ពលករខ្មែរ ៤៥នាក់បម្រុងឆ្លងដែនខុសច្បាប់ ចូលប្រទេសថៃត្រូវបានឃាត់ខ្លួន នៅខេត្តបន្ទាយមានជ័យ
ពលករចំនួន ៤៥នាក់ ស្រីចំនួន ២៣នាក់ ដែលបម្រុងលួចឆ្លងដែនខុសច្បាប់ ត្រូវបានកម្លាំងកងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបាននៅថ្ងៃទី១១មិថុនា ឆ្នាំ២០២១ ខណៈពេលដែលពួកគេ បម្រុងលួចឆ្លងដែនទៅប្រទេសថៃ ត្រង់ចំនុចភូមិសាស្ត្រ ភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ។ វរសេនាតូចថ្មើរជើងលេខ៥១៤ បានដឹកនាំកម្លាំងល្បាត ២៤ម៉ោងលើ ២៤ម៉ោង ដោយប្តូរវេនគ្នា សហការជាមួយកម្លាំងចម្រុះ ដើម្បីទប់ស្កាត់ពលករលួចឆ្លងដែនខុសច្បាប់ និង ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ មិនឲ្យចូលទៅក្នុងសហគមន៍។
ខណៈកងកម្លាំងចម្រុះល្បាត ក៏បានជួប ពលករបម្រុងលួចឆ្លងដែនចេញទៅប្រទេសថៃ ត្រូវបានកម្លាំង វរសេនាតូចថ្មើរជើងលេខ៥១៤ កងពលតូចថ្មើរជើងលេខ៥១ ឃាត់ខ្លួនបានតែម្តង ។ ក្រោយពីឃាត់ខ្លួនបាន លោកមេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ ក៏បានណែនាំដល់ប្រជាពលរដ្ឋ កុំបន្តចាញ់បោកមេខ្យល់ ដែលតែងតែបញ្ចុះបញ្ចូល នាំពលករឆ្លងដែនដោយខុសច្បាប់ ដោយមិនគិតពីសុវត្ថិភាព និងខាតបង់ប្រាក់ជាបន្តបន្ទាប់ ជាពិសេស បន្តចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ អោយបានទាំងអស់គ្នា។
ក្រោយការឃាត់ខ្លួន ពលករទាំង៤៥នាក់ ត្រូវបានបញ្ជូនទៅធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅមណ្ឌលចត្តាឡីស័ក ខេត្តបន្ទាយមានជ័យ និងបន្តស្រាវជ្រាវរកមេខ្យល់ និងអ្នកពាក់ព័ន្ធដើម្បីចាត់វិធានការតាមផ្លូវច្បាប់។ ការឆ្លងដែនចេញចូលដោយខុសច្បាប់ ត្រូវគេមើលឃើញថា បណ្ដាលឲ្យមានករចម្លងមេរោគកូវីដ-១៩ រវាងប្រទេសកម្ពុជា និងថៃ ខណៈដែលប្រទេសថៃ ក៏កំពុងប្រឈមទៅនឹងការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ផងដែរ។