សមត្ថកិច្ចខេត្តកំពង់ចាម បង្រ្កាបក្មេងស្រីស្ទាវណាត់វ៉ៃគ្នានៅភ្នំប្រុសបង្ហោះហ្វេកប៊ុកបានហើយ
ខេត្តកំពង់ចាម ៖ លោកឧត្តមសេនីយត្រីហេងវុទ្ធី ស្នងការរងផែនព្រហ្មទណ្ឌនគរបាលខេត្តកំពង់ចាម មានប្រសាសន៍អោយដឹងថា នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ បន្ទាប់ពីទទួលបានព័ត៌មានពីបណ្ដាញសង្គមហ្វេសប៊ុកភ្លាមរូបលោក បានដឹកនាំកម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម ចុះធ្វើការស្រាវជ្រាវបង្ក្រាប ករណី ហិង្សាដោយចេតនា (វាយគ្នាទៅវិញទៅមក) កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១៦ និង០០នាទី នៅចំណុចតាមផ្លូវឡើងលើវត្តភ្នំប្រុស ស្ថិតនៅក្នុងភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម និង ធ្វើការឃាត់ខ្លួនបានជនសង្ស័យ ចំនួន ១១នាក់ ។
លោកឧត្តមសេនីយ៍ស្នងការបន្តថា បន្ទាប់ពីធ្វើការសាកសួរ ជនសង្ស័យទាំង១១នាក់បានឆ្លើយសារភាពថា ៖ នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៥ល្ងាច មានឈ្មោះ រ៉េត សុផារី ភេទស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិគោកទទា ឃុំវិហារធំ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងឈ្មោះ ភ័ក្រ ធារ៉ា ហៅ កា ភេទស្រី អាយុ២០ឆ្នាំ ជាតិខ្មែរ មានទីលំនៅភូមិក្រឡា ឃុំអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានមានទំនាស់ជាមួយភាគីម្ខាងទៀតមានឈ្មោះ ហ៊ី លីដែត ភេទស្រី អាយុ១៧ឆ្នាំជាតិខ្មែរ មានទីលំនៅភូមិរមូល ឃុំរអាង ស្រុកកំពង់សៀម ខេត្តកំពង់ចាម បានធ្វើការឌឺដង លើកម្រាមដៃដាក់គ្នា ទៅវិញទៅមក ហើយបានណាត់គ្នាតាមឆាត (Masseger)ដើម្បីវាយគ្នា ។ លុះដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៦ និង០០នាទី ឈ្មោះ រ៉េត សុផារី និងឈ្មោះ ភ័ក្រ ធារ៉ា ហៅ កា បានប្រមូលបក្សពួកមាន ណាត់វាយគ្នានៅលើវត្តភ្នំប្រុស ពេលនោះក៏បានឈ្លោះប្រកែក និងវាយតប់គ្នាទៅវិញទៅមកតែម្ដង។
បច្ចុប្បន្នជនសង្ស័យចំនួន១១នាក់ខាងលើ ត្រូវបានបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុកកំពង់សៀម នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីធ្វើការសាកសួរ និងចងក្រងសំណុំរឿងតាមនីតិវិធី ៕ ដោយ លី ពៅ