រដ្ឋបាលខេត្តសៀមរាប បានកំណត់ភូមិចំនួន៤ ក្នុងសង្កាត់ស្រង៉ែ ជាតំបន់ក្រហម
រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ ម្សិលម៉ិញ បានសម្រេចកំណត់ ភូមិចំនួន៤ មាន៖ ភូមិរការធំ ភូមិព្រៃធំ ភូមិចន្លោង និងភូមិស្រង៉ែ ក្នុងសង្កាត់ស្រង៉ែ ក្រុង ខេត្តសៀមរាប ជាតំបន់ក្រហម ។ ការកំណត់តំបន់ហានីភ័យបន្ថែមទៀតនេះ បន្ទាប់ពីរដ្ឋបាលខេត្តសៀមរាប បានកំណត់តំបន់ហានីភ័យមួយចំនួននៅស្រុកសូទ្រនិគម និងស្រុកជីក្រែងកាល ពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២១ ។ ក្រោយការរកឃើញវិជ្ជមានមេរោគកូវីដ-១៩ ទៅលើសពឈ្មោះ ឃន់ ឃាន ភេទប្រុស អាយុ៥៦ឆ្នាំ មានអាសយដ្ឋាននៅភូមិព្រៃធំ សង្កាត់ស្រង៉ែ ក្រុងសៀមរាប ដែលបានទទួលមរណ ហើយមានការទំនាក់ទំនងជាមួយប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់នេះ និង បានរកឃើញអ្នកវិជ្ជមានកូវិដជាបន្តបន្ទាប់ កាលពីរសៀលថ្ងៃទី ១០ ខែ មិថុនា លើចំនួនប្រជាពលរដ្ឋ ៧៣នាក់ មានវិជ្ជមានកូវិដ១៩ ចំនួន១៦នាក់ ។
ដោយឡែកនៅថ្ងៃទី១១ ខែមិថុនា ២០២១ តាមការបញ្ជាក់របស់លោក ក្រុស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាល ខេត្តសៀមរាប ក្រុមគ្រូពេទ្យបានធ្វើតេស្តរកមេរោគកូវិដ១៩ អ្នកប៉ះពាល់ផ្ទាល់ និងប្រយោល នៅក្នុងភូមិទាំង៤នៃតំបន់ក្រហមនេះ ចំនួន១៦៦អង្គ/នាក់ មានទាំងព្រះសង្ឃ តាអាចារ្យ និងប្រជាពលរដ្ឋ ជាលទ្ធផលវិជ្ជមាន១នាក់ ។
សូមបញ្ជាក់ថា មកដល់ថ្ងៃទី១០ មិថុនា នៅខេត្តសៀមរាបមានអ្នកវិជ្ជមានជម្ងឺកូវិដ១៩ មានចំនួន៣៤៤នាក់ ព្យាបាលជាសះស្បើយចំនួន១០៦នាក់ ស្លាប់៣នាក់ និង២៣៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។ លោកក៏បានអំពាវនាវឱ្យពលរដ្ឋត្រូវអនុវត្តឱ្យខ្ជាប់ខ្ជួនវិធានការរបស់រាជរដ្ឋាភិបាល ៣កុំ, ៣ការពារ និងសេចក្តីណែនាំវិធានការរបស់ក្រសួងសុខាភិបាល៕ ម៉ី សុខារិទ្ធ