ខេត្តចំនួន ៥នៅភាគពាយ័ព្យប្រទេស បានទទួល ថេបប្លេត និងសម្ភារៈបរិក្ខារពេទ្យដែលជាអំណោយរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី

អត្ថបទដោយ៖
ធី ដា

ពិធីប្រគល់ និងទទួល ថេបប្លេត និងសម្ភារៈបរិក្ខារពេទ្យ ដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីជូនដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចំនួន ៥ ខេត្តបានធ្វើឡើងនៅព្រឹកថ្ងៃទី៨មិថុនាឆ្នាំ២០២១ នៅសាលាខេត្តពោធិ៍សាត់។

ខេត្តទាំង៥នោះរួមមាន ខេត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និងខេត្តប៉ៃលិន។ ពិធីនោះធ្វើឡើងក្រោមអធិតីភាព លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយមានការចូលរួមពីលោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងលោកស្រី លី អាយលែន តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា។

នៅក្នុងឱកាសនោះលោកស្រី ឱ វណ្ណឌីន បានថ្លែងថា សម្តេចតេជោនាយករដ្ឋមន្ត្រី តែងតែគិតគូរទៅដល់ក្រុមគ្រូពេទ្យទូទាំងប្រទេស មិនត្រឹមគិតអំពីសុខទុក្ខ និងដាក់ចេញនូវវិធានការនានា សម្រាប់ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ប៉ុណ្ណោះទេ ក៏ប៉ុន្តែសម្តេចតែងគិតអំពីសុខទុក្ខរបស់គ្រូពេទ្យ។ លោកស្រីបានបន្តថា សម្តេចតេជោ បានដាក់ចេញនូវយុទ្ធសាស្ត្រត្រឹមត្រូវ ក្នុងការផ្តល់ការចាក់វ៉ាក់ជូនទៅដល់ប្រជាពលរដ្ឋកម្ពុជាទូទៅ ដែលមានអាយុពី១៨ឆ្នាំឡើងទៅ នៅក្នុងផែនការគោលកំណត់ ១០លាននាក់។

លោកស្រីបានបានលើកឡើងថា សម្តេចតេជោក៏បានស្វែងយល់ ហើយក៏បានយល់ពីផលលំបាករបស់ក្រុមគ្រូពេទ្យ ដែលផ្តល់នូវការចាក់វ៉ាក់សាំង។ ដោយសារកម្ពុជាមានតម្រូវការនៃការចាក់ជូនប្រជាពលរដ្ឋច្រើន បច្ចុប្បន្ននេះ កម្ពុជាកំពុងចាក់ស្រោចនៅរាជធានីភ្នំពេញ តាមការសម្រេចរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងមួយថ្ងៃៗចាក់បានពី៤ ទៅ៥ម៉ឺននាក់ ដែលចំនួននោះលើសពីផែនការកំណត់។ លោកស្រី ឱ វណ្ណឌីន ក៏បានណែនាំដល់មន្ទីរសុខាភិបាលខេត្តទាំង៥ ដែលទទួលបានសម្ភារទាំងនោះ គឺយកទៅប្រើប្រាស់ឱ្យចំទិសដៅ ដើម្បីបម្រើនូវកិច្ចការងារផ្សេង និងដាក់បញ្ចូលនៅក្នុងបញ្ជីសារពើភ័ណ្ឌ ឱ្យបានត្រឹមត្រូវផងដែរ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner