លិខិតមិត្តអ្នកអាន៖ «ត្រកូលអ្នកនយោបាយក្បត់ជាតិបីជំនាន់» បញ្ចប់ត្រឹមទាយាទចុងក្រោយ!

ភ្នំពេញ៖ ប្រទេសកម្ពុជាយើងបានស្គាល់ «ត្រកូលអ្នកនយោបាយក្បត់ជាតិ» ៣ជំនាន់មកហើយដែលប្រវត្តិសាស្ត្របានចារទុកក្នុងក្រាំងមាស។ ប៉ុន្តែវង្សត្រកូលមួយនេះក៏នឹងត្រូវបញ្ចប់ ហើយ ត្រឹមទាយាទចុង ក្រោយរបស់ខ្លួនដែលកំពុងត្រៀមបញ្ចប់ អាជីពនយោបាយ ក៏ដូចជាបញ្ចប់វង្ស ត្រកូល«ក្បត់ជាតិ» បីជំនាន់របស់ខ្លួនយ៉ាងអាម៉ាស់បំផុត។

ត្រកូល «អ្នកនយោបាយក្បត់ជាតិ» មួយនេះ ដែលបានបន្តពីជីតាឪពុករហូតដល់កូនត្រូវបានលោក «ភិនយ៉ូ ភុងចារ៉ឺន ដែលជាហោរាសាស្ត្រដ៏ល្បីនៅស្រុកថៃ» ទស្សន៍ទាយប្រាប់ សកម្មជន អតីតបក្សប្រឆាំងនៅឆ្នាំ២០១៥ ថា មេបក្សរបស់ខ្លួននឹង «ជួបគ្រោះធំប្រៀបដូចពស់ដាច់ក្បាល និងដាច់ដងខ្លួន-បាក់ឆ្អឹងខ្នង-ទៅមុខលែងរួច និងថយក្រោយមិនកើត» ជាពិសេសគឺដូចអ្នកលេងអុក គឺ «អស់ផ្លូវ, អស់ក្រឡាដើរទាល់ច្រក និងត្រូវគេព័ទ្ធជិត»។ រហូតមកដល់បច្ចុប្បន្ននេះ ពាក្យសំដីទស្សន៍ទាយប៉ុន្មានឃ្លានេះ គឺគ្មានអ្វីខុសបន្តិចនោះឡើយ ពោលគឺពេលនេះវង្សត្រកូល«ក្បត់ជាតិ» បីជំនាន់នេះពិតជានឹងត្រូវដាច់ពូជក្បត់ជាតិត្រឹមនេះដូចអ្វីដែលហោរាសាស្ត្រថៃរូបនេះបាននិយាយបញ្ជាក់ថា «ជំហ៊ានរបស់លោក ហ៊ុន សែន ដែលកំពុងដឹកនាំគឺជាជំហ៊ានគីង្គក់ ប៉ុន្តែពីមួយ ជំហ៊ានទៅមួយជំហ៊ានគឺលោក ហ៊ុន សែន ប្រើទម្ងន់ដំរី»។

ក្រោមកណ្តាប់ដៃបុរសខ្លាំងកម្ពុជាឈ្មោះ ហ៊ុន សែន ដែលជាតួអង្គអ្នកនយោបាយតែម្នាក់គត់ក្នុងប្រវត្តិសាស្ត្រសម័យទំនើបដែលអាចបង្ក្រាបត្រកូល «ក្បត់ជាតិបីជំនាន់» នេះបាន ពីព្រោះ សូម្បីតែជំនាន់ព្រះបរមរតនៈកោដ្ឋ ព្រះបិតាជាតិដ៏ល្បីល្បាញក៏មិនអាចផ្តាច់ឬសគល់ត្រកូល «ក្បត់ជាតិ» នេះបានដែរ។ មុនផុតរលត់ពីដែនដីកម្ពុជរដ្ឋត្រកូល «អ្នកនយោបាយក្បត់ជាតិ» បានបង្ហាញសារជាតិចុងក្រោយរបស់ខ្លួនតាមរយៈ នយោបាយញុះញង់បំផ្លាញជាតិ ដោយយកឈាម និងទឹកភ្នែកពលរដ្ឋខ្មែរធ្វើជាដើមទុន។

ល្បិចនយោបាយបំផ្លាញជាតិដែលទាយាទចុងក្រោយនៃ «ត្រកូលក្បត់ជាតិ៣ជំនាន់» តែងប្រើអស់រយៈពេលជាងពីរទសវត្សរ៍មកហើយនោះ បានបង្ហាញរូបរាងម្តងទៀតនៅពេលនេះ។ ទាយាទចុងក្រោយនេះ បាននិងកំពុងឆ្លៀតឱកាសដែលប្រទេសជាតិ និងប្រជាជនខ្មែរ កំពុងជួបការលំបាក ដោយសារជំងឺកូវីដ១៩ ដើម្បីញុះញង់ឲ្យពលរដ្ឋងើបឡើងប្រឆាំងនឹងរដ្ឋាភិបាល ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ដូចដែលយើងបានដឹងទាំងអស់គ្នារួចហើយ កាលពីប្រទេសកម្ពុជា នៅមានអ្នកឆ្លងតិចតួច «ទាយាទត្រកូលក្បត់ជាតិបីជំនាន់» រូបនេះ បានឃោសនាបំភាន់ខ្មែរថា ជនជាតិខ្មែរ «មានហ្សែន ពូជខ្មែរអង្គរ» ដែលមិនឆ្លងជំងឺ កូវីដ-១៩ ទេ។ ដល់ពេលពលរដ្ឋខ្មែរចាប់ផ្តើមឆ្លងកាន់តែច្រើន «ទាយាទត្រកូលបំផ្លាញជាតិ» ដដែលនេះបានឃោសនាបំភាន់ថា កម្ពុជាគ្មានកូវីដពិតប្រាកដនោះទេ តែជា «កូវីដនយោបាយ»។

គោលដៅសំខាន់បំផុតរបស់ពួកគេ គឺកុំឲ្យពលរដ្ឋជឿថាមាន រោគរាតត្បាតកូវីដ១៩ បើទោះបីជាក្នុងប្រទេសដែលជននេះកំពុងរស់នៅ និងប្រទេសដែលខ្លួន ចាត់ទុកជាចៅហ្វាយនាយ មានឆ្លងរាប់សិបលាននាក់ និងស្លាប់រាប់សែននាក់គរជើងលើគ្នាក៏ដោយ។ អ្វីដែលទាយាទ ចុងក្រោយនេះចង់បានគឺ ធ្វើយ៉ាងម៉េចដើម្បីឲ្យពលរដ្ឋខ្មែរឆ្លង និងស្លាប់កាន់តែច្រើន គឺកាន់តែល្អសម្រាប់ពួកគេ។ នៅពេលដែលរដ្ឋាភិបាលលោក ហ៊ុន សែនផ្តើមស្វះស្វែងរកវ៉ាក់សាំងដើម្បីចាក់ការពារប្រជាពលរដ្ឋ ពួកគេនិយាយចំអកថា មិនទាន់ដល់ពេលដែលត្រូវនិយាយ អំពី វ៉ាក់សាំងទេ។

ពេលវ៉ាក់សាំងមកដល់ ពួកគេឃោសនារារាំងមិនឲ្យខ្មែរទៅទទួល វ៉ាក់សាំងដោយប្រឌិត ព័ត៌មានថា វ៉ាក់សាំងចិនយកមកសម្លាប់ខ្មែរ។ ប៉ុន្តែ នៅទីបំផុត នយោបាយ «បាយ បិណ្ឌជាបាយបាត្រ» បានជំរុញឲ្យទាយាទត្រកូលក្បត់ជាតិនេះបែរមកទទួលស្គាល់ វ៉ាក់សាំងចិនហើយអំពាវនាវឲ្យពលរដ្ឋខ្មែរទៅទទួលវ៉ាក់សាំងដោយបង្កប់ល្បិចពិសពុលបង្ក ចលាចលសង្គម។ ប៉ុន្តែ គ្រប់ស្នៀត គ្រប់ល្បិចកលរបស់ «ទាយាទត្រកូលក្បត់ជាតិ» ត្រូវបានបំបាក់ទាំងស្រុងដោយស្នាដៃលោក ហ៊ុន សែន។ ឥឡូវនេះ ស្រាប់តែបញ្ចេញស្នៀត ដដែលមកម្តងទៀតគឺជាស្នៀតដែលធ្លាប់ទទួលការបរាជ័យរាប់មិនអស់។ នោះគឺការ អំពាវនាវឲ្យប្រជាពលរដ្ឋងើបបះបោរប្រឆាំងរដ្ឋាភិបាល លោក ហ៊ុន សែន ដោយយកហេតុផលគួរឱ្យ អស់សំណើចថា វិធានការដើម្បីបង្ការកុំឲ្យពលរដ្ឋខ្មែរឆ្លងកូវីដ១៩ គឺជាទារុណកម្មដែលធ្វើទៅលើប្រជាពលរដ្ឋ។ សំណួរសួរថា តើនៅក្នុងប្រទេសដែលបុគ្គលនេះកំពុងជ្រកកោន មាន វិធានការបែបនេះឬទេ? មានមនុស្សឆ្លង និងស្លាប់ឬទេ? ចម្លើយឆ្លើយថាមាន ហើយមានច្រើន និងធ្ងន់ធ្ងរជាងកម្ពុជាឆ្ងាយណាស់។

ដូច្នេះ បើសិនជាចង់យកបញ្ហាកូវីដ នៅកម្ពុជាធ្វើជាកម្មវត្ថុនៃការស្តីបន្ទោសលើ មេដឹកនាំប្រទេស ទាយាទចុងក្រោយនៃត្រកូលក្បត់ជាតិ ប្រហែលជាយល់ច្រឡំហើយ។ ហើយអ្វីដែល ជននេះ និងក្រុមបរិវាលើកឡើងវាទំនងជាឡងទៅត្រូវចៅហ្វាយនាយបរទេសរបស់ខ្លួន ឬប្រទេសដែលខ្លួនកំពុងរស់នៅច្រើនជាងពីព្រោះស្ថានភាព នៅទីនោះ ពិតជាធ្ងន់ធ្ងរជាងកម្ពុជា ឆ្ងាយខ្លាំងណាស់។ ដោយហេតុតែចង់ ចាប់កំហុសលោក ហ៊ុន សែន ពេក ជននេះក៏វង្វេងភ្លេច គិតថា ចៅហ្វាយខ្លួនឯងបាន និងកំពុងតែវ័ណ្ឌកជាងកម្ពុជាទៅទៀត ហើយការ បន្ទោសកម្ពុជាថាគ្មានសមត្ថភាពគ្រប់គ្រងកូវីដ១៩ គឺមានន័យ ស្មើនឹងការទះកំភ្លៀងចៅហ្វាយនាយរបស់ខ្លួនយ៉ាងពេញទំហឹង។ នេះហើយជាអ្វីដែលគេហៅថា «នយោបាយបាចអង្កាម បញ្ច្រាសខ្យល់»។

តើមានអ្នកនយោបាយណានៅលើភពផែន ដីនេះដែលចង់ឃើញ ប្រទេសជាតិនិង ប្រជាពលរដ្ឋរបស់ខ្លួនរងគ្រោះព្រោះតែដើម្បីកេងចំណេញ នយោបាយដូចក្រុមអ្នកនយោបាយ «ត្រកូលក្បត់ជាតិបីជំនាន់»នេះដែរឬទេ? គឺប្រាកដជាគ្មានទេ។ ដូច្នេះ ដោយសារតែអំពើអាក្រក់របស់ខ្លួន វាសនា«ត្រកូលនយោបាយក្បត់ជាតិ» ត្រូវបានចារ មកថាត្រូវបិទបញ្ចប់ត្រឹមនេះ ពីព្រោះ ប្រជាពលរដ្ឋខ្មែរបានកត់ត្រា និងចងចាំយ៉ាងច្បាស់ថា «ត្រកូលនយោបាយក្បត់ជាតិ» រូបនេះពុំបានធ្វើអ្វីសូម្បីតែបន្តិចបន្តួចឡើយ ដើម្បីជួយពលរដ្ឋខ្មែរក្នុងគ្រាដ៏លំបាក នៃដំណើរការប្រយុទ្ធប្រឆាំងនឹងកូវិដ១៩ ក្រៅតែពីការបំពុល និងញុះញង់អោយមាន អំពើហិង្សាដើម្បីបម្រើមហិច្ឆតានយោបាយ និងគំនុំសងសឹករបស់ខ្លួនតែប៉ុណ្ណោះ។

ប្រជាពលរដ្ឋខ្មែរក៏ពិតជា បានដឹងនិងយល់ ច្បាស់ណាស់ថា តើនរណាដែលបាននិងកំពុងឈរជើងយ៉ាងរឹងមាំក្នុង សមរភូមិប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ ដើម្បីការពារសេចក្តី សុខសាន្តរបស់ពលរដ្ឋខ្មែរចេញពីការយាយីនៃជំងឺឆ្លងដ៏កាចសាហាវផង និងពីការយាយីរបស់ «ទាយាទ នៃត្រកូលនយោបាយក្បត់ជាតិ» ផង។

សរុបមកវីញ សំឡេងអំពាវនាវរបស់ «ទាយាទនយោបាយ ត្រកូលក្បត់ជាតិ» រូបនេះ ដែលចង់ឲ្យពលរដ្ឋ និងកម្លាំងប្រដាប់អាវុធងើបបះបោរប្រឆាំងនឹងរដ្ឋាភិបាល ធ្លាប់បានធ្វើច្រើនលើក មកហើយៗលើក នេះក៏គ្មានអ្វីចម្លែកអាចទាក់ទាញការចាប់ អារម្មណ៍របស់ពលរដ្ឋខ្មែរនោះឡើយព្រោះវាគ្រាន់តែជាសំឡេងបំផុសញុះញង់ដែលគេធ្លាប់លឺឡើងសង្កៀរត្រចៀកទៅ ហើយៗនេះគឺដូចទៅនឹងអ្វីដែល ហោរាសាស្ត្រថៃបានទស្សន៍ទាយបញ្ជាក់ រួចហើយថា «ទាយាទ នយោបាយត្រកូល ក្បត់ជាតិ» រូបនេះនៅសល់តែវិធីម៉្យាងគត់គឺ «បោះទូកបោះសេះឱ្យសត្រូវស៊ីដើម្បីការពារខ្លួនតែប៉ុណ្ណោះ» ពោលគឺការរុញឱ្យប្រជាជនងើបបះបោរ ប្រើអំពើហិង្សា និងបំពានច្បាប់ដើម្បី ឱ្យមានការប៉ះទង្គិចបង្ហូរឈាមដើម្បីជួយ សង្គ្រោះជីវិតនយោបាយនៃត្រកូលក្បត់ជាតិ៣ជំនាន់នេះតែប៉ុណ្ណោះ»៕
ដោយ៖ អ្នកនយោបាយ តុកាហ្វេ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner