ក្រុមហ៊ុន ជីប ម៉ុង ឧបត្ថម្ភថវិកា ១លានដុល្លារអាមេរិក ជូនកាកបាទក្រហមកម្ពុជា សម្រាប់ជួយសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាព នៅស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់

នៅទីស្នាក់ការកណ្តាល ថ្ងៃទី២៧ឧសភា ឆ្នាំ២០២១ កាកបាទក្រហមកម្ពុជា បានទទួលជួបសវនការ និងទទួលអំណោយជាថវិកាចំនួន១លានដុល្លារអាមេរិក ពីក្រុមហ៊ុន ជីប ម៉ុង ដែលដឹកនាំដោយ លោកស្រីអ្នកឧកញ៉ា ភាព ហៀក ស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង ដើម្បីចូលរួមចំណែកជួយសាងសង់ផ្ទះចំនួន៦២៨ខ្នង ជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាពចំនួន៦២៨គ្រួសារ នៅចំណុចដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។ ថវិកានោះ គឺជាថវិកាបន្ថែមពីលើថវិកាចំនួន២០ម៉ឺនដុល្លារអាមេរិក របស់ ក្រុមហ៊ុន ខ្មែរប៊ែវើរីជីស (ស្រាបៀរកម្ពុជា) ដែលបានឧបត្ថម្ភកាលពីថ្ងៃទី១៧ឧសភាឆ្នាំ២០២១កន្លងទៅ។

ក្នុងឱកាសនោះ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា ក្នុងនាមកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះទឹកចិត្តសប្បុរសធម៌របស់ ក្រុមហ៊ុន ជីប ម៉ុង ដែលមាន លោកស្រីអ្នកឧកញ៉ា ភាព ហៀក ជាស្ថាបនិក ដែលតែងតែចូលរួមឧបត្ថម្ភគាំទ្រដល់កាកបាទក្រហមកម្ពុជា ជាបន្តបន្ទាប់ចំនួន ៣៨លើក គិតចាប់តាំងពីឆ្នាំ ២០០១រៀងមក។

ទន្ទឹមនឹងនោះ លោកស្រី បានគូសបញ្ជាក់ថា កាកបាទក្រហមកម្ពុជា នឹងផ្តល់ថវិកាតាមរយៈសមាគមអតីតយុទ្ធជនកម្ពុជា សម្រាប់ការសាងសង់ផ្ទះជូនអតីតយុទ្ធជនក្រីក្រ និងអតីតយុទ្ធជនមានពិការភាពទាំង ៦២៨គ្រួសារ នៅខេត្តពោធិ៍សាត់ ឱ្យបានគ្រប់ចំនួន ដោយមិនឱ្យខ្វះមួយគ្រួសារណាឡើយ។ ការផ្តល់ថវិកាសម្រាប់ការសាងសង់ផ្ទះនោះ គឺជាការគិតគូររបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដោយសារតែ សម្តេច ធ្លាប់បានឆ្លងកាត់ភ្លើងសង្គ្រាម និងមានប្រវត្តិតស៊ូជាច្រើនរាប់មិនអស់ ជាមួយសម្តេចតេជោ ហ៊ុនសែន ក៏ដូចជាឥស្សរជនជាន់ខ្ពស់ដទៃទៀត ជាពិសេសបងប្អូនអតីតយុទ្ធជនដែលមានគុណបំណាច់ដ៏ធំធេងចំពោះបុព្វហេតុជាតិមាតុភូមិ ធ្វើឱ្យប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដូចសព្វថ្ងៃនេះ។

ជាកិច្ចឆ្លើយតប គណៈប្រតិភូក្រុមហ៊ុន ជីប ម៉ុង បានថ្លែងអំណរគុណចំពោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានអនុញ្ញាតឱ្យក្រុមហ៊ុន បានចូលរួមចំណែកការងារមនុស្សធម៌ជាមួយកាកបាទក្រហមកម្ពុជា ដែលជាសមាគមជាតិតែងតែធ្វើសកម្មភាពមនុស្សធម៌យ៉ាងសកម្មជួយដល់ប្រជាពលរដ្ឋងាយរងគ្រោះបំផុតយ៉ាងពិតប្រាកដ និងបានកសាងនូវភាពជឿជាក់ពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន។

សូមបញ្ជាក់ថា ផ្ទះនីមួយៗ ដែលគ្រោងនឹងសាងសង់នោះ មានទំហំ៥ម៉ែត្រ X ៧ម៉ែត្រ, គ្រឿងបង្គុំធ្វើពីដែក, សសរចាក់ស៊ីម៉ង់តិ៍, ជញ្ជាំងស្មាតបត, ដំបូលស័ង្កសី និងតតាកខាងក្រោយផ្ទះធ្វើជាចង្ក្រានបាយ ដែលចំណាយថវិកាតម្លៃ ៣ពាន់៥០០ដុល្លារអាមេរិកក្នុងមួយខ្នង។ ដោយឡែក បង្គន់អនាម័យដាច់ដោយឡែកមួយទៀត មានតម្លៃ ២៧០ដុល្លារអាមេរិកថែមទៀត៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner