រដ្ឋបាលក្រុងច្បារមន ប្រើវិធានការក្តៅលើអាជីវករ ដែលវិលមក​លក់​លើទីតាំងផ្សារមិនរៀបរយ

អត្ថបទដោយ៖
ជា សេឌី

រដ្ឋបាលក្រុងច្បារមន នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ បានដឹកនាំ លោក ហុក ម៉ារ៉ាឌី បានចុះរៀបចំសណ្តាប់ធ្នាប់ និងប្រើធម៌ក្តៅទៅលើក្រុមអ្នកលក់ដូរ ដែលបន្តលក់បំពាន និងសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្ត នៅចំនុចផ្សារមិនរៀបរយ ស្ថិតនៅរង្វង់មូលដើមលាភមុខផ្សារកំពង់ស្ពឺ ស្ថិតក្នុងភូមិពាណិជ្ជកម្ម សង្កាត់ស្វាយក្រវ៉ាន់ ។

លោក ហុក ម៉ារ៉ាឌី អភិបាលក្រុងច្បារមន បានប្រាប់អោយដឹងថា រដ្ឋបាលខេត្តក្រោមការគិតគូដ៏ម៉ដ្ឋចត់ របស់ឯកឧត្តម វ៉ី សំណាង ដើម្បីបានរៀបចំផ្សារសុវត្ថិភាពមួយកន្លែង ឱ្យបងប្អូនទៅលក់ដូរ ដោយផ្សារបានរៀបចំឱ្យមានផាសុខភាព អនាម័យ និងរៀបចំឱ្យមានគម្លាតសង្គម ដើម្បីធានាដល់សុវត្ថិភាពក្នុងការមិនឆ្លងជំងឺកូវីដ-១៩ ហើយអ្វីដែលកាន់តែពិសេសគឺមិនមានការយកថ្លៃតូប ឬថ្លៃកន្លែងលក់ដូរនោះទេ។

លោកបន្តថា ការរៀបចំផ្សារសុវត្ថិភាពនេះឡើង គឺដើម្បីតែបងប្អូនអាជីវករដែលតាំងលក់ដូរនៅចំនុចផ្សារមិនរៀបរយខាងលើនេះប៉ុណ្ណោះ ហើយក្រោយការរៀបចំរួចរាល់ គណៈកម្មការក៏បានធ្វើការបែងចែកទៅគ្រប់អាជីវកររួចហើយ ហើយអាជីវករដែលលក់ក្នុងចំនុចផ្សារមិនរៀបរយក៏បានទទួលយក និងបានចេញមកលក់អស់ហើយដែរ ។ តែនៅប៉ុន្មានថ្ងៃចុងក្រោយនេះ អាជីវករមួយចំនួនតូចក៏បានវិលមកលក់នៅចំនុចផ្សារមិនរៀបរយឡើងវិញ ដែលធ្វើឱ្យបាត់បង់សោភ័ណភាព និងបង្ករការកកស្ទះឡើងវិញ ហើយពិសេសបង្ករឱ្យមានការជួបជុំដែលងាយដល់ការចម្លងជំងឺកូវីដ-១៩។

លោកអភិបាលក្រុងបញ្ជាក់បន្ថែមថា ដើម្បីទប់ស្កាត់ដល់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និង        បញ្ជៀសដល់ការកកស្ទះ អាជ្ញាធរក្រុងចាំបាច់ ត្រូវប្រើវិធានការក្តៅទៅក្រុមអាជីវករទាំងនោះ ដោយមិនមានការយោគយល់ឡើយ ទោះបីបងប្អូនមានហេតុផលអ្វីក៏ដោយ ដែលវិធានការនេះគឺដើម្បីបងប្អូនទាំងអស់គ្នានិងដើម្បីយើងទាំងអស់គ្នាគ្មានឆ្លងជំងឺកូវីដ-១៩ ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner