របាយការណ៍៖ រយៈពេល ២ថ្ងៃ ការចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ នៅតំបន់ក្រហម បានជិត ៦ម៉ឺននាក់ និងបន្ថែមទីតាំងចាក់ដល់ ៦០កន្លែង

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ យោងតាមរបាយការណ៍នៅព្រឹកថ្ងៃចន្ទ ទី០៣ ខែឧសភា បានបង្ហាញថា រយៈពេលពីរថ្ងៃ នៃយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅតំបន់ក្រហម ក្នុងរាជធានីភ្នំពេញ ក្រុមការងារចាក់វ៉ាក់សាំងរបស់ក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានជិត៦ម៉ឺននាក់។

របាយការណ៍ បានបង្ហាញដែរថា នៅថ្ងៃទី០២ ខែឧសភា ក្រុមការងារចាក់វ៉ាក់សាំងបាន ៣៣,៦៥៥នាក់ ស្រី ១៧,១៩៣នាក់។ សរុប ២ថ្ងៃចាក់បានចំនួន ៥៧,៣១៣នាក់ ស្រី ២៩,៥០៣នាក់។ ក្នុងនោះខណ្ឌមានជ័យ ចាក់បាន ១៣,០៦៣នាក់ ខណ្ឌដង្កោ ចាក់បាន ១២,៤៧១នាក់ ខណ្ឌកំបូល ចាក់បាន ១៣,១៨៨នាក់ និងខណ្ឌពោធិ៍សែនជ័យ ចាក់បាន ១៨,៥៩១នាក់។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម ដែលបានចុះពិនិត្យជាប់ប្រចាំនូវដំណើរការចាក់វ៉ាក់សាំង បានកត់សម្គាល់ឃើញថា ការចាក់វ៉ាក់សាំងនៅថ្ងៃទី២ មានភាពល្អប្រសើរជាងថ្ងៃទី១។

នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា ក្រុមការងារ បានសម្រេចបង្កើនទីតាំងចាក់ពី ៤៤ទីតាំង រហូតដល់ ៦០ទីតាំង និងបានបន្ថែមក្រុមការងារចាក់វ៉ាក់សាំងរហូតដល់ជិត ៣ពាន់នាក់។ ការបន្ថែមកម្លាំងនេះ ដើម្បីបង្កើនល្បឿននៃការចាក់ឱ្យសម្រេចបានតែមផែនការកំណត់។

ឯកឧត្តម ថា នៅមានបញ្ហាមួយចំនួនទៀតពាក់ព័ន្ធការបំពេញបណ្ណព័ត៌មានអត្តសញ្ញាណ ដោយប្រជាពលរដ្ឋខ្លះមិនចេះបំពេញ និងបណ្ណដែលចែកទៅមិនបានដល់ដៃប្រជាពលរដ្ឋជាដើម។ សម្រាប់បញ្ហានេះ នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានបញ្ជាក់ថា លោកបានពិភាក្សាជាមួយអាជ្ញាធរ ដើម្បីកែសម្រួលហើយ ដើម្បីឱ្យការមកចាក់របស់ប្រជាពលរដ្ឋបានលឿនបន្ថែមទៀត។ យើងនឹងបន្តពង្រាយកន្លែងចាក់វ៉ាក់សាំង និងកម្លាំងចាក់បន្ថែមទៀត ដើម្បីឱ្យការងារចាក់បានកាន់តែឆាប់រហ័ស។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ បានកត់សម្គាល់ឃើញពីការប្រឹងប្រែងរបស់ក្រុមការងារចាក់វ៉ាក់សាំងទាំងអស់ ដែលបានយកចិត្តទុកដាក់ និងបំពេញការងារយ៉ាងសស្រាក់សស្រាំ ដើម្បីចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋឱ្យបានតាមផែនការ និងបានវាយតម្លៃខ្ពស់ចំពោះទឹកចិត្តដ៏មុះមុតរបស់ក្រុមការងារចាក់វ៉ាក់សាំង និងថ្លែងអំណរគុណដល់កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារ ដើម្បីសម្រេចផែនការរបស់រាជរដ្ឋាភិបាល ជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ដែរថា នៅថ្ងៃទី០១ ខែឧសភា រាជរដ្ឋាភិបាលកម្ពុជា បានចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋនៅក្នុងតំបន់ក្រហម ក្នុងសង្កាត់ចំនួន៣៣ នៃខណ្ឌមានជ័យ ខណ្ឌដង្កោក ខណ្ឌកំពូល និងខណ្ឌពោធិ៍សែនជ័យ។ ការចាក់នេះ គឺចាក់ជូនប្រជាពលរដ្ឋទូទៅ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ។ បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់៖ ប្រជាពលរដ្ឋ ដែលនឹងត្រូវចាក់ក្នុងតំបន់ក្រហម ៤ខណ្ឌនេះ មានចំនួនជិត ៥០ម៉ឺននាក់។

ប្រជាពលរដ្ឋដែលត្រូវទៅចាក់វ៉ាក់សាំង តម្រូវឱ្យបំពេញកម្រងព័ត៌មានអត្តសញ្ញាណនៅតាមលំនៅឋានជាមុន ហើយពេលទៅចាក់ត្រូវយកភ្ជាប់ទៅជាមួយឯកសារបញ្ជាក់អត្តសញ្ញាណ ដូចជាអត្តសញ្ញាណបណ្ណ លិខិតឆ្លងដែន ឬសំបុត្រកំណើតជាដើម ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner