ទីបំផុត! ក្រុមហ៊ុន Amazon ចាយប្រាក់៨.៤៥ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុនស្ទូឌីយោផលិតភាពយន្ត MGM ជាផ្លូវការ (មានវីដេអូ)
អាមេរិក៖ ទីបំផុត ក្រុមហ៊ុន អាម៉ាហ្សូន បានសម្រេចចំណាយប្រាក់រហូតដល់៨.៤៥ពាន់លានដុល្លារ ដើម្បីទិញយកក្រុមហ៊ុន MGM ដែលជាស្ទូឌីយោផលិតភាពយន្តដ៏ល្បីជាផ្លូវការ ហើយនេះជាការចំណាយដ៏ធំរបស់ក្រុមហ៊ុនលក់ទំនិញអនឡាញដ៏ធំមួយនេះ ដោយកាលពីឆ្នាំ២០១៧ ខ្លួនបានចំណាយប្រាក់១៣.៧ពាន់លានដុល្លារ ដើម្បីទិញក្រុមហ៊ុន ហូល ហ៊្វូដ(Whole Foods) ។
ទន្ទឹមនឹងការទិញយកជាផ្លូវការខាងលើនេះ ក្រុមហ៊ុន អាម៉ាហ្សូន សង្ឃឹមថា ខ្លួននឹងអាចទាក់ទាញអត្ថប្រយោជន៍ជាច្រើនពីខ្សែភាពយន្តរបស់ក្រុមហ៊ុន MGM និងកាតាឡុកខ្សែភាពយន្តធំៗចំនួន៤ពាន់ រួមទាំងកម្មវិធីទូរទស្សន៍ចំនួន១ម៉ឺន៧ពាន់ ដើម្បីជួយជំរុញផ្សព្វផ្សាយដល់កម្មវិធី អាម៉ាហ្សូន ស្ទូឌីយោ (Amazon Studio) ដែលជាផ្នែកខ្សែភាពយន្ត និងទូរទស្សន៍របស់ក្រុមហ៊ុនខ្លួន ។
សូមជម្រាបថា បច្ចុប្បន្ននេះឧស្សាហកម្មកម្សាន្តហាក់ដូចជាផ្ទុះឡើងនូវការប្រកួតប្រជែងគ្នា ក្នុងការផ្ដល់សេវាកម្មតាមប្រព័ន្ធអនឡាញ ដោយថ្មីៗនេះ ក្រុមហ៊ុន AT&T បានរួមបញ្ជូលគ្នានូវស្ទូឌីយោពីរគឺ វើនណឺ មីឌា (WarnerMedia) និង ឌីខោវើរី (Discovery) ដើម្បីពង្រីក និងពង្រឹងសេវាកម្មតាមអនឡាញ ខណៈដែល វ៉ដ ឌីស្នី (Walt Disney Co.’s) (Disney+) និង ណេតផ្លិច (Netflix) កំពុងតែជោគជ័យ និងកើបលុយយ៉ាងច្រើន ៕ ប្រភព៖ CNBC