អាជ្ញាធររាជធានី ស្នើឱ្យក្រសួងការងារចេញសេចក្តីជូនដំណឹងទៅម្ចាស់រោងចក្រ ធ្វើបញ្ជីស្នាក់នៅ កម្មករឲ្យបានច្បាស់លាស់ដើម្បីកាត់ផ្តាច់ឲ្យបានជំងឺកូវីដ-១៩

អត្ថបទដោយ៖
ធី ដា

ភ្នំពេញ៖ លោកឃួង ស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានស្នើឲ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ចេញសេចក្តីជូនដំណឹងមួយទៅម្ចាស់រោងចក្រសហគ្រាសនានានៅរាជធានីភ្នំពេញ ឲ្យម្ចាស់រោងចក្រទាំងនោះ ធ្វើបញ្ជីស្នាក់នៅរបស់កម្មករ កម្មការិនីឲ្យបានច្បាស់លាស់ ងាយគ្រប់គ្រងទៅលើកម្មករនិងដើម្បីឈានទៅកាត់ផ្ដាច់ឱ្យបាននូវការរីករាលដាលជំងឺកូវី-១៩ ខណៈដែលជំងឺនេះបាននិងកំពុងរីករាលដាលនៅឡើយនោះ ។

ការស្នើឡើងបែបនេះ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើង នៅក្នុងកិច្ចប្រជុំតាមរយៈ video conference មួយ នារល្ងាចថ្ងៃទី០៨ខែមិថុនានេះនៅសាលារាជធានីភ្នំពេញ ជាមួយនឹងក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក្រសួងសុខាភិបាលនិងអាជ្ញាធរខណ្ឌទាំង១៤ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ ។

លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថា៖ក្នុងរយៈពេលមួយខែចុងក្រោយនេះ ស្ថានភាពជំងឺកូវីដ-១៩ ឃើញថា មិនមានការថមថយនៅឡើយទេ ហើយអ្នកដែលមានវិជ្ជមានកូវីដ-១៩ ក្នុងរយៈពេលចុងក្រោយនេះដែរ ភាគច្រើន ជាបងប្អូនកម្មករកម្មការិនីដែលបម្រើនៅតាមបណ្តាលរោងចក្រនានានៅក្នុងរាជធានីភ្នំពេញ ។ ដូច្នេះលោកស្នើសុំទៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈសូមឱ្យក្រួសួង ចេញជាសេចក្តីជូនដំណឹងមួយទៅម្ចាស់រោងចក្រសហគ្រាស នៅក្នុងរាជធានីភ្នំពេញ ធ្វើជាបញ្ជីស្នាក់នៅរបស់កម្មករឲ្យបានច្បាស់លាស់ ដើម្បីយើងអាចគ្រប់គ្រងកម្មករទាំងនោះបាននិងឈានទៅដល់ការកាត់ផ្ដាច់បាននូវការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ ។

បន្ថែមពីនេះទៀត លោកឃួង ស្រេងក៏បានជំរុញនិងធ្វើការណែនាំដល់អាជ្ញាធរខណ្ឌទាំង១៤ត្រូវត្រៀមលក្ខណៈដើម្បីចូលរួមសហការនិងធ្វើការងារនេះព្រមៗគ្នាជាមួយក្រសួងការងារ មានន័យថា ពេលដែលសេចក្តីជូនដំណឹងរបស់ក្រសួងការងារចេញ អាជ្ញាធរខណ្ឌទាំងអស់ត្រូវសហការចុះផ្ទាល់ជាមួយនឹងក្រសួងការងារ ដើម្បីយើងអាចធ្វើការងារនេះបានលឿននិងមានប្រសិទ្ធភាព ជាមួយម្ចាស់រោងចក្រ។

លោកឃួង ស្រេង បញ្ជាក់ផងដែរថា ៖ចំពោះការងារនេះត្រូវតែធ្វើឡើងដោយលម្អិត មានទាំង លិខិតប័ត្ររបស់កម្មករ ឈ្មោះ ទីកន្លែងស្នាក់នៅច្បាស់លាស់ ដោយភ្ជាប់មកជាមួយនឹងរូបថត៤គុណនឹង ៦ផងដែរ មានន័យថា មានបញ្ហាយើងអាចឈានទៅកាត់ផ្តាច់ឬសគល់នៃជម្ងឺកូវីដ-១៩នេះបាន។ ជាមួយគ្នានោះដែរលោកឃួង ស្រេងក៏បានជំរុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ មានវិធានការបន្ថែមទៀត ទៅលើការទប់ស្កាត់នៃការរីករាលដាលជំងឺកូវី-១៩ ឲ្យមានប្រសិទ្ធភាព ដើម្បីយើងឈានទៅកាត់ផ្ដាច់អោយបាននៅពេលឆាប់ៗនេះ៕

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner