ចិនសន្យាបន្តជួយអាស៊ានបន្ថែមទៀត ទប់ទល់នឹងកូវីដ
ប្រទេសចិន កាលពីថ្ងៃទី៧ មិថុនា ម្សិលមិញ បានសន្យាថា នឹងផ្តល់ជំនួយបន្ថែមទៀត ដល់បណ្តាប្រទេសអាស៊ាន ក្នុងកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតកូវីដ១៩។
លោក Wang Yi រដ្ឋមន្ត្រីការបរទេសចិនបានមានប្រសាសន៍បែបនេះ ប្រាប់ទៅសមាជិកអាស៊ានទាំង១០ប្រទេស ក្នុងកិច្ចប្រជុំ នៅប្រទេសចិន។ លោកថា ចិនបានបញ្ជូនវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន១០០លានដូសហើយ ទៅកាន់បណ្តាប្រទេសនៃប្រជាជាតិអាស៊ាន ព្រមទាំងជាមួយនឹងសម្ភារវេជ្ជសាស្ត្រប្រយុទ្ធប្រឆាំងជំងឺ និងការជួយផ្សេងៗទៀត។
អំឡុងកិច្ចប្រជុំពិសេសថ្នាក់រដ្ឋមន្ត្រីការបរទេសចិន-អាស៊ាន ដើម្បីអបអរខួប៣០ឆ្នាំនៃការបង្កើតទំនាក់ទំនងសន្ទនាចិន-អាស៊ាន នាពេលនោះ លោក Wang Yi ថា ភាគីនានា គួរតែបង្កើតឲ្យមានយន្តការជំនាញមួយ ពង្រឹងកិច្ចសហប្រតិបត្តិការតាមរយៈ ដំណើរការវ៉ាក់សាំង កិច្ចការស្រាវជ្រាវលើការប្រើ និង ធ្វើការស្ថាបនាមជ្ឈមណ្ឌលចែកចាយនិងការពារ ដើម្បីជួយធ្វើយ៉ាងណាឲ្យវ៉ាក់សាំងបញ្ជូនទៅក្នុងតំបន់អាស៊ាន៕