ជារឿងចម្លែកណាស់បើកម្ពុជាមិនលម្អៀងទៅចិន!

អត្ថបទដោយ៖
ហេង វណ្ណា

ដោយ៖ លោក ប៉ាង រតនា (មន្រ្តីស្រាវជ្រាវនៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា)

“បើខ្ញុំមិនពឹងចិន តើឱ្យខ្ញុំពឹងនរណា?”ជាឃ្លាប្រយោគដែលបានចាក់ដោតនៅក្នុងបេះដូងរបស់ប្រជាជនកម្ពុជាឱ្យរំភើប និងភ្ញាក់គំនិតគិតសារជាថ្មី ចំពោះបេះដូងមហាសមុទ្ររបស់សម្ដេចតេជោ ហ៊ុន សែនដែលបានប្រឹងប្រែងគិតគូរយកចិត្តទុកដាក់ដល់វាសនារបស់ប្រជាជនកម្ពុជាក៏ដូចជាអនាគតរបស់ប្រទេសជាតិ។ នេះជាការឆ្លើយតបទៅនឹងភាពមន្ទិលនិងការរិះគន់ដែលថា កម្ពុជាលម្អៀងឬពឹងពាក់ខ្លាំងទៅខាងចិន។

ដោយមិនបាច់គិតទៅដល់ផលប្រយោជន៍ទៅវិញទៅមកនៃនយោបាយ ការទូតឬសេដ្ឋកិច្ច … បើយើងងាកមកគិតផ្អែកតាមចិត្តសាស្រ្តវិញ នោះមិនមានអ្វីគួរឱ្យឆ្ងល់នោះទេ គឺថាអ្នកណាល្អនឹងយើង រាប់អានយើង ជួយជ្រោមជ្រែងយើង … ក្នុងឱកាសដែលយើងកំពុងតែលំបាកលំបិនត្រូវការអ្នកចាប់ដៃងើបឈរឡើង គឺច្បាស់ណាស់ថាចិត្តរបស់យើងនឹងលំអៀង គោរពស្រឡាញ់អ្នកនោះដោយស្វ័យប្រវត្តិ នេះគឺជាទឹកចិត្តនិងមនោសញ្ចេតនារបស់បុគ្គលដ៏ប្រពៃប្រកបដោយសុទិដ្ឋិនិយម។ រូបមន្តនៃសេចក្ដីគោរពស្រឡាញ់ដ៏យូរអង្វែងគឺ ការឱ្យ និង ការទទួល ទៅវិញទៅមក។ ដូច្នេះការជួយជ្រោមជ្រែងផ្ដល់ជំនួយ​ផ្សេងៗលើគ្រប់វិស័យរបស់ចិន​មកឱ្យកម្ពុជាគឺជាការពិតដែលមិនអាចប្រកែកបាន ក្នុងការដែលកម្ពុជាត្រូវតែគោរពស្រឡាញ់រាប់អានចិនជាមិត្តដ៏ស្និទ្ធស្នាល ជាមិត្តដ៏យល់ចិត្ត ហើយឆ្លើយតបទៅវិញ​ដោយការគាំទ្រនូវគោលនយោបាយចិនតែមួយ​ឬនយោបាយឈ្នះឈ្នះរបស់មហាមិត្តចិន។ អ្វីដែលជាក្រឹតក្រមសត្យានុម័តនៃការសម្រេចចិត្តរឹតបន្តឹងចំណងមិត្តភាពដោយការទៅពឹងពាក់ចិននោះគឺ សម្ដេចបញ្ជាក់ថា“អ្នកណាហុចដៃមកគឺយើងខ្ញុំទទួលអ្នកផ្តល់ឱ្យយើងខ្ញុំ ខ្ញុំទទួល” អ្នកដែលឱ្យដ៏ពិតប្រាកដ ឱ្យដ៏ច្រើនសន្ធឹកសន្ធាប់ ដោយមិនមានលក្ខខណ្ឌនោះគឺមហាមិត្តចិននេះឯង។ កន្លងមកជំនួយទាំងអស់នេះគឺបានជួយស្រោចស្រង់ប្រទេសកម្ពុជា ដែលត្រូវបានងើបផុតពីសង្គ្រាមរុំារ៉ៃ ឱ្យមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស លើគ្រប់វិស័យ និងអាចធ្វើឱ្យកម្ពុជាបានបង្អួតមុខមាត់លើឆាកអន្តរជាតិបានរហូតដល់បច្ចុប្បន្ននេះ។

ក្នុងឆ្នាំ១៩៩៦ ក្នុងឱកាសធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិនលើកដំបូង សម្ដេច ហ៊ុន សែន បានជួបជាមួយ ឯកឧត្ដម ហ្សាង ហ្ស៊ីមីន ដែលជាអគ្គលេខាធិការ ក៏ដូចជាប្រធានរដ្ឋចិន ហើយលោក ហ្សាង ហ្ស៉ីមីង បានបង្ហាញនូវការគោរពនិងផ្ដល់តម្លៃខ្ពស់ស្មើមុខស្មើមាត់ដោយបានហៅសម្ដេចថា ជាមិត្តចាស់របស់ចិន បើទោះបីសម្ដេចតំណាងឱ្យប្រទេសដ៏តូចមួយក៏ដោយ។ ក្នុងឱកាសនោះហើយដែលសម្ដេចយល់កាន់តែស៊ីជម្រៅអំពីទឹកចិត្តដ៏កក់ក្ដៅរបស់ថ្នាក់ដឹកនាំចិន គឺថា“ចិនមិនត្រូវការអ្វីពីកម្ពុជានោះទេ ប៉ុន្តែអ្វីដែលចិនត្រូវការ គឺការស្មោះត្រង់ជាមួយគ្នា គឺមិនចាប់ដៃជាន់ជើង”។ ជាពិសេសសម្ដេចក៏ធ្លាប់បានលើកឡើងដែរថា “ចិនមានទម្លាប់មួយគឺនិយាយតិចធ្វើច្រើន ដូច្នេះត្រង់ចំណុចនេះ គឺជាចំណុចដែលយើងផ្ដល់ការគោរព ហើយចំណុចនេះវាបានក្លាយទៅជាចំណុចដែលយើងអាចនៅជាមួយគ្នា សាមគ្គីភាពជាមួយគ្នា ធ្វើការជាមួយគ្នា ក្នុងភាពយូរអង្វែង”។

ចាប់តាំងពីពេលនោះមក យុគសម័យថ្មីនៃទំនាក់ទំនងរវាងកម្ពុជានិងចិនបានវិវឌ្ឍទៅមុខជាបន្តបន្តាប់កាន់តែរឹងមាំនិងស្អិតរមួតឡើងៗក្រោមគោលការណ៍ជ្រោមជ្រែងគ្នាទៅវិញទៅមកលើគ្រប់វិស័យដោយឈរលើមាគ៌ាឈ្នះឈ្នះ ដែលចំណុចទាំងនេះហើយបានធ្វើឱ្យប្រទេសកម្ពុជាយើងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ហើយជំនួយរបស់ចិនក៏មានជាហូរហែរកាន់តែធំឡើងៗជាស្នូលនៃការអភិវឌ្ឍរបស់កម្ពុជា។ អ្វីដែលគួរឱ្យកត់សម្គាល់ក្នុងដំណាក់កាលដែលកម្ពុជាកំពុងរងគ្រោះដោយសារការរាតត្បាតនៃជំងឺកូវីដ១៩នេះ គឺចិនបានផ្ដោតយកចិត្តទុកដាក់ខ្លាំងណាស់ក្នុងការផ្ដល់ជំនួយជាសម្ភារៈនិងស្មារតី ជាពិសេសផ្ដល់ជំនួយវ៉ាក់សាំងការពារចាក់ជូនប្រជាជនកម្ពុជាតែម្ដង ហើយបើធៀបទៅនឹងបណ្ដាប្រទេសធំៗដែលមានវ៉ាក់សាំងការពារកូវីដ១៩ គឺមិនបាច់ថានិយាយដល់ជំនួយសូម្បីតែលទ្ធភាពលក់ឱ្យយើងក៏មិនបានផងគឺគេទុកសម្រាប់តែចាក់ឱ្យប្រជាជនគេតែប៉ុណ្ណោះ។ ត្រង់ចំណុចនេះសម្តេចតេជោ បានបញ្ជាក់ថា “…សូម្បីតែវ៉ាក់សាំងដែលខ្ញុំរកមកចាក់ជូនប្រជាពលរដ្ឋជាង២លាននាក់ បើគ្មានជំនួយពីចិន ក៏ដូចជាការផ្គត់ផ្គង់ពីចិនដោយការលក់ យើងខ្ញុំក៏គ្មានវ៉ាក់សាំងសម្រាប់ចាក់ជូនប្រជាជនកម្ពុជា។ ក្រៅពីខូវ៉ាក់ ដែលបានផ្តល់ជាង ៣០ម៉ឺនដូស តើមានប្រទេសណាមួយ បានហារមាត់បញ្ជូន ឬបញ្ជូនមកដល់កម្ពុជាហើយឬនៅនូវវ៉ាក់សាំងសម្រាប់ការចាក់?»។

ជារួមមកតាមរយៈទំនាក់ទំនងដ៏ស្មោះត្រង់ ជួយជ្រោមជ្រែងគ្នាដ៏ពិតប្រាកដ កិច្ចសហប្រតិបត្តិការដ៏ជាក់ស្ដែងលើគ្រប់វិស័យ កាយវិការដ៏មានមនុស្សធម៌ រួមទាំងជំនួយឥតព្រំដែនរបស់ចិនទាំងនេះ ជាសក្ខីភាពបញ្ជាក់ថាកម្ពុជាលម្អៀងទៅរកចិនជារឿងធម្មតា ព្រោះថាខ្មែរយើងមិនមានវប្បធម៌ដែលមិនឆ្លើយតបទៅនឹងសេចក្ដីល្អរបស់អ្នកដទៃនោះឡើយ គឺវប្បធម៌ដឹងគុណជាអត្តសញ្ញាណរបស់ជាតិខ្មែរយើងជាដរាប។ យើងអាចនិយាយជារួមបានថា វាជារឿងចម្លែកណាស់បើកម្ពុជាមិនលម្អៀងទៅចិននោះ។ ជាចុងក្រោយសម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យបណ្តាប្រទេសនានា គួរពិនិត្យឡើងវិញលើគោលនយោបាយការបរទេសរបស់កម្ពុជា ហើយគេគួរមានឥរិយាបថយ៉ាងណាចំពោះកម្ពុជាទើបកម្ពុជាទទួលយក៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner