ក្នុងត្រីមាសទី១ដើមឆ្នាំ២០២១នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន Xiaomi កើនឡើង៥៥ភាគរយ (មានវីដេអូ)
ចិន៖ ក្នុងត្រីមាសទី១ ឆ្នាំ២០២១នេះ ប្រាក់ចំណូលរបស់ក្រុមហ៊ុន ស៊ែវមី ខប (Xiaomi Corp) បានកើនឡើង៥៥ភាគរយ លើសពីការរំពឹងទុករបស់អ្នកវិភាគ ខណៈក្រុមហ៊ុនផលិតទូរស័ព្ទរបស់ចិនមួយនេះ បានដណ្តើមចំណែទីផ្សារពីក្រុមហ៊ុន ហូវៃ (Huawei) ។
កន្លងមកក្រុមអ្នកវិភាគបានរំពឹងថា ប្រាក់ចំណូលរបស់ក្រុមហ៊ុន ស៊ែវមី មានចំនួនត្រឹមតែ៧៤,៥ពាន់លានយ័នប៉ុណ្ណោ នេះបើតាមទិន្នន័យពីក្រុមហ៊ុនវិភាគទីផ្សារ រីហ្វីនីធីវ ។ តែជាក់ស្តែងប្រាក់ចំណូលរបស់ក្រុមហ៊ុននេះ បានកើនឡើងដល់៧៦,៨៨ពាន់លានយ័ន ឬស្មើនឹង១២ពាន់លានដុល្លារក្នុងត្រីមាសទី១ ដែលបានបញ្ចប់ត្រឹមថ្ងៃទី៣១ ខែមីនាដើមឆ្នាំ២០២១នេះ កើនឡើងពី៤៩,៧០ពាន់លានយ័ន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ។
ជាមួយគ្នានេះ ប្រាក់ចំណេញសុទ្ធរបស់ក្រុមហ៊ុន ស៊ែវមី បានកើនឡើង១៦៤ភាគរយ ដល់ទឹកប្រាក់ចំនួន៦,១ពាន់លានយ័ន បើធៀបនឹងការប៉ាន់ស្មានទីផ្សារមានត្រឹមតែ៣,៩៧ពាន់លានយ័ន ។ បើទោះបីជាកើនឡើងប្រាក់ចំណូលក៏ពិតមែន ក៏ក្រុមហ៊ុន ស៊ែវមី និងបណ្តាក្រុមហ៊ុនអេឡិចត្រូនិចដទៃទៀតនៅតែប្រឈមមុខនឹងឧបសគ្គ ដោយសារតែកង្វះខាតបន្ទះឈីបនៅទូទាំងសកលលោក ៕ ប្រភព៖ Reuters