុជា ក៏បានចែករំលែកនិងមានការយល់ឃើញ ដូចគ្នានឹងអ្វីដែលលោក ហ៊ុន ម៉ានី បុត្រារបស់សម្តេចតេជោ ហ៊ុន សែន បានសរសេរបង្ហាញចំណាប់អារម្មណ៍នៅលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២១ ដែរ។ លោក ហ៊ុន ម៉ានី បានសរសេរថា៖

«អ្នកអាចនិយាយលាបពណ៌បុរសម្នាក់នេះ ទៅតាមចិត្តរបស់អ្នកចុះ តែអ្នកមិនអាចប្រកែកបានឡើយ ចំពោះការដែលគាត់តែងតែនៅជាមួយប្រជាជន ទាំងក្នុងពេលសុខសាន្ត និងក្នុងពេលលំបាក»។ លោកបន្តថា៖ «នៅលើពិភពលោកនេះ ពុំមានក្បួនតម្រាឯណាដែលអាចប្រើដើម្បីប្រយុទ្ធនឹងជំងឺឆ្លងរាតត្បាតកូវីដ ១៩ មានប្រសិទ្ធភាព ១០០% នោះឡើយ។ ចំនួនអ្នកឆ្លង និងអ្នកស្លាប់នៅតាមប្រទេសនីមួយៗគឺជាការវាស់ស្ទង់នូវការឆ្លើយតប និងគ្របគ្រងស្ថានការណ៍របស់រដ្ឋាភិបាលប្រទេសនោះ។ នៅចំពោះមុខ ការមិនធ្លាប់ជួបប្រទះវិបត្តិដូចគ្នាក្នុងអតីតកាល យើងពិតជាមានសំណាងដែលមានមេដឹកនាំម្នាក់ និងសហការីដែលពោរពេញដោយបទពិសោធន៍ក្នុងការដឹកនាំ និងប្រយុទ្ធនឹងវិបត្តិកូវីដ ១៩នេះ។ ជាមេដឹកនាំមួយដែលតែងនៅជាប់ជាមួយប្រជាជន គាត់ពិតជាជ្រាបច្បាស់នូវអ្វីដែលប្រជាជនចង់បាន និងអ្វីដែលប្រសើរបំផុតសម្រាប់ជាតិនិងប្រជាជន។ គាត់គឺជាមេដឹកនាំដែលយើងតែងផ្តល់ទំនុកចិត្តលើគាត់រហូតមកដល់សព្វថ្ងៃនេះ ហើយដែលយើងអាចជឿជាក់បានថាគាត់គ្មានហេតុផលណាមួយនឹងទៅចោលយើងដាច់ខាត ទោះជាក្នុងពេលដ៏លំបាកយ៉ាងណាក្តី»។

ដោយគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋដែលស្ថិតក្នុងតំបន់បិទខ្ទប់ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានដាក់បញ្ជាដល់អាជ្ញាធរមានសមត្ថកិច្ចទាំងអស់ផ្តល់ស្បៀងអាហារដល់ពលរដ្ឋដែលខ្វះខាតដោយ ដាក់ចុះនូវទិសស្លោក មិនឱ្យពលរដ្ឋណាម្នាក់ស្លាប់ដោយអត់បាយឡើយ!។  តាមរបាយការណ៍របស់រដ្ឋបាលសាលារាជធានីភ្នំពេញ ពលរដ្ឋជាង ២០ម៉ឺនគ្រួសារក្នុងចំណោម ៤០ម៉ឺនគ្រួសារ ដែលត្រូវការការផ្គត់ផ្គង់ស្បៀងអាហារបានទទួលការឧបត្ថម្ភ ហើយការចែកចាយស្បៀងធ្វើឡើងតាមលំដាប់អាទិភាព និងតាមតំបន់ដែលមានភាព ចាំបាច់ខ្ពស់។  ទន្ទឹមនឹងនេះ ក្នុងដំណោះស្រាយ រយៈពេលខ្លី មធ្យម និងវែង រាជរដ្ឋាភិបាលកម្ពុជាបានគិតគូរល្អិតល្អន់លើកញ្វប់វិធានការដើម្បីស្តារជីវភាព ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចជាតិឡើងវិញ។ រាជរដ្ឋាភិបាលបានគិតគូរគ្រប់ជ្រុងជ្រោយ និងបានថ្លឹងថ្លែងយ៉ាងច្បាស់លាស់ រវាងវិធានការបិទខ្ទប់ និងជីវភាពរបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ វិស័យឯកជន និងអ្នកមានធនធានមួយចំនួនបានចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ដើម្បីសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលខ្វះខាត ខណៈរាជរដ្ឋាភិបាលបានខិតខំគ្រប់ទិសដៅទាំងអស់ក្នុងការប្រឆាំងនិងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ ការព្យាបាលអ្នកជំងឺ និងការឧបត្ថម្ភថវិកាជូនកម្មករកម្មការិនីដែលបាត់បង់ការងារ និងការដោះស្រាយស្បៀងអាហារជូនពលរដ្ឋ។ ដើម្បីពង្រឹងខឿន ការពារសុខភាពប្រជាពលរដ្ឋ សម្តេចតេជោ នាយករដ្ឋមន្ត្រីបានស្វះស្វែងរកទិញវ៉ាក់សាំងដើម្បីយកមកចាក់ ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃដែលនេះគឺជាការយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះអាយុជីវិតពលរដ្ឋខ្លួន។

ពលរដ្ឋខ្មែរ ពិតជាមានចិត្តរំភើបឥតឧបមា និងសម្តែងអំណរគុណចំពោះការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាល និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងមិនបោះបង់ប្រជាពលរដ្ឋ តែបាននិងកំពុងការពារអាយុជីវិតពលរដ្ឋពីជំងឺកូវីដ-១៩ ដ៏កាចសហាវ និងផ្តល់ការដោះស្រាយ ជីវភាពក្នុងគ្រាដ៏លំបាកនេះ។ សាមគ្គីគ្នារវាងខ្មែរនិងខ្មែរក្នុងគ្រាលំបាកនេះបានបង្ហាញយ៉ាងច្បាស់ ហើយក៏ បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរួមគ្នា និងការតស៊ូអត់ធ្មត់រួមគ្នាដើម្បីយកឈ្នះលើជំងឺកូវីដ-១៩ ដ៏កាច សាហាវ។ នេះគឺជាសាមគ្គីភាពក្នុងនាមខ្មែរតែមួយ ហើយក្នុងកាលៈទេសៈដ៏លំបាកនេះ ពលរដ្ឋខ្មែរទាំងអស់ បានស្គាល់យ៉ាងច្បាស់ថាមុខមាត់អ្នកស្នេហាជាតិ ​ អ្នកស្រឡាញ់ប្រជាពលរដ្ឋ និងអ្នកដែលបម្រើជាតិនិង ប្រជាជនពិតប្រាកដ។ ជាមួយគ្នានេះ ពលរដ្ឋក៏បានស្គាល់ច្បាស់ដែរនូវមុខមាត់ពិតនៃក្រុមជនដែលសម្តែងធ្វើជាជួយពលរដ្ឋពីចម្ងាយ តែតាមពិតជាក្រុមជនក្បត់ជាតិ ជនបំផ្លាញជាតិ ញុះញង់ប្រជាពលរដ្ឋ ជនបង្អាក់ការជួយអាយុជីវិតពលរដ្ឋ និងក្រុមដែលចង់ឃើញពលរដ្ឋខ្មែរឆ្លងជំងឺកូវីដ-១៩ ច្រើនជាងនេះ និងចង់ឃើញពលរដ្ឋខ្មែរស្លាប់ច្រើនជាងនេះ។ ពលរដ្ឋខ្មែរបានចំណាំមុខក្រុមជនចង្រៃជាតិនេះទុកតកូនចៅ និងលើកតម្កើងក្រុមអ្នកស្នេហាជាតិ និងស្រឡាញ់ជាតិពិតប្រាកដដែលកំពុងតែសស្រាក់សស្រាំក្នុងការជួយ សង្គ្រោះ និងការពារអាយុជីវិតប្រជាពលរដ្ឋពីការយាយីនៃជំងឺកូវីដ-១៩ និងនៅកៀកកិតជាមួយប្រជាពល រដ្ឋគ្រប់កាលៈទេសៈដែលនេះហើយជាអ្នកស្នេហាជាតិពិតប្រាកដ!

ដោយចៅចាក់ស្មុក
រាជធានីភ្នំពេញ ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២១ 

AMS
AMS
អប្សរា មេឌា សឺវីស គឺជាក្រុមហ៊ុន ដែលមានប្រព័ន្ធផ្សព្វផ្សាយចម្រុះ (Multimedia) បង្កើតឡើងក្នុងគោលបំណងផ្សព្វផ្សាយឱ្យាបានទូលំទូលាយនិងសំបូរបែប នៅក្នុងទីផ្សារប្រព័ន្ធផ្សព្វផ្សាយឌីជីថល នាពេលបច្ចុប្បន្ននិងអនាគត។ ក្រុមហ៊ុនរបស់យើងនឹងពង្រីកខ្លួន ដើម្បីក្លាយជាប្រព័ន្ធផ្សព្វផ្សាយតាមអនឡាញដែលទាក់ទាញនិងពេញនិយម ដោយចាប់ផ្តើមអភិវឌ្ឍន៍នៅក្នុងប្រទេស និងឈានទៅប្រកួតប្រជែងទាំងក្នុងតំបន់ និងពិភពលោក។
ads banner
ads banner
ads banner