ក្រុមសកម្មប្រយុទ្ធតាលីបង់ប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃនៅអាហ្វហ្គានីស្ថាន ដើម្បីអបអរពិធីបុណ្យអ៊ីដ
អាហ្វហ្គានីស្ថាន៖ ពួកឧទ្ទាមតាលីបង់បានប្រកាសបទឈប់បាញ់រយៈពេល៣ថ្ងៃនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន ស្ថិតក្នុងគោលបំណងប្រារព្ធពិធីបុណ្យអ៊ីដអាល់ហ្វីត (Eid al-Fitr) នៅសប្តាហ៍នេះ ។
ការប្រកាសពីបទឈប់បាញ់របស់ពួកឧទ្ទាមតាលីបង់ខាងលើនេះ បានកើតមានឡើងពីរថ្ងៃបន្ទាប់ពីរដ្ឋាភិបាលអាហ្វហ្គានីស្ថាន បានស្តីបន្ទោសក្រុមសកម្មប្រយុទ្ធបះបោរនេះ ពាក់ព័ន្ធនឹងការបំផ្ទុះគ្រាប់បែកនៅក្រៅសាលារៀនមួយ ដែលសម្លាប់ជីវិតមនុស្សជាង៥០នាក់ ដែលភាគច្រើនជាក្មេងស្រី ហើយប្រហែល១០០នាក់ផ្សេងទៀតរងរបួស ។
ពួកឧទ្ទាមតាលីបង់បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនថា មូចាហ៊ីឌីននៃអ៊ីស្លាមអេមីរ៉ាត ត្រូវបានណែនាំឱ្យបញ្ឈប់រាល់ប្រតិបត្តិការវាយលុកប្រឆាំងនឹងសត្រូវនៅទូទាំងប្រទេសចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី៣ នៃពិធីបុណ្យអ៊ីដ ។ ប៉ុន្តែប្រសិនបើសត្រូវធ្វើការវាយប្រហារ ឬវាយលុកមកលើអ្នកក្នុងអំឡុងពេលនេះ ចូរត្រៀមខ្លួនទប់ទល់ និងការពារខ្លួនអ្នក និងទឹកដីរបស់អ្នកអោយបានរឹងមាំ ៕ ប្រភព៖ CNA