ឥណ្ឌាចាប់ផ្តើមចាក់វ៉ាក់សាំងបង្ការជំងឺ Covid-19 ដល់ប្រជាជនខ្លួនរស់នៅភូមិដាច់ស្រយាល

ឥណ្ឌា៖ រដ្ឋាភិបាលឥណ្ឌាបាននិងកំពុងបង្កើនយុទ្ធនាការចាក់វ៉ាក់សាំងរបស់ខ្លួន ខណៈដែលប្រទេសមួយនេះមានគោលដៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩អោយបានពីរដូសយ៉ាងតិចណាស់៥ភាគរយនៃមនុស្សពេញវ័យ៩៥០លាននាក់ ។

ទន្ទឹមគ្នា ប្រជាជនឥណ្ឌាដែលមានអាយុលើសពី១៨ឆ្នាំទាំងអស់ ពោលគឺស្មើនឹងប្រហែល៩៤០លាននាក់ នឹងទទួលបានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដោយមិនគិតថ្លៃចាប់ពីថ្ងៃទី២១ ខែមិថុនាតទៅ ខណៈប្រទេសនេះកំពុងប្រយុទ្ធនឹងរលកទី២នៃជំងឺកូវីដ១៩ ។ កាលពីថ្ងៃចន្ទដើមសប្តាហ៍នេះ នៅក្នុងសុន្ទរកថាទៅកាន់ជនរួមជាតិ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី បញ្ជាក់ថា រដ្ឋាភិបាលសហព័ន្ធនឹងផ្តល់វ៉ាក់សាំងដល់ប្រជាជនទាំងអស់ដោយឥតគិតថ្លៃ ។ ការប្រកាសនេះបានធ្វើឡើងចំពេលដែលឥណ្ឌាបានកត់ត្រានូវអត្រាឆ្លងប្រចាំថ្ងៃទាបបំផុតក្នុងរយៈពេល៦១ថ្ងៃ ពោលគឺ១០ម៉ឺន៦៣៦ករណី ដែលនេះជាសញ្ញាបង្ហាញថា រលកបច្ចុ ប្បន្នកំពុងថមថយ ។

សូមបញ្ជាក់ថា ឥណ្ឌាកំពុងប្រើវ៉ាក់សាំងផលិតក្នុងស្រុកចំនួនពីរ រួមមានCovishield ដែលផ្គត់ផ្គង់នៅកន្លែងផ្សេងក្រោមស្លាក AstraZeneca និងផលិតដោយវិទ្យាស្ថាន Serum នៃប្រទេសឥណ្ឌា និង វ៉ាក់សាំងមួយទៀតឈ្មោះ Covaxin បង្កើតដោយក្រុមហ៊ុនឱសថ Bharat Biotech ។ វ៉ាក់សាំង Sputnik V របស់រុស្ស៊ីក៏ត្រូវបានអនុម័តសម្រាប់ការប្រើប្រាស់ជាបន្ទាន់ផងដែរ ៕ ប្រភព៖ Reuters

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner