មនុស្សលេខរៀងទី២លាន ចាក់វ៉ាក់សាំង ទទួលបានការឧបត្ថម្ភ១០លានរៀល (Video Inside)

រាជរដ្ឋាភិបាលកម្ពុជាបានលើកទឹកចិត្តមនុស្សដែលទទួលវ៉ាក់សាំងបង្កាកូវីដ១៩ណាដែលស្ថិតចំលេខទី១លាន, ទី២លាន និងរំពឹងដល់លេខទី៣លាននិងទី៤លានជាបន្តបន្ទាប់ថែមទៀត។ កម្ពុជាមានគំរោងចាក់លើពលរដ្ឋចំនួនយ៉ាងហោច១០លាននាក់ ដែលរំពឹងប្រើប្រាស់វ៉ាក់សាំងច្រើនជាង២០លានដូស។

សេចក្តីរាយការណ៍ថ្ងៃនេះ បានឲ្យដឹងថាមនុស្សដែលចំលេខរៀង ទី២លាន គឺជាស្ត្រី ឈ្មោះ ទិត ចិន្តា អាយុ២៣ឆ្នាំ ដែលជាកម្មការីនីរោងចក្រ។ នាង ទិត ចិន្តា បានទទួលរង្វាន់លើកទឹកចិត្តជាប្រាក់ឧបត្ថម្ភ១០លាន រៀលពីប្រមុខរាជរដ្ឋាភិបាល។

សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់នៅថ្ងៃទី១៤ឧសភានេះ ជុំវិញការផ្តល់ប្រាក់ឧបត្ថម្ភដល់មនុស្ស ទទួលវ៉ាក់សាំងលេខរៀងទី២លាននោះ តាមរយៈការសរសេរក្នុងបណ្តាញសង្គមហ្វេសប៊ុកជាផ្លូវការ។ សម្ដេច តេជោ បានសរសេរថា ក្នុងយុទ្ទសាស្ត្រពន្លត់ភ្លើងល្អជាងអង្គុយបក់ផ្សែង គឺគ្មានជម្រើសណាអោយល្អជាងការ ខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាជនយើងនោះទេ។

សម្តេចនាយករដ្ឋមន្ត្រី បានសរសេរទៀតថា ការចាក់វ៉ាក់ សាំងដែលកំពុងប្រព្រឹត្តទៅនាពេលនេះ បាននិងកំពុងអនុវត្តយុទ្ធសាស្ត្រ«ផ្ការីក» គឺចាក់ពីក្នុងចេញក្រៅ ដោយ ការចាក់នៅរាជធានីភ្នំពេញដែលមានមនុស្សរស់នៅកុះករជាមុន បន្ទាប់ទៅនឹងចេញទៅបណ្តាខេត្តទៅតាម លំដាប់អាទិភាព។

កម្ពុជាបានចាប់ផ្តើមចាក់វ៉ាក់សាំងនៃម្ជុលលើកដំបូងតាំងពីថ្ងៃទី៨កុម្ភៈ ដែលម្ជុលចាក់លើកដំបូងនៃវ៉ាក់សាំងស៊ីណូហ្វាម គឺបានចាក់លើកូនប្រុសច្បងសម្តេចនាយករដ្ឋមន្ត្រី លោកហ៊ុនម៉ាណែត។ នៅថ្ងៃទី១១មេសាឆ្នាំ២០២១ មនុស្សទីមួយលានដែលទទួលការចាក់វ៉ាក់សាំងនិងបានទទួលការឧបត្ថម្ភលើកទឹកចិត្ត៥លានរៀលលើកដំបូង គឺជាបុរសអាយុ៣៦ឆ្នាំ ឈ្មោះ ប៉ាន់ សុវណ្ណរិទ្ធិ ដែលជាអ្នកលក់ដូរក្នុងរាជធានីភ្នំពេញ និងមនុស្សទី២លាន ដែល ទទួលបានប្រាក់ឧបត្ថម្ភ១០លានរៀល គឺស្ត្រីកម្មការីនីរោងចក្រ ទិតចិន្តា។

https://www.youtube.com/watch?v=GmNkXlt2ofg
ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner