កម្ពុជាប្រកាសលទ្ធភាពផលិតមាស ក្នុងមួយឆ្នាំ ៣តោនលើកដំបូង (Video Inside)

កម្ពុជាបានប្រកាសលើកដំបូងនូវលទ្ធភាពអាចផលិតមាសសុទ្ធ បានចំនួន៣តោន ក្នុងមួយឆ្នាំ ដែលជាលើកដំបូង បំផុតក្នុងប្រវត្តិសាស្ត្របន្ទាប់ពីអាជីវកម្មរ៉ែប្រេងកាត។

សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែនតាមរយៈសារលិខិតមួយ បញ្ជាក់ជូនប្រជាពលរដ្ឋនូវដំណឹងដ៏រីករាយនេះ បានប្រកាសដាក់ឲ្យដំណើរការនូវការដ្ឋានអាជីវកម្មនិងរោងចក្រ រ៉ែមាសជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជានៅតំបន់អូរខ្វាវ, ស្រុកកែវសីមា ខេត្តមណ្ឌលគីរី ចាប់ពី ថ្ងៃទី២១ខែមិថុនាឆ្នាំ២០២១នោះតទៅ។

សម្ដេចតេជោ បានបន្តថា ក្រោយពីសិក្សាស្រាវជ្រាវស្វែងរុករកអស់ រយៈពេលប្រមាណ១៤ឆ្នាំ ក្រុមហ៊ុនអូស្ត្រាលីឈ្មោះ រ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីតធីត Renaissance Minerals (Cambodia) Limited បានផលិតចេញនៅថ្ងៃទី១០មិថុនា ជាមាសដុំពាក់កណ្ដាលសម្រេច ដែលមាន អត្រាមាស៩០% ។ សេចក្តីរាយការណ៍បញ្ជាក់ថា ក្រុមហ៊ុន អាចមានលទ្ធភាពផលិតមាសសុទ្ធបានប្រមាណ ៣តោនក្នុងមួយឆ្នាំៗសម្រាប់រយៈពេល៨ឆ្នាំដំបូង។ ក្រុមហ៊ុនអូស្ត្រាលីផលិតមាសនោះ បានរំពឹងថា នឹងអាច ពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនោះ។

សម្តេចនាយករដ្ឋមន្ត្រីក្នុងសារលិខិតដដែល បានថ្លែងរំពឹងថា ផលិតផលមាសជាលក្ខណៈឧស្សាហកម្មពីជម្រករ៉ែតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នោះ នឹងផ្ដល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ១៨៥លានដុល្លារកក្នុងមួយឆ្នាំ ដែលក្នុងនោះ ចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ៤០លានដុល្លារក្នុង១ឆ្នាំ។

សម្ដេចតេជោ ហ៊ុនសែនបានបញ្ជាក់ថា ថវិកាទាំងនោះ នឹងត្រូវយកទៅប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍសេដ្ឋកិច្ច និង សង្គម។ កម្ពុជាក្នុងសម័យដឹកនាំរបស់សម្តេចតេជោហ៊ុនសែន ប្រទេសជាតិមិនត្រឹមតែអស់សង្គ្រាមស៊ីវិលនិង មានសុខសន្តិភាពប៉ុណ្ណោះទេ, ទឹកដីសុវណ្ណភូមិរបស់ខ្មែរ ត្រូវបានស្វែងរុករកប្រភពរ៉ែធម្មជាតិដែលបង្កប់ទុក ច្រើនសិបឆ្នាំកន្លងមកនិងបានទទួលនូវកំណប់ទ្រព្យវិសាលដូចជារ៉ែប្រេងកាត, រ៉ែមាស និងរំពឹងការរកឃើញ រ៉ែ ដទៃទៀតក្នុងសម័យដឹកនាំដ៏រុងរឿងបច្ចុប្បន្ននេះ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner