សម្ដេចក្រឡាហោម ស ខេង ប្រាប់ទៅទូតអាម៉េរិកថា សកម្មភាពមួយចំនួនដែលបានធ្វើឡើងក្រោមហេតុផលនៃសកម្មភាពការពារបរិស្ថាន មានចេតនាបង្កបញ្ហាអសន្តិសុខ

ភ្នំពេញៈ សម្ដេចក្រឡាហោម ស ខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ប្រាប់ទៅឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជាថា កន្លងមកមានសកម្មភាពមួយចំនួនដែលបានធ្វើឡើងក្រោមហេតុផលនៃសកម្មភាពការពារបរិស្ថាន ប៉ុន្តែមានចេតនាបង្កបញ្ហាអសន្តិសុខប៉ះពាល់សណ្ដាប់សាធារណៈដែលសកម្មភាពទាំងនោះអាជ្ញាធរមានសមត្ថកិច្ចត្រូវតែមាន វិធានការសមស្របទៅតាមច្បាប់។

ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេងបានធ្វើឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតអាម៉េរិក បង្ហាញនូវកង្វល់អំពីការកាត់ទោសដាក់ពន្ធនាគារ នូវសកម្មជនបរិស្ថានមួយចំនួន និងអំពាវនាវឱ្យមានការដោះលែងសកម្មជនបរិស្ថាន។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឱ្យលោក ផាទ្រិក មូផៃ(Patrick Murphy) ឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិកប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារកាលពីរសៀលថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២១ នៅទីស្ដីការក្រសួងមហាផ្ទៃ។

លោកឧត្តមសេនីយ៍ឯក ផាត សុផានិត អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានថ្លែងប្រាប់AMSថា ជាកិច្ចចាប់ផ្ដើមនៃជំនួប សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងឯកអគ្គរដ្ឋទូតសហរដ្ឋអាម៉េរិក បានកត់សម្គាល់ និងវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់អនុរដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកមកកាន់កម្ពុជាកាលពីពេលថ្មីៗនេះ។ ក្នុងនោះដែរ សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា តាមរយៈទស្សនកិច្ចនេះដ៏មានសារៈសំខាន់នេះនឹងបន្តពង្រឹងពង្រីកនូវ កិច្ចសហប្រតិបត្តិការ និងមិត្តភាពរវាងប្រទេសទាំងពីរកាន់តែខ្លាំងក្លាយថែមទៀត។

សម្ដេចក្រឡាហោមក៏បានថ្លែងអំណរគុណតាមរយៈឯកអគ្គរដ្ឋទូតជូនចំពោះរដ្ឋាភិបាលអាម៉េរិកដែលបានផ្ដល់ការគាំទ្រដល់ការងារជួយប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា។

នៅលើវិស័យអនុវត្តច្បាប់វិញ សម្ដេចក្រឡាហោម ស ខេង និងឯកអគ្គរដ្ឋទូតអាម៉េរិក សុទ្ធតែបានវាយតម្លៃខ្ពស់ចំពោះ កិច្ចសហប្រតិបត្តិការល្អលើការងារប្រយុទ្ធប្រឆាំងបទល្មើស ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាពិសេសកិច្ចគាំពារកុមារ និងការអនុវត្តតាមសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។

អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានបន្តថា ចំពោះការអនុវត្តតាមសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិនេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាប្រទេសកម្ពុជាតែងតែអនុវត្តយ៉ាងខ្ជាប់ខ្ជួបនូវកាតព្វកិច្ចជាអន្តរជាតិរបស់ខ្លួនក្នុងការអនុវត្តនូវសេចក្ដីសម្រេចចិត្តរបស់អង្គការសហប្រជាតិទៅលើកិច្ចការនានា ជាពិសេសពាក់ព័ន្ធនឹងក្រុមប្រឹក្សាសន្តិសុខ។

ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើការងារពាក់ព័ន្ធវិស័យបរិស្ថាន ឯកអគ្គរដ្ឋទូតអាម៉េរិកបានជម្រាបជូនសម្ដេចក្រឡាហោម ស ខេង ថា បច្ចុប្បន្នមានគម្រោងមួយចំនួនពាក់ព័ន្ធនឹងការងារបរិស្ថានកំពុងដំណើរការនៅកម្ពុជាក្រោមការជួយគាំទ្ររបស់សហរដ្ឋអាម៉េរិក ហើយលោកចង់ឃើញវឌ្ឍនភាពបន្តរីកចម្រើនលើការងារទាំងនោះពាក់ព័ន្ធនឹងវិស័យបរិស្ថាននេះ។

សម្ដេចក្រឡាហោមបានមានប្រសាសន៍ថា ក្រៅពីការងារពង្រឹងកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ ភាគីទាំងពីរក៏អាចកំណត់នូវវិស័យផ្សេងៗទៀត សម្រាប់ពង្រីកកិច្ចសហប្រតិបត្តិការជាមួយគ្នា ហើយនៅក្នុងវិស័យបរិស្ថាននេះ សម្ដេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាតែងតែគិតគូរ និងផ្ដោតការយកចិត្តទុកដាក់ខ្ពស់ក្នុងការថ្លឹងថ្លែងអំពីការអភិវឌ្ឍ និងផលប៉ះពាល់ទៅលើបញ្ហាបរិស្ថាន។ សម្ដេចក្រឡាហោមក៏បានមានប្រសាសន៍ថា សម្ដេចផ្ទាល់តែងតែផ្ដល់ការលើកទឹកចិត្តដល់អាជ្ញាធរពាក់ព័ន្ធ ជាពិសេសអាជ្ញាធរនៅមូលដ្ឋានឱ្យបន្តកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូជាមួយភាគីពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហាប្រឈមនានា និងរួមគ្នាបម្រើផលប្រយោជន៍រួម។ សម្ដេចក្រឡាហោមបានបន្ថែមថា រាជរដ្ឋាភិបាល និងអាជ្ញាធរមូលដ្ឋានតែងតែចាត់ទុកអ្នកធ្វើការងារផ្នែកបរិស្ថានជាដៃគូ និងតែងតែលើកទឹកចិត្តអ្នកធ្វើការងារពាក់ព័ន្ធនឹងបញ្ហានេះ ចាត់ទុកគ្នាជាដៃគូទៅវិញទៅមក ដើម្បីដោះស្រាយបញ្ហារួមជាមួយគ្នា៕
ដោយៈ ពលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner