ឯកឧត្តម រដ្ឋមន្ត្រី ថោង ខុន៖ ក្នុងឱកាសពិធីចម្រើនព្រះជន្ម ព្រះមហាក្សត្រ ចាប់ពីថ្ងៃ១៤-១៦ ខែឧសភា កម្ពុជាទទួលបានទេសចរសរុបជិត ៥ម៉ឺននាក់
ភ្នំពេញ៖ ឯកឧត្តម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ ថា ក្នុងឱកាសពិធីចម្រើនព្រះជន្ម ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងថ្ងៃចុងសប្តាហ៍ទីពីរនៃខែឧសភា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ ខែឧសភា ឆ្នាំ២០២១ នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុបជិត៥ម៉ឺននាក់។
ឯកឧត្តម បានថ្លែងថា ភ្ញៀវសរុបមានចំនួន ៤៩,៩៣០ នាក់ ក្នុងនោះភ្ញៀវជាតិ ៤៩,៣៦៤ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៥៦៦ នាក់ គឺមានការកើនឡើងប្រមាណ ១៥៣.៣% ធៀបនឹងសប្តាហ៍មុន និងកើនឡើងប្រមាណ ៤៥៧,២៥% បើសិនធៀបនឹងសប្តាហ៍ដំបូង ដែលរាជរដ្ឋាភិបាលបានបិទបញ្ចប់ការបិទរមណីយដ្ឋានទូទាំងប្រទេស។ ប៉ុន្តែក៏នៅទាបជាងសភាពការណ៏មុន ២០ កុម្ភៈ ប្រមាណ ៨០% នៅឡើយ (ដែលភ្ញៀវទេសចរផ្ទៃក្នុងមានចំនួនជាមធ្យមប្រមាណ ២០-២៥ ម៉ឺននាក់ នាចុងសប្តាហ៍)។
គោលដៅទេសចរណ៍សំខាន់ៗដែលមានសកម្មភាពទេចរច្រើនជាងគេ រួមមាន៖
- ខេត្តកំពត ១០,៩៤២ នាក់
- ខេត្តបាត់ដំបង ៧,៧១០ នាក់
- ខេត្តកំពង់ស្ពឺ ៥,៩១៣នាក់
- ខេត្តសៀមរាប ៤,៧៤២ នាក់
- ខេត្តកែប ៤,៣០៤នាក់
- ខេត្តកំពង់ចាម ៣,០៩៥នាក់
- ខេត្តព្រះវិហារ ២,០០៣នាក់
- ខេត្តព្រះសីហនុ ១,៩៨៤នាក់។
ឯកឧត្តម រដ្ឋមន្ត្រីបានបន្តថា ប្រជាពលរដ្ឋទេសចរក្នុងស្រុក ពិសេសពីរាជធានីភ្នំពេញ និងខេត្តជុំវិញ បានធ្វើដំណើរទៅកំសាន្តបណ្តើរ ដែលខុសពីរយៈពេល ២ សប្តាហ៍កន្លងមក ភាគច្រើនគឺជាភ្ញៀវក្នុងខេត្តផ្ទាល់។ បណ្តាខេត្តដែលមានអត្រាទាបនៃការឆ្លងជំងឺកូវីដ-១៩ ភ្ញៀវទេសចរក្នុងខេត្តក៏បានដើរកម្សាន្តកាន់តែច្រើននៅតាមរមណីយដ្ឋាននានាក្នុងខេត្តខ្លួនផ្ទាល់ ប៉ុន្តែភាគច្រើន គឺជាភ្ញៀវទេសចរដែលទៅកម្សាន្តជាលក្ខណៈក្រុមគ្រួសារ និងការជួបជុំជាក្រុមតូចក្នុងចំណោមមិត្តភ័ក្ត ពិសេសក្រុមយុវជន ដែលបានជ្រើសការធ្វើដំណើរ ទៅកាន់តំបន់អេកូទេសចរណ៍ និងតំបន់ទេសចរណ៍ផ្សេងព្រេង ដែលជាកន្លែងមានភាពងាយស្រួលក្នុងការរក្សាគម្លាតសុវត្ថិភាព។
ក្រុមហ៊ុនទេសចរណ៍មួយចំនួនក៏បាននិងកំពុងរៀបចំកញ្ចប់ទស្សនកិច្ច ដើម្បីនាំភ្ញៀវទេសចរផ្ទៃក្នុងទៅកាន់គោលដៅទេសចរណ៍នៅតាមបណ្តាខេត្តដែលមានអត្រាឆ្លងទាបនៃជំងឺកូវីដ-១៩ផងដែរ។
ម្ចាស់រមណីយដ្ឋានទេសចរណ៍មួយចំនួន ក៏បាននិងកំពុងរៀបចំបើកដំណើរការជាបណ្តើរៗឡើងវិញ ដោយបានអនុវត្តយ៉ាងម៉ត់ចត់តាមវិធានការ «៣ កុំ» និង «៣ ការពារ» រួមជាមួយវិធានសុវត្ថិភាពទេសចរណ៍ក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩ និងវិធានការរដ្ឋបាលដោយឡែករបស់រាជធានី-ខេត្តនីមួយៗ ដូចជា ការបន្តហាមឃាត់ការលក់គ្រឿងស្រវឹង និងការហាមឃាត់ការជួបជុំមនុស្សអ៊ូអរជាដើម៕