កម្ពុជាមានសត្វក្ងោក ពី ២០០០-៣០០០ក្បាល កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិ

រាជធានីភ្នំពេញ៖ ឯកឧត្តម នេត្រ ភក្រ្តា មន្រ្តីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងនៅថ្ងៃទី ០៨ ខែ មិថុនាឆ្នាំ ២០២១ថាបច្ចុប្បន្ននេះគេឃើញវត្តមានសត្វក្ងោកច្រើននៅក្នុង តំបន់ភូមិភាគខាងកើតទន្លេមេគង្គក្នុងខេត្តមណ្ឌលគិរី ស្ទឹងត្រែង មានវត្តមានសត្វក្ងោកច្រើនជាងគេ។ ក្នុងនេះដែនជម្រកសត្វព្រៃកែវសីម៉ា មានចំនួន ៩៦៦ ក្បាល និងនៅដែនជម្រកសត្វព្រៃសៀមប៉ាងមានប្រមាណ ៥៧០ ក្បាល ហើយដែនជម្រកសត្វព្រៃស្រែពក និងដែនជម្រកសត្វព្រៃភ្នំព្រេចក្នុងខេត្តមណ្ឌលគិរី ឧទ្យាជាតិវីរៈជ័យក្នុងខេត្តរតនគិរី ក៏ត្រូវបានសិក្សាឃើញមានវត្តមានសត្វក្ងោកផងដែរ។ ក្រៅពីនោះ សត្វក្ងោកមានវត្តមាននៅក្នុងតំបន់អភិរក្សជួរភ្នំក្រវ៉ាញ និងតំបន់មួយចំនួនទៀតដែលមួយតំបន់ៗ អាចមានចន្លោះពី៥០ ទៅ១០០ ក្បាល។

ឯកឧត្តមបានបញ្ជាក់ថាសត្វក្ងោកបៃតងដែលជាប្រភេទសត្វកម្រស្ថិតក្នុងគ្រោះថ្នាក់នៅភពផែនដីចំណាត់ថ្នាក់ ក្នុងបញ្ជីក្រហមសហភាពអន្តរជាតិសម្រាប់ការអភិរក្សធម្មជាតិ IUCN ត្រូវបានរកឃើញថា មានចំនួនកើនឡើងនៅក្នុងដែនជម្រក សត្វព្រៃកែវសីម៉ា ក្នុងខេត្ត មណ្ឌលគិរី រួមនឹងដែនជម្រកសត្វព្រៃផ្សេងទៀតនៅតំបន់ភាគខាងកើតទន្លេមេគង្គក៏ត្រូវបានកត់សង្គាល់ថាមានកំណើនវត្តមានសត្វក្ងោកនេះតាមរយៈម៉ាស៊ីនថតស្វ័យប្រវត្តិ។

ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការបានបញ្ជាក់ថានិន្នាការនៃចំនួនសត្វក្ងោកបៃតងនៅលើពិភពលោកមានការថយចុះ ប៉ុន្តែសម្រាប់កម្ពុជាត្រូវបានរកឃើញថាមានចំនួនកើនឡើងនៃសត្វក្ថោក។ នេះគឺជាក្តីសង្ឃឹមមួយសម្រាប់ពិភពលោកក្នុងការថែរក្សានិងអភិរក្សជីវៈចម្រុះ ដូចជាសត្វក្ងោកដែលជាប្រភេទពូជបក្សីមានមាឌធំ មានសម្រស់ស្រស់ស្អាតនៅលើផែនដីនេះ។

ឯកឧត្តមបានមានប្រសាសន៍ថា”ក្រសួងបរិស្ថានបរិស្ថានសូមថ្លែងអំណរគុណដល់មន្ត្រីឧទ្យានុរក្ស និងអង្គការដៃគូដែលបានរួម សហការគ្នាការការពារនិងអភិរក្សសត្វព្រៃ និងអរគុណដៃគូនានាដែលបានទិញឥណទានកាបូនពីដែនជម្រកសត្វព្រៃកែវសីម៉ា ដែលបានចូលរួមរការពារនិងអភិរក្សធនធានធម្មជាតិ និងសត្វព្រៃនៅតំបន់ដែនជម្រកសត្វព្រៃកែវសីម៉ាមានភាពកាន់តែល្អប្រសើរ”។

ឯកឧត្តម រដ្ឋលេខាធិការបានឱ្យដឹងបន្ថែមថា ច្រើនជាង ៣ភាគ៤នៃប្រភេទសត្វព្រៃត្រូវបានរកឃើញថាស្ថិតក្នុងស្ថានភាព ថេរឬល្អប្រសើរ។ ទាំងនេះបង្ហាញឱ្យឃើញពីផលវិជ្ជមាននៃការអនុវត្តគម្រោងដែលរក្សាបាននូវភាពសម្បូណ៌បែបនៃសត្វព្រៃនិងប្រព័ន្ធអេកូឡូស៊ីក្នុងតំបន់តំបន់ការពារធម្មជាតិ។ ការការពារប្រកបដោយប្រសិទ្ធភាព ទាំងការអនុវត្តច្បាប់ និងការរៀបចំផែណការអភិរក្សបានត្រឹមត្រូវ រួមនឹងការចូលរួមពីសហគមន៍ បានធ្វើឱ្យល្បាយនៃសត្វក្ងោកដែលជាសត្វកម្រនេះមានចំនួនកើនឡើងនៅក្នុងតំបន់ការពារធម្មជាតិ។

យោងតាមរបាយការណ៍សិក្សារួមគ្នារវាងក្រសួងបរិស្ថាន និងអង្គការសមគមអភិរក្សសត្វព្រៃកម្ពុជា (WCS) អំពីស្ថានភាពសត្វព្រៃរយៈពេល ១០ ឆ្នាំ ក្នុងដែនជម្រកសត្វព្រៃកែវសីម៉ាចេញផ្សាយកាលពីខែតុលា ឆ្នាំ២០២០ នៅក្នុងដែនជម្រកសត្វព្រៃកែវសីម៉ានេះ មានសត្វក្ងោកបៃតងចំនួន ៩៦៦ ក្បាលកំពុងរស់នៅ ហើយដែនជម្រកសត្វព្រៃកែវសីម៉ានៅតែជាតំបន់ដែលមានតម្លៃជីវៈចម្រុះខ្ពស់ដោយសារតែមានកំណត់ត្រាជីវៈចម្រុះខ្ពស់ជាងតំបន់ការពារផ្សេងទៀតក្នុងប្រទេស កម្ពុជា និងជាទីជម្រកនៃប្រភេទសត្វសំខាន់ៗជាសកលរួមទាំងមានពពួកពានរដែលជាប្រភេទជិតផុតពូជបំផុត និងប្រភេទជិតផុតពូជច្រើនមជាងគេលើពិភពលោក។

តាមការសិក្សារបស់អ្នកជំនាញ បច្ចុប្បន្ននេះ ពិភពលោកនៅមានសត្វក្ងោកពេញវ័យចន្លោះពី ១៥.០០០ ទៅ ២០.០០០ក្បាល។ កម្ពុជាត្រូវបានគេវាយតម្លៃថាមានសត្វក្ងោកបៃតងដែលជាប្រភេទកម្រច្រើនជាងគេនៅលើពិភពលោក ខណៈប្រទេសមួយចំនួនទៀតដូចជាប្រទេសចិនឥវៀតណាម ថៃ ឡាវ និងឥណ្ឌូនេស៊ីត្រូវបានប៉ាន់ស្មានថាមានចំនួនសត្វក្ងោកក្រោម ១.០០០ ក្បាលក្នុងប្រទេសនីមួយៗ។

ពាក់ព័ន្ធក្នុងរឿងនេះដែរ ឯកឧត្តម រដ្ឋលេខាធិការបានឱ្យដឹងដែរថា សត្វក្ងោកជាប្រភេទសត្វដែលត្រូវបានរងគ្រោះដោយការបរបាញ់និងការដាក់អន្ទាក់ដើម្បីយកស្លាបនិងសាច់របស់វា។ ដើម្បីថែរក្សាប្រភេទពូជសាត្វកម្រនេះឱ្យបានគង់វង្ស ក្រសួងបរិស្ថាន សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ចូលរួមក្នុងកិច្ចការអភិរក្ស បញ្ឈប់ការបរិភោគសាច់សត្វ និងបន្តផ្សព្វផ្សាយនិងបណ្តុះស្មារតីស្រឡាញ់សត្វព្រៃក្នុងចំណោមពលរដ្ឋក្នុងសហគមន៍ និងបញ្ឈប់ការដាក់អន្ទាក់និងការបរបាញ់ប្រភេទសត្វកម្រទាំងនេះ។ ជនណាដែលនៅតែបំពាន នឹងត្រូវប្រឈមមុខនឹងច្បាប់។

គួរបញ្ជាក់ថាសត្វក្ងោកមានរោមពណ៌ត្នោត ខៀវ បៃតង ប្រផេះ ជើងវែង កវែង ហើយមានប្រវែងដងខ្លួនគិតពីចំពុះដល់ចុងកន្ទុយប្រហែល ២ ម៉ែត្រ។ ចំណីរអាហាររបស់ក្ងោកមានដូចជា ផ្លែឈើ ត្រួយរុក្ខជាតិ និងសត្វល្អិតផ្សេងៗ។ វាអាចមានអាយុចាប់ពី ២០ឆ្នាំ ទៅ ២៥ឆ្នាំ និងទំងន់ចាប់ពី ៤ ដល់ ៥ គីឡូក្រាម។ សត្វក្ងោកតែងតែរស់នៅលើដើមឈើខ្ពស់ៗ តែវាមករកចំណីនៅលើដី តាមគម្ពោតព្រៃ វាលស្មៅនៅតាមចន្លោះព្រៃ ឬជុំវិញមាត់ត្រពាំង ដងអូរ ស្ទឹង តាមវាលស្រែ ចំការនៃតំបន់ព្រៃភ្នំ។ សត្វក្ងោកតែងរកស៊ីចំណីជាគ្រាប់ធញ្ញជាតិ ស្រូវ ផ្កាស្មៅ ត្រួយរុក្ខជាតិខ្ចីៗ ផ្លែឈើ និងសត្វល្អិតជាអាហារ៕ដោយ៖ ម៉ាដេប៉ូ

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner