រដ្ឋបាលរាជធានី តម្រូវថៅកែតាមហាងត្រូវបញ្ជូនឈ្មោះ និងលេខទូរស័ព្ទបុគ្គលិកដែលឈប់ដោយសារសុខភាព (Video Inside)

រដ្ឋបាលរាជធានីភ្នំពេញបានតម្រូវឲ្យថៅកែតាមកន្លែងហាងក្នុងរាជធានីទាំងអស់ត្រូវផ្ញើឈ្មោះ, លេខទូរស័ព្ទ និង អសយដ្ឋានរបស់បុគ្គលិកណាដែលសុំអនុញ្ញាតច្បាប់សម្រាកការងារដោយសារតែមានអាការៈមិនស្រួលខ្លួន។ ការស្នើដល់ម្ចាស់សណ្ឋាគារ, ម្ចាស់ភោជនីយដ្ឋាន, ម្ចាស់ក្រុមហ៊ុន និងម្ចាស់អាជីវកម្ម គ្រប់ប្រភេទទំាងអស់ ធ្វើ កិច្វការកត់ត្រាបញ្ជួនឈ្មោះបុគ្គលិកសុំច្បាប់ទាំងនោះ គឺនៅទន្ទឹមនឹងការឆ្លងរាលដាលក្នុងរាជធានីភ្នំពេញនៅតែ មិនទាន់ស្រកចុះជាពិសេសការសង្ស័យឆ្លងក្នុងរង្វង់កម្មករនិងអ្នកធ្វើការឯកជននានាដែលថៅកែមិនបានយកចិត្ត ទុកដាក់លើកម្មកររបស់ខ្លួន។

អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង បានថ្លែងនៅក្នុងសេចក្តីជួនដំណឹង ថ្ងៃនេះថា កន្លងមក មានបុគ្គលិកដែលបម្រើការនៅតាមសណ្ឋាគារ ភោជនីយដ្ឋាន ក្រុមហ៊ុននានា ដែលមានអា ការៈមិនស្រួលខ្លួន បានសុំអនុញ្ញាតច្បាប់សម្រាកពីការងារមួយរយៈ និងក្រោយពីបានធូរស្បើយ ពួកគេបានវិល ចូលបម្រើការងារធម្មតាវិញ ដោយពុំបានដឹងថាខ្លួនឯងមានផ្ទុកជម្ងឺកូវិដ១៩ឡើយ។ លោកបានបន្តថា នៅមាន បុគ្គលិក មួយចំនួនទៀត ដែលបានសង្ស័យថាប៉ះពាល់ផ្ទាល់ឬដោយប្រយោលជាមួយភ្ញៀវមានវិជ្ជមានកូវិដ១៩ ក៏បានសុំការអនុញ្ញាតឈប់សម្រាកពីការងារទៅយកសំណាកដោយខ្លួនឯង ដោយពុំបានជូនដំណឹងទៅម្ចាស់ អាជីវកម្មដ្ឋានឡើយ និងបន្ទាប់ពីយកសំណាករួច ពួកគេក៏បានវិលទៅបំពេញការងារវិញជាធម្មតា ដោយពុំបាន ដាក់ខ្លួនដាច់ដោយឡែក ដើម្បីរង់ចាំលទ្ធផលសំណាក ជាហេតុនាំអោយមានហានិភ័យខ្ពស់ ក្នុងការឆ្លងរាល ដាលជម្ងឺកូវិដ១៩ ដល់បុគ្គលិកផ្សេងទៀតដែលបំពេញការងារជាមួយគ្នា។

រដ្ឋបាលរាជធានី បានជម្រុញដល់ ម្ចាស់អាជីវកម្មដ្ឋានទំាងអស់ ត្រូវចូលរួមអនុវត្តតាមការស្នើសុំរបស់រដ្ឋបាលរាជធានីនេះអោយមានប្រសិទ្ធភាព ដើម្បីឈានទៅលុបបំបាត់ការឆ្លងរាលដាលជម្ងឺកូវិដ១៩ ក្នុងសហគមន៍រាជធានីភ្នំពេញ៕

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner