ក្នុងឆ្នាំ២០២១នេះ ទីផ្សារក្រពើនៅកម្ពុជាធ្លាក់ចុះខ្លាំង ដោយសារតែគ្មានតម្រូវការពីក្រៅប្រទេស (មានវីដេអូ)

សៀមរាប៖ ទីផ្សារក្រពើនៅឆ្នាំ២០២១នេះ អាចនឹងធ្លាក់ដុនដាបជាងឆ្នាំមុនទៅទៀត ព្រោះមកដល់ពេលនេះ គឺមិនមានព័ត៌មានពីការប្រមូលទិញកូនក្រពើទើបញាស់នោះទេ ខណៈដែលរដូវកាលកូនក្រពើចាប់ផ្តើមញាស់ចូលមកដល់ នេះបើតាមការបញ្ជាក់របស់ក្រុមអ្នកចិញ្ចឹមក្រពើនៅក្នុងខេត្តសៀមរាប ។
ជាធម្មតាក្រពើមេតែងពងចាប់ពីខែកុម្ភៈ ដល់ខែឧសភា និងចាប់ផ្តើមញាស់កូន នៅក្នុងអំឡុងដើមខែមេសា រហូតដល់ខែកក្កដារៀងរាល់ឆ្នាំ ។ ដោយសារនៅកម្ពុជាមិនមានកន្លែងចិញ្ចឹម និងកន្លែងកែច្នៃស្បែកក្រពើលក្ខណៈស្តង់ដាច្បាស់លាស់នោះ ការចិញ្ចឹមក្រពើនៅកម្ពុជា គឺដើម្បីយកកូនលក់ឱ្យឈ្មួញប្រមូលទិញយកទៅចិញ្ចឹមបន្តនៅវៀតណាមតែប៉ុណ្ណោះ ។ បើតាមសមាជិកសមាគមអ្នកចិញ្ចឹមក្រពើខេត្តសៀមរាបបានអោយដឹងថា ខណៈបច្ចុប្បន្នក្រពើមិនមានទីផ្សារ ហើយការដឹកជញ្ជូនឆ្លងកាត់ព្រំដែនមានឧបសគ្គច្រើន ដោយ សារវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩នោះ លោកមិនរំពឹងថា ទីផ្សារកូនក្រពើឆ្នាំនេះល្អប្រសើរជាងឆ្នាំមុនឡើយ ។ លោកបន្តថា បើមើលតាមស្ថានភាពនោះ ទីផ្សារកូនក្រពើឆ្នាំនេះ នឹងធ្លាក់ចុះខ្លាំង ព្រោះសូម្បីក្រពើពូជដែលមានអាយុពី២០ទៅ៣០ឆ្នាំកាលពីមុនមានតម្លៃជាង១ពាន់ដុល្លារ តែពេលនេះសូម្បីលក់ក្នុងតម្លៃ១រយដុល្លារក៏គ្មានអ្នកទិញដែរ ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានមានប្រសាសន៍អោយដឹងថា ក្រសួងមិនដែលព្រងើយកន្តើយនៅក្នុងការស្វែងរកទីផ្សារអន្តរជាតិ ដើម្បីនាំចេញសត្វក្រពើដោយផ្ទាល់ពីកម្ពុជាទេ ប៉ុន្តែបញ្ហានៅត្រង់ផលិតផលនេះមិនសូវមានការបញ្ជាទិញ ។ ឯកឧត្តមបន្តថា ការធ្លាក់ចុះតម្លៃ និងគ្មានទីផ្សារអាចបណ្តាលមកភាពស្ងប់ស្ងាត់នៅទីផ្សារអន្តរជាតិ គុណភាពស្បែកក្រពើកម្ពុជាមិនត្រូវតាមស្តង់ដា និងការចិញ្ចឹមក្រពើមានច្រើននៅស្ទើរគ្រប់ប្រទេសក្នុងពិភពលោក ។ ឯកឧត្តមបន្ថែមថា តម្លៃក្រពើនៅកម្ពុជាគឺអាស្រ័យលើទីផ្សារអន្តរជាតិ ហេតុនេះបើមិនមានការបញ្ជាទិញពីអន្តរជាតិ តម្លៃក៏ធ្លាក់ចុះទៅតាមនោះដែរ ។ យោងតាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា គិតត្រឹមចុងឆ្នាំ២០២០កន្លងទៅនេះ ការចិញ្ចឹមក្រពើនៅកម្ពុជាមានចំនួន៣១ម៉ឺន៣ពាន់១រយក្បាល ធ្លាក់ចុះពីចំនួន៤២ម៉ឺន១ពាន់៨១១ក្បាលក្នុងឆ្នាំ២០១៩ ៕ ប្រភព៖ ភ្នំពេញប៉ុស្តិ៍

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner