ផ្លូវជាតិលេខ៣ សាងសង់បានជាង៩៨% លែងហុយដីទៀតហើយ ជិះមួយវឹងដល់ ខេត្តកំពត ប៉ុន្តែកុំចេះតែស៊ុតយកៗ ព្រោះមានបំពាក់កាមេរ៉ា ចាប់ល្បឿនចំនួន ១៤គ្រឿង

ភ្នំពេញ៖ គិតរហូតមកទល់ពេលនេះ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៣ ពីភ្នំពេញ ទៅក្រុងកំពត សម្រេចបាន ៩៨,០៤% ហើយ នៅសេសសល់តែការងារមួយចំនួនតូចប៉ុណ្ណោះ ។

យោងតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា បច្ចុប្បន្ននេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងខិតខំប្រឹងប្រែងយកចិត្តទុកដាក់ ពន្លឿនការងារ បំពាក់កាមេរ៉ាចាប់ល្បឿនយានយន្ត កាមេរ៉ាសុវត្ថិភាព ជញ្ជីងថ្លឹងទម្ងន់ក្រោមដី និងជញ្ជីងថ្លឹងទម្ងន់នៅ ក្នុងស្ថានីយ៍ ដោយឡែកស្ពានអាកាសថ្មើជើងនៅលើកំណាត់ផ្លូវជាតិលេខ៣ ឋិតនៅម្ដុំត្រាំខ្នា គ្រោងនឹងបញ្ចប់ការងារ ទាំងស្រុង នៅចុងខែមិថុនា ឆ្នាំ២០២១ខាងមុខ ពោលគឺក្នុងរយៈពេលមួយខែទៀតចាប់ពី ពេលនេះតទៅ។

សូមបញ្ជាក់ថា គម្រោងពង្រីក និងលើកកម្រិតផ្លូវជាតិលេខ៣ ពីភ្នំពេញ ទៅក្រុងកំពត ដែលមាន ប្រវែងជាង១៣៤ គីឡូម៉ែត្រ ត្រូវបានចែកជា ២ដំណាក់កាល៖ ដំណាក់កាលទី១ ពីចោមចៅ (ភ្នំពេញ) ទៅបែកគុស (ខេត្តតាកែវ) ប្រវែង ៧០ គីឡូម៉ែត្រ ពង្រីកទទឹងតួផ្លូវរហូតដល់២៤,៥ម៉ែត្រ ជាប្រភេទផ្លូវបេតុងកៅស៊ូ AC កម្រាស់៩សង់ទីម៉ែត្រ ចែកចេញ ជា៤គន្លង (២គន្លងទៅ២គន្លងមក)។ដំណាក់កាលទី២ ពីបែកគុសទៅក្រុងកំពត ប្រវែង៦៤,៨២៦គីឡូម៉ែត្រ ជាប្រភេទ ផ្លូវ AC កម្រាស់ ៧សង់ទីម៉ែត្រ ពង្រីកទទឹងតួផ្លូវ រហូតដល់១២ម៉ែត្រ ចែកជា២គន្លង។

គម្រោងនេះ ជាហិរញ្ញប្បទាន សម្បទានពីសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល កម្ពុជា សាងសង់ដោយក្រុម ហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន (China Road and Bridge Corporation) ត្រួតពិនិត្យ បច្ចេកទេស ដោយក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេសសំណង់ក្វាងចូវ វ៉ានអាន (Guangzhou Wanan Construction Supervision Co,Ltd) ប្រើប្រាស់ រយៈពេលសាងសង់៤៨ខែ។

ជាមួយគ្នានេះ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ ៣នេះ ក៏បានបំពាក់កាមេរ៉ាចាប់ ល្បឿនចំនួន១៤គ្រឿងផងដែរ ដើម្បីក្រើនរំឭកដល់អ្នកបើកបរឱ្យគោរពច្បាប់ចរាចរណ៍ និងរួមគ្នារក្សាសណ្តាប់ធ្នាប់ ចរាចរណ៍ផ្លូវថ្នល់ឱ្យបានល្អ និងធានាសុវត្ថិភាពខ្ពស់។ យ៉ាងណាមិញ ចំពោះការដាក់ កាមេរ៉ា ចាប់ល្បឿននេះដែរ នឹងចាប់ផ្តើមពីបង្គោលគីឡូម៉ែត្រទី៣៣ ដល់ក្រុងកំពត ។

គួរបញ្ជាក់ថា ចំពោះការបើកបរហួសល្បឿនកំណត់ នឹងត្រូវពិន័យជាទឹកប្រាក់ចាប់ពី ១២ម៉ឺន រហូតដល់ ៣០ម៉ឺន ៕ ដោយវណ្ណលុក

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner