អភិបាលខេត្តបាត់ដំបង កោតសរសើរមន្ទីរសុខាភិបាល និង ក្រុមគ្រូពេទ្យជួរមុខទាំងអស់ ដែលបានខិតខំអនុវត្តនូវការដាក់ចេញយុទ្ធសាស្ត្រ”រហ័ស៤”ដើម្បីជាវិធានការក្នុងការទប់ស្កាត់និងប្រយុទ្ធប្រឆាំងជំងឺកូវីដ-19 នៅក្នុងខេត្ត កន្លងមក
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបងបានថ្លែងនូវការកោតសរសើរនិងអរគុណចំពោះការខិតខំប្រឹងប្រែងក្នុងការព្យាបាលនិងថែទាំអ្នកជម្ងឺកូវីដ-19កន្លងមក របស់ថ្នាក់ដឹកនាំមន្ទីរសុខាភិបាលខេត្ត មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យស្រុកប្រតិបត្តិ និងក្រុមគ្រូពេទ្យជួរមុខទាំងអស់ដែលបាននិងកំពុងតែបន្តបេសកកម្មដ៏លំបាកលំបិនមួយនេះរួមជាមួយអាជ្ញាធរខេត្ត ក្រសួងសុខាភិបាល និង រាជរដ្ឋាភិបាលកន្លងមក ក្នុងការប្រយុទ្ធប្រឆាំងជាមួយសមរភូមិ នៃ ជម្ងឺរាតត្បាតជាសកលកូវីដ-19 ទាំងក្នុងការព្យាបាល និងថែទាំអ្នកជម្ងឺ បានជាសះស្បើយជាបន្តបន្ទាប់កន្លងមក។តាមរយៈនៃការដាក់ចេញនូវគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល ដោយកំណត់នូវវិធានសុខាភិបាល និងពីការយកចិត្តទុកដាក់ពីអាជ្ញាធរនៃរដ្ឋបាលដែនដី និងមូលដ្ឋានគ្រប់ថ្នាក់ក្នុងខេត្ត។ជាពិសេស ពីក្រុមគ្រូពេទ្យជួរមុខទាំងអស់ក្នុងការទប់ស្កាត់ការឆ្លងនិងការចម្លងនូវជំងឺរាតត្បាតជាសកលពីកូវីដ-19កន្លងមកនេះ។
ឯកឧត្តម អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងនូវការកោតសរសើរ ចំពោះការដាក់ចេញនូវយុទ្ធសាស្ត្រក្នុងការប្រយុទ្ធលើសមរភូមិកូវីដ-19 របស់មន្ទីរសុខាភិបាលខេត្តបាត់ដំបង នូវ យុទ្ធសាស្ត្រ៖ 《 ៤ – រហ័ស 》របស់ខ្លួន គឺ៖ រហ័ស រកឱ្យឃេីញ , រហ័សដាក់ឲ្យនៅដោយឡែក , រហ័ស រាយការណ៍ , និង រហ័សពិនិត្យ – ព្យាបាល។
ការថ្លែងបែបនេះ គឺក្នុងឱកាស ដែលឯកឧត្តមអភិបាលខេត្តបាត់ដំបង បានជួបសំណេះសំណាលជាមួយក្រុមគ្រពេទ្យជួរមុខដែលព្យាបាលនិងថែទាំអ្នកជម្ងឺកូវីដ-19ក្នុងមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបងនិងផ្តល់អំណោយដល់ក្រុមគ្រូពេទ្យជួរមុខចំនួន៣០នាក់ ដោយម្នាក់ៗ ចំនួន១០ម៉ឺនរៀល ព្រមទាំងប្រគល់នូវ មីចំនួន២០កេសនិងទឹកសុទ្ធ ២០កេសដល់ក្រុមគ្រូពេទ្យនៅទីនោះ។
ឯកឧត្តម ងួន រតនៈ ក៏បានសង្កត់ធ្ងន៎បន្ថែមទៀតថា៖ កន្លងមកនេះ ក្រុមគ្រូពេទ្យជួរមុខទាំងអស់បានប្រយុទ្ធប្រឆាំងទប់ស្កាត់នូវការឆ្លងការចម្លងពីជំងឺកូវីដ-19ទទួលបាននូវលទ្ធផលជាមួយនិងបទពិសោធន៍ជំនាញរបស់ខ្លួនល្អប្រសើរបើទោះបីសមរភូមិនេះ មិនទានបានបញ្ចប់នៅឡើយ។ តែអ្វីដែលជាក្តីមោទនៈភាពរបស់យើងទាំងអស់គ្នានិងអាជ្ញាធរគ្រប់លំដាប់ថ្នាក់នៅក្នុងខេត្តបាត់ដំបងយើងនេះ ទាំងការឆ្លងប្រភេទនាំចូល និងការឆ្លងក្នុងព្រឹត្តិការសហគមន៍២លើក កន្លងមកនេះ។ គឺក្រុមគ្រូពេទ្យជួរមុខនិងមន្ទីរសុខាភិបាលខេត្តយើងបានកំណត់ដាក់ចេញនូវយុទ្ធសាស្ត្រក្នុងការប្រយុទ្ធនូវសមរភូមិកូវីដ-19នូវយុទ្ធសាស្ត្រ “រហ័ស-៤”របស់ខ្លួននិងបានអនុវត្តយ៉ាងសកម្មទៀតផង។ដែលមកទល់ពេលនេះ ទាំងការឆ្លងនាំចូល និងការឆ្លងក្នុងព្រឹត្តិការណ៍សហគមន៍ទាំង២ខាងលើនេះ យើងបានធ្វើការទប់ស្កាត់ដោយមិនឲ្យឆ្លងនិងចម្លងចូលបានទៅក្នុងសហគមន៍ខេត្ត របស់ យើងឡើយ។
ជាមួយគ្នានេះឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង អមដំណើរដោយឯកឧត្តម សឿម ប៊ុនរិទ្ធិ អភិបាលរងខេត្ត ជាអ្នកនាំពាក្យនៃរដ្ឋបាលខេត្តបាត់ដំបងនិងឯកឧត្តមឱសថបណ្ឌិត វឿង ប៊ុនរ៉េត ទីប្រឹក្សាសម្តេចក្រឡាហោម និងជាប្រធានមន្ទីរសុខាភិបាលខេត្តបាត់ដំបង ព្រមទាំងលោកប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងសហការីមួយចំនួន បានចុះទៅពិនិត្យមើលអគារមន្ទីរពិសោធន៍ថ្មីដែលកំពុងសាងសង់និងគ្រោងបញ្ចប់ជាស្ថាពរនៅសប្តាហ៍ទី៤ខែមិថុនាឆ្នាំ២០២១ខាងមុខឆាប់ៗនេះ និងពិនិត្យមើលសមិទ្ធផលថ្មីៗបន្ថែមទៀត ដែលបានចាប់ផ្តើមធ្វើការសាងសង់នូវអាគារសម្ភពនិងថែទាំទារកក្នុងមន្ទីរពេទ្យដែលជាជំនួយមនុស្សធម៌ពីអង្គការដៃគូអភិវឌ្ឍន៍ របស់មន្ទីរពេទ្យផ្ទាល់ កន្លងមផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )