៥ថ្ងៃ នៃការចាក់វ៉ាក់សាំងលើពលរដ្ឋក្នុងតំបន់ក្រហម បានជិត២០ម៉ឹននាក់ (Video Inside)

យុទ្ធនាការចាក់វ៉ាក់សាំងនៅតំបន់ក្រហម ក្នុងរយ:ពេល៥ថ្ងៃ ចាក់បានលើពលរដ្ឋប្រមាណជិត២០ម៉ឺននាក់ក្នុង ចំណោមជាង៥២ម៉ឺននាក់។ របាយការណ៍បានបង្ហាញថាក្នុងរយៈពេល២៤ម៉ោងនៃថ្ងៃទី៥ឧសភា ក្រុមការងារ បានចាក់លើពលរដ្ឋក្នុងតំបន់ប្រឈមហានិភ័យនៃខណ្ឌចំនួន៤ បានចំនួន ៤ម៉ឺន៨ពាន់៨៤៨នាក់ ក្នុងនោះស្រី ចំនួន ២ម៉ឺន៥ពាន់៣៨១ នាក់។

ប្រជាពលរដ្ឋដែលនឹងត្រូវចាក់ក្នុងតំបន់ក្រហមក្នុងខណ្ឌទាំង៤គឺខណ្ឌមានជ័យ, ខណ្ឌដង្កោ, ខណ្ឌកំបូល និងខណ្ឌ ពោធិ៍សែនជ័យនេះ មានចំនួនសរុប ៥២ម៉ឺន៥ពាន់៤៣៩នាក់។ របាយការណ៍ដដែលបានបន្តថាគិតសរុប៥ថ្ងៃ ការចាក់វ៉ាក់សាំងលើពលរដ្ឋបាន ចំនួន ១៩ម៉ឺន៦ពាន់៦៦ នាក់ ក្នុងនោះស្រី១០ម៉ឺន២ពាន់៣៣៨នាក់។ អភិបាលរងរាជធានីភ្នំពេញលោកនួន ផារ័ត្ន បានថ្លែងបញ្ជាក់នូវតួលេខ ដែលបានចាក់លើពលរដ្ឋក្នុងរយៈពេល៥ថ្ងៃកន្លងមកនេះ។

របាយការណ៍បានរៀបរាប់ទៀតថា ក្នុងខណ្ឌមានជ័យ ក្រុមការងារ ចាក់បាន៤ម៉ឺន១ពាន់៤៥១នាក់, ខណ្ឌដង្កោ ចាក់បាន៤ម៉ឺន៧ពាន់៦៥២នាក់, ខណ្ឌ កំបូល ចាក់បាន៣ម៉ឺន ៤ពាន់៨៦៦នាក់ និងខណ្ឌពោធិ៍សែនជ័យ ចាក់ បាន៧ម៉ឺន២ពាន់៩៧នាក់។

ប្រធានក្រុមការងារចាក់វ៉ាក់សាំងនៅតំបន់ក្រហម នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង និងជា នាយសេនាធិការចម្រុះនៃកងយោធពលខេមរភូមិន្ទ បានថ្លែងកត់សម្គាល់ថា ដំណើរ ការចាក់វ៉ាក់សាំងនាពេល នេះ មានដំណើរការល្អប្រសើរ និងការចាក់ក៏បានដំណើរការលឿនផងដែរ។

https://www.youtube.com/watch?v=Dujzjc7-lYU
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner