មន្រ្តីកសិកម្មខេត្តសៀមរាប ជំរុញកសិករឱ្យខិតខំដាំបន្លែ និងចិញ្ចឹមសត្វ ដើម្បីឆ្លើយតបតម្រូវការអ្នកប្រើប្រាស់

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ នៅថ្ងៃទី២៤និង២៥ខែ មីនា ២០២០ លោកទា គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប រួមជាមួយថ្នាក់ដឹកនាំការិយាល័យក្សេត្រសាស្ត្រ និងការិយាល័យផលិតកម្ម និងបសុព្យាបាល បានចុះពិនិត្យការងារផលិតកម្មកសិកម្ម តាមបណ្តាក្រុងស្រុកមួយចំនួនក្នុងខេត្ត ដើម្បីជំរុញលើកទឹកចិត្តដល់កសិករក៏ដូចជាម្ចាស់កសិដ្ឋានចិញ្ចឹមទាំងអស់ឱ្យបន្ត និងពង្រីការដាំដុះ និងការចិញ្ចឹមសត្វរបស់ពួកគាត់ ដើម្បីពង្រឹងនិរន្តរភាពស្បៀងអាហារសម្រាប់ផ្គត់ផ្គង់ទៅកាន់ទីផ្សារក្នុងស្រុកឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន។

លោក ទា គឹមសុទ្ឋ បានជំរុញឲ្យកសិករតាមគោលដៅទាំងសហគមន៍កសិករដាំបន្លែទាំងសហគមន៍ចិញ្ចឹមត្រី ត្រូវយកចិត្តទុកដាក់លើសកម្មភាពដាំដំណាំរួមផ្សំឱ្យអស់លទ្ឋភាព ជំរុញឲ្យកសិករចិញ្ចឹមត្រី និងតាមកសិដ្ឋានចិញ្ចឹមសត្វ ត្រូវសំអាតស្រះ កសិដ្ឋាន , រោងក្រោល និង ទិញថែម នូវ ត្រី មាន់ ទា គោក្របី យកមកចិញ្ចឹម សម្រាប់ទុកផ្គត់ផ្គង់ទៅកាន់ទីផ្សារ។

សូមបញ្ជាក់ថា វិស័យចិញ្ចឹមសត្វ ចិញ្ចឹមត្រី និងការដាំបន្លែ បានរួមចំណែកយ៉ាងសំខាន់ក្នុងការផ្ដល់សាច់ បន្លែ ធ្វើជាម្ហូបអាហារ និងផ្តល់ប្រាក់ចំណូល បង្កើនជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ។ ចំពោះការចិញ្ចឹមត្រីប្រជាកសិករច្រើនចាប់ផ្តើមចិញ្ចឹមនៅដើមរដូវភ្លៀងធ្លាក់។ នៅខេត្តសៀមរាប ការចិញ្ចឹមត្រី ក្នុងស្រះជាលក្ខណៈគ្រួសារ  និងការចិញ្ចឹមតាមគម្រោងនានា ក្រោមការផ្តល់បច្ចេកទេសពីខណ្ឌរដ្ឋបាលជលផល ក្នុងនោះ មានស្រះចិញ្ចឹមត្រីសរុបចំនួន ១.១៥០ ស្រះ មានបែចិញ្ចឹមត្រីសរុបចំនួន ៨១០ បែ ចិញ្ចឹមត្រីក្នុងតង់ប្លាស្ទិកៈ មានចំនួន ៦៣ តង់ ។ ផលត្រីចិញ្ចឹមឆ្នាំ២០១៩ មានទិន្នផលសរុបចំនួន ២២.៧០០ តោន។

រីឯការដាំបន្លែកសិករច្រើនដាំដុះនៅរដូវរំហើយ ខ្លះដាំដំណាំតាមរដូវ ខ្លះដាំជាលក្ខណៈវិលជុំ  តាមការប៉ាន់ស្មានបរិមាណផលបន្លែគ្រប់មុខ ពីខែ មេសា ដល់ខែ មិថុនា ឆ្នាំ២០២០ ខេត្តសៀមរាប ទទួលបានទិន្នផល សរុប៧ ៣២៦តោន។ ជាទូទៅតម្រូវការរបស់ប្រជាពលរដ្ឋ ត្រូវការហូបបន្លែជាមធ្យមប្រមាណ៨០ទៅ ១០០តោន ក្នុងមួយថ្ងៃខណៈដែលក្នុងខេត្តជួបនូវ បរិមាណបន្លែ ខ្វះបន្លែប្រមាណពី២០តោន ទៅ ៣០តោនក្នុងមួយថ្ងៃ។

ដោយឡែកផលិតផលសាច់យើងអាចផ្គត់ផ្គង់ទីផ្សារបានជានិច្ច ដោយសារការងារផលិតសត្វនៅខេត្តនេះ មានគោ ក្របី ជ្រូក មាន់ទា  ដែលមានកសិដ្ឋានចិញ្ចឹមជ្រូកសាច់និងពូជ មាន ៤៣កន្លែង (ពូជ១កន្លែង) មានជ្រូកចំនួន ៧៦.៧០០ក្បាល។-កសិដ្ឋានចិញ្ចឹមមាន់យកសាច់លក្ខណៈកសិដ្ឋានគ្រួសារមាន ៥៧កន្លែង មានមាន់ជាង១លានក្បាល ទា ប្រមាណជាជាង២០ម៉ឹនក្បាល  និង ការចិញ្ចឹមមាន់យកស៊ុតលក្ខណៈកសិដ្ឋានគ្រួសារមាន ៧កន្លែង អាចផលិតស៊ុតជិត៣៥ម៉ឹនគ្រាប់ក្នុងមួយថ្ងៃ។ ដោយឡែក លោក ឌូ កន បុគ្គលិកផ្នែកបសុពេទ្យរបស់ក្រុមហ៊ុន ស៊ីភី សាខាខេត្តសៀមរាប ក៏បានបញ្ជាក់ដែរថា៖រោងចិញ្ចឹមមានរបស់ក្រុមហ៊ុន មាន២៦រោងដែលក្នុងមួយរោងៗអាចដាក់ចិញ្ចឹមមាន់បានជាង១២០០០ទៅ១៥០០០ក្បាល ។

ក្នុងមួយថ្ងៃៗកសិដ្ឋានទាំងនេះអាចផលិតមាន់សាច់យកទៅផ្គត់ផ្គង់ទីផ្សារបានប្រមាណជា៥ពាន់ក្បាលក្នុង១ក្បាលទំងន់១.៥០ឬ២គ.ក្រ ដែលចំនួននេះអាចផ្គត់ផ្គង់ដល់ទីផ្សារបានដោយពុំមានក្តីបារម្ភឡើយ។ ក្រុមហ៊ុននឹងបង្កើនការចិញ្ចឹមតាមរយៈការពង្រីកបន្ថែមនូវកសិដ្ឋានដែលមានស្តង់ដារដូចគ្នានេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner