ខ្មាន់កាំភ្លើងម្នាក់បាញ់សម្លាប់មនុស្ស៦នាក់ក្នុងពិធីខួបកំណើតមួយនៅរដ្ឋ Colorado មុនពេលធ្វើអត្តឃាតខ្លួនឯង
អាមេរិក៖ មន្រ្តីប៉ូលិសអាមេរិកបញ្ជាក់ថា ខ្មាន់កាំភ្លើងម្នាក់បានបើកការបាញ់ប្រហារនៅក្នុងពិធីខួបកំណើតមួយនៅរដ្ឋ Colorado របស់សហរដ្ឋអាមេរិក ដែលបណ្តាលអោយមនុស្ស៦នាក់បាត់បង់ជីវិត មុនពេលបាញ់សម្លាប់ខ្លួនឯង ។
ជាមួយគ្នានេះ អភិបាលរដ្ឋ Colorado លោក Jared Polis បាននិយាយថា សោកនាដកម្មបាញ់សម្លាប់មនុស្សនៅ Colorado Springs ជាការបំផ្លិចបំផ្លាញមួយ… ជាពិសេសចំពេលដែលពួកយើង ភាគច្រើនកំពុងអបអរសាទរទិវាអ្នកម្តាយ ។ បើតាមអាជ្ញាធរក្នុងតំបន់ ករណីបាញ់ប្រហារខាងលើនេះ កើតឡើងនៅពាក់កណ្តាលអាធ្រាត្រនៅក្នុងសួនផ្ទះមួយកន្លែង ស្ថិតនៅភាគខាងកើតរដ្ឋ Colorado Springs កាលពីយប់ថ្ងៃអាទិត្យម្សិលមិញ ចំពេលអបអរសាទរទិវាអ្នកម្តាយ ។
ទន្ទឹមគ្នា មន្រ្តីប៉ូលិសបានរាយការណ៍ថា សមត្ថកិច្ចបានទៅដល់កន្លែងកើតហេតុគឺមានមនុស្ស៦នាក់បានស្លាប់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ដែលក្រោយមកបានស្លាប់នៅមន្ទីរពេទ្យ ។ ភ្លាមៗនោះ ប៉ូលិសមិនទាន់បង្ហាញអត្តសញ្ញាណខ្មាន់កាំភ្លើង និងជនរងគ្រោះឡើយ ។ ចំណែកមូលហេតុនៃការបាញ់ប្រហារនេះ ក៏មិនទាន់ដឹងដែរ ៕ ប្រភព៖ CNA