សម្តេចតេជោ ហ៊ុន សែន ប្រកាសពីមោទនភាពជូនជនរួមជាតិ ដែលកម្ពុជាមានការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជា​លក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា

អត្ថបទដោយ៖
ហេង វណ្ណា

តាមរយះសារលិខិតជូនជនរួមជាតិ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា«កម្ពុជាដែលដូនតាយើងបានប្រសិទ្ធនាមថា “ ទឹកដីសុវណ្ណភូមិ “ គឺជាទឹកដីដ៏វិសិដ្ឋព្រោះជាទឹកដីពោរពេញដោយកំណប់ទ្រព្យជាច្រើនប្រភេទ។ ថ្ងៃនេះ សក្ខីភាពថ្មីបានលេចចេញជារូបរាងឡើងហើយ»៕

សម្តេចតជោ បន្តថា «ខ្ញុំព្រះករុណាខ្ញុំមានមោទនភាព សូមជម្រាបជូនជនរួមជាតិនូវការប្រកាសដាក់ឱ្យដំណើរការការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅ

តំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចាប់ពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ នេះតទៅ»៕

ជាមួយគ្នានេះសម្តេចតេជោ ហ៊ុន សែន បានបន្តថា «ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ ឆ្នាំ ក្រុមហ៊ុន រ៉ឺនេសង់មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្រ្តាលី ទីមួយ ដែលចាប់ផ្តើមធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិ ដោយបានផលិតចេញនៅថ្ងៃនេះជាមាសដុំពាក់កណ្តាលសម្រេចដែលមានអត្រាមាស៩០% (Gold Doc Bars)»៕ តាមរបាយការណ៍សមិទ្ធិលទ្ធភាពដែលបានផ្ដល់ក្រុមហ៊ុនអាចផលិតមាសសុទ្ធបានប្រមាណ ៣ (បី)តោន ក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៨ឆ្នាំ ដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា « មុននឹងឈានដល់ការទទួលបាននូវសមិទ្ធផលដ៏វិសេសវិសាលនេះរាជរដ្ឋាភិបាលនិងក្រុមហ៊ុនបានពុះពារក្នុងការសិក្សាស្រាវជ្រាវជម្រករ៉ែមាស ដើម្បីអាចឈានទៅដល់ការធ្វើអាជីវកម្មបាន ព្រោះត្រូវចំណាយពេលវេលានិងថវិកាជាច្រើន ហើយលំបាកនៅក្នុងការវាយតម្លៃលក្ខខណ្ឌសេដ្ឋកិច្ចនិងបច្ចេកទេសអាជីវកម្មធនធានរ៉ែឱ្យត្រឹមត្រូវតាមនិយាមអន្តរជាតិ»៕សម្តេចតេជោ ហ៊ុន សែន បានបន្តថា មកដល់ពេលនេះ កម្ពុជារំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរីនឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ១៨៥ (មួយរយប៉ែតសិបប្រាំ) លានដុល្លារ ក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ ៤០ (សែសិប) លានដុល្លារ ក្នុងមួយឆ្នាំ។ ថវិកាទាំងនេះនឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម។

ជាមួយគ្នានឹងសក្តានុពលនេះ សម្តេចតេជោ ហ៊ុន សែន សូមក្រើនរំលឹកផងដែរថាអាជីវកម្មរ៉ែមាស គឺជាអាជីវកម្មដែលត្រូវការវិនិយោគប្រកបដោយវិជ្ជាជីវៈ និងបច្ចេកវិទ្យាពិតប្រាកដ។ ដូចដែលបានរៀបរាប់ពីប្រវត្តិនៃការវិនិយោគខាងលើ មិនមែនគ្រប់គ្នាចេះតែអាចធ្វើការអភិវឌ្ឍបាននោះទេ ការដាក់ឱ្យដំណើរការឧស្សហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឱ្យសាធារណជនទាំងឡាយចាប់យករបរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថាវាជាអាជីវកម្មដែលមានគ្រោះហានិភ័យខ្លាំង ត្រូវការដើមទុនច្រើន និងជំនាញពិតប្រាកដ។ អាជីវកម្មជាលក្ខណៈប្រពៃណី ដូចជាការរែង ចម្រាញ់យកមាសដោយដៃជាលក្ខណៈគ្រួសារបានបាត់បង់ស្ទើរតែទាំងស្រុងទៅហើយ រីឯជម្រករ៉ែមាសដែលមានលក្ខណៈសមស្របសម្រាប់ការធ្វើអាជីវកម្មជាលក្ខណៈគ្រួសារក៏ពុំមានច្រើនដែរ។ ទន្ទឹមនឹងនេះការធ្វើអាជីវកម្មទ្រង់ទ្រាយតូចៗបែបនេះក៏មិនអាចផ្តល់ផលចំណេញដល់ប្រជាពលរដ្ឋបានដែរ ផ្ទុយទៅវិញអាជីវកម្មប្រភេទនេះបង្កនូវផលប៉ះពាល់បរិស្ថាននិងគ្រោះថ្នាក់ផ្សេងៗទៀតផង។

ក្នុងឪកាសនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ សូមឱ្យបងប្អូនជនរួមជាតិយើងលះបង់នូវបំណងចង់ធ្វើអាជីវកម្មរ៉ែមាសជាលក្ខណៈគ្រួសារឬជាលក្ខណៈខ្នាតតូចបន្តទៀតទៅ។ស្របជាមួយការចាប់ផ្តើមនៃអាជីវកម្មរ៉ែមាសខ្នាតឧស្សាហកម្មតាមស្តង់ដារអន្តរជាតិជាលើកដំបូងនៅកម្ពុជា ប្រតិបត្តិការធនធានរ៉ែនៅតំបន់អូរខ្វាវនឹងបង្កើតបានជាគំរូមួយសម្រាប់នាំមុខដល់ការធ្វើអាជីវកម្មធនធានរ៉ែដទៃទៀត ស្របតាមគោលការណ៍អភិវឌ្ឍប្រកបដោយចីរភាព។

សម្តេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍ថា «ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងក្នុងទឹកចិត្តរំភើបរីករាយឥតឧបមា ខ្ញុំព្រះករុណាខ្ញុំ សូមចែករំលែកនូវសមិទ្ធផលដ៏ធំធេងនិងមោទនភាពជាតិនៃទឹកដីសុវណ្ណភូមិជាទីស្នេហា ជាមួយនឹងព្រះតេជ-

គុណ ព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិកម្ពុជាគ្រប់រូប ព្រមទាំងសូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅដល់ក្រុមការងារគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់យុត្តិធម៌និងការគាំទ្រប្រកបដោយទឹកចិត្តស្នេហាជាតិដ៏បរិសុទ្ធជូនដល់គណបក្សប្រជាជនកម្ពុជានិងដល់ខ្ញុំព្រះករុណាខ្ញុំ ឱ្យដឹកនាំរាជរដ្ឋាភិបាលកម្ពុជាដើម្បីបុព្វហេតុជាតិ មាតុភូមិ សុខសន្តិភាព និងការអភិវឌ្ឍដែលបាននាំមកជូនប្រជាជនកម្ពុជាទាំងមូលនូវសមិទ្ធផលដ៏ធំធេងមិនអាចកាត់ថ្លៃបានជាច្រើនរាប់មិនអស់ រួមទាំងការប្រកាសអំពី “ការដាក់ឱ្យដំណើរការការដ្ឋានអាជីវកម្មនិងរោងចក្រចម្រាញ់រ៉ែមាសជាលក្ខណៈឧស្សាហកម្ម” នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគីរីនេះផងដែរ»៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner