ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសអូស្ត្រាលី ចូលរួមចំណែកឧបត្ថម្ភ ជូនដល់ប្រជាពលរដ្ឋនៅតាមតំបន់បិទខ្ទប់ នៅរាជធានីភ្នំពេញ

អត្ថបទដោយ៖
ធី ដា

នៅព្រឹកថ្ងៃទី៣ឧសភា ឆ្នាំ២០២១ លោកទេសរដ្ឋមន្ត្រី លី ធុជ បាននាំយកគ្រឿងឧបភោគបរិភោគរបស់ ប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី ប្រគល់ជូន លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ ដើម្បីចូលរួមចែករំលែកទុក្ខលំបាករបស់ប្រជាពលរដ្ឋខ្មែរ ដែលកំពុងទទួលរងគ្រោះដោយសារកូវីដ-១៩ និងកំពុងរស់នៅតាមតំបន់បិទខ្ទប់ទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ នៅរាជធានីភ្នំពេញ។

គ្រឿងឧបភោគបរិភោគនោះ ឧបត្ថម្ភដោយសមាគមន៍ Australasian Business Association Inc (ABA) ដែលមានលោក Jason Sara ជាប្រធាន, លោក Tee Tan ជាអនុប្រធាន រួមជាមួយ សមាជិកក្រុមការងារសមាគមន៍ ABA និងប្រជាពលរដ្ឋខ្មែររស់នៅទីក្រុងម៉ែលប៊ន រដ្ឋវិចតូរីយ៉ា ប្រទេសអូស្រ្តាលី រួមមាន ត្រីខកំប៉ុង ៥០ កេស, អង្ករ ៨ តោន, ទឹកត្រី ៤០០យូរ និងទឹកស៊ីអ៊ីវ ៤០០យូរ។ ព្រមទាំងមានការចូលរួមពី លោកស្រី ប៊ុត រតនា នាយិកាមូលនិធិ Sir Bobby Charlton បានឧបត្ថម្ភមីជាតិចំនួន ១០០ កេសផងដែរ។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា លោកទេសរដ្ឋមន្ត្រី ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសមាគមន៍ ABA និង ប្រជាពលរដ្ឋខ្មែររស់នៅអូស្រ្តាលី ក៏ដូចជាសប្បុរសជនដទៃទៀត ដែលបានចូលរួមឧបត្ថម្ភគ្រឿងឧបភោគបរិភោគជូនដល់ប្រជាពលរដ្ឋរាជធានីភ្នំពេញកំពុងជួបការលំបាកដោយសារជំងឺឆ្លងកូវីដ-១៩នេះ។ លោកបានបន្តថា ការឧបត្ថម្ភស្បៀងនោះ ពិតជាបានឆ្លើយតបនឹងតម្រូវការចាំបាច់សម្រាប់ដោះស្រាយបញ្ហាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្វះខាត ក្នុងគ្រាដែលប្រទេសកំពុងជួបបញ្ហាជំងឺឆ្លង ហើយក៏ជាការបង្ហាញអំពីទឹកចិត្តដ៏សប្បុរស និងសណ្តានចិត្តចូលរួមសាមគ្គីរបស់បងប្អូនប្រជាពលរដ្ឋខ្មែរទាំងនៅក្នុងនិងក្រៅប្រទេស ដើម្បីរួមសាមគ្គីគ្នា ជួយជ្រោមជ្រែងទៅដល់ការឆ្លើយតបទៅនឹងវិធានការការទប់ស្កាត់ការរីករាលជំងឺកូវីដ-១៩ ផងដែរ។

សូមជម្រាបថា សម្ភារៈទាំងនោះ ត្រូវបានសមាគមន៍ Australasian Business Association Inc (ABA) និងប្រជាជនខ្មែររស់នៅទីក្រុងម៉ែលប៊ន ប្រមូលបានពីការរៀបចំកម្មវិធីសប្បុរសធម៌មួយ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កន្លងទៅ ក្នុងគោលបំណងរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ដើម្បីជួយដល់ប្រជាជនខ្មែរដែលរងគ្រោះដោយជំងឺកូវីត-១៩ និងជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីត-១៩។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner