អត្តពលិកកីឡាហែលទឹក ទទួលបានសិទ្ធអនុគ្រោះ ពី FINA ចូលរួមការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ

សហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ បានផ្ដល់សិទ្ធអនុគ្រោះ ( Wild Card ) ដើម្បីចូលរួមការប្រកួតកីឡាអូឡាំពិក នៅទីក្រុងតូក្យូ ប្រទេសជប៉ុន នាឆ្នាំ២០២១នេះ នេះបើតាមការបញ្ជាក់ពីអគ្គលេខាធិការសហព័ន្ធខ្មែរកីឡាហែលទឹក លោក ហែម គីរី នាព្រឹកនេះ ។


លោក ហែម គីរី បន្ថែមថា ការផ្ដល់សិទ្ធអនុគ្រោះ សម្រាប់អត្តពលិក១រូប និងគ្រូមួយរូបនេះ សហព័ន្ធមិនទាន់បញ្ជាក់ថា ជាកីឡាករឬកីឡាការិនីរូបណានោះទេ ត្រូវរងចាំពិនិត្យមើលការធ្វើតេស្ត និងការហ្វឹកហាត់អោយបានត្រឹមត្រូវ ដើម្បីចូលរួមប្រកួតប្រជែង ក្នុងនាមព្រះរាជាណាចក្រកម្ពុជា នៅព្រឹត្តការណ៍កម្រិតពិភពលោក ជារៀងរាល់៤ឆ្នាំម្តង ដែលមានអត្តពលិកខ្លាំងៗមកបណ្តាទ្វីបនានាចូលរួម ។

លោក អគ្គលេខាធិការ បន្តថា សិទ្ធអនុគ្រោះនេះ គឺសហព័ន្ធកីឡាហែលទឹកអន្តរជាតិ អនុញ្ញាតឲ្យលេងវិញ្ញាសាតែប៉ុណ្ណោះ គឺវិញ្ញាសាហែលចម្ងាយ៥០ម៉ែត្ររបៀបសេរី ប៉ុន្តែមានករណីពិសេសមួយទៀត ប្រសិនការប្រកួតជម្រុះឈ្នះនោះ FINA អនុញ្ញាតិអោយអត្តពលិកមានសិទ្ធជ្រើសរើសវិញ្ញាសា ផ្សេងមួយទៀតបាន ។

ពាក់ព័ន្ធនឹងសិទ្ធអនុគ្រោះ លោក ហែម គីរី ពន្យល់ថា សហព័ន្ធនឹងពិនិត្យមើល ពីសមត្ថភាពរបស់កីឡាករ កីឡាការិនី រូបណាដែលមានទេពកោសល្យ និងមានសមត្ថភាពគ្រប់គ្រាន់ សម្រាប់វិញ្ញាសា៥០ម៉ែត្ររបៀបសេរីនេះ ដោយត្រូវតែឆ្លងកាត់ការធ្វើតេស្តអោយបានត្រឹមត្រូវ មានតម្លាភាព និងយុត្តិធម៌ ។ ប៉ុន្តែបរិបទនេះ បានធ្វើអោយសហព័ន្ធមានភាពស្មុគស្មាញខ្លាំង ក្នុងការស្វែងរកកីឡាករ កីឡាករិនីមានសក្តានុពល ដោយសារតែបញ្ហាកូវីដ-១៩ បានធ្វើអោយការហ្វឹកហាត់ ជួបការលំបាកខ្លាំង ដូចជា មិនមានការប្រមូលផ្តុំត្រូវ តែតម្រូវអោយហ្វឹកហាត់ជាឯកត្តជនវិញ ដូច្នេះហើយអត្តពលិកទាំងអស់រក្សាបានតែកម្លាំង ឯសិទ្ធផលមិនមានការកើមឡើងនោះទេ ។ តែទោះបីជាយ៉ាងណាសហព័ន្ធបានធ្វើកំណត់ថាកីឡាករ ឬកីឡាការិនីរូបណារួចទៅហើយ តែក៏ស្ថិតលើការពិនិត្យមើលម្តងទៀត ពីការប្រឹងប្រែងរបស់ពួកគាត់ ។ ហើយចំពោះបេក្ខភាពដែលចូលរួមកីឡាអូឡាំពិក នៅទីក្រុងតូក្យូ នឹងត្រូវប្រកាសនាខែក្រោយនេះ មុននឹងត្រូវចេញនាចុងខែកក្កដា ឬដើមខែសីហាខាងមុខនេះ ។


សូមបញ្ជាក់ថា សិទ្ធអនុគ្រោះ ដែលសហព័ន្ធកីឡាហែលទឹកអន្តរជាតិ (FINA) និងគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ផ្តល់សហព័ន្ធខ្មែរកីឡាហែលទឹក ចំនួន៦លើកហើយ គិតចាប់តាំងពីឆ្នាំ១៩៩៦ មកដល់ឆ្នាំ២០២១ នាទីក្រុងតួក្យូ ប្រទេសជប៉ុន ៕

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner