ស្ថានទូតអាមេរិក ស្នើរកកំណត់កម្មវិធីទស្សនកិច្ចមូលដ្ឋានជើងទឹករាមសាឡើងវិញ (Video Inside)
ស្ថានទូតអាមេរិកបានថ្លែងនៅថ្ងៃនេះថា ដំណើរទស្សនកិច្ចរបស់មន្ត្រីសេនានុព័ន្ធយោធាលោកវរសេនីយឯក Marcus M. Ferrara នៅក្នុងមូលដ្ឋានកងទ័ពជើងទឹករាម មិនបានចូលពិនិត្យគ្រប់ទីកន្លែងពេញលេញឡើយ និង ស្ថានទូតបានស្នើរកការកំណត់កម្មវិធីទស្សនកិច្ចក្នុងតំបន់មូលដ្ឋានជើងទឹករាមនោះសាឡើងវិញដោយអនុញ្ញាតការដើរមើលគ្រប់កន្លែង។
ស្ថានទូតអាមេរិកតាមបណ្តាញសង្គម បានសរសេរនៅថ្ងៃនេះថា ដំណើរទស្សនកិច្ច របស់មន្ត្រីសេនានុព័ន្ធយោធា ថ្ងៃទី១១មិថុនានេះ គឺជាការឆ្លើយតបតាមកង្វល់របស់សហរដ្ឋអាមេរិកតាមរយៈ ដំណើរលោកស្រីអនុរដ្ឋមន្ត្រីការបរទេស Wendy Sherman នាពេលថ្មីៗនេះក្នុងប្រទេសកម្ពុជា ប៉ុន្តែក្នុងពេល ទស្សនកិច្ចដ៏ខ្លី នោះ មន្រ្តីយោធាកម្ពុជាមិនបានអនុញ្ញាតឲ្យលោកអនុព័ន្ធយោធាអាមរិកចូលទៅមើលគ្រប់កន្លែង នៅក្នុងមូលដ្ឋានកងទ័ពជើងទឹកនោះឡើយ។
ក្រសួងការពារជាតិនៃប្រទេសកម្ពុជានៅមិនទាន់មានប្រតិកម្មតប ជុំវិញការថ្លែងរបស់ស្ថានទូតជុំវិញដំណើរទស្សនកិច្ចក្នុងមូលដ្ឋានកងទ័ពជើងទឹករាមនោះឡើយ។ ស្ថានទូត បាន សរសេរជម្រុញស្នើសុំឲ្យមន្រ្តីយោធាកម្ពុជាធ្វើការកំណត់ពេលទស្សនកិច្ចសាឡើងវិញឲ្យបានឆាប់នាពេលខាង មុខជាមួយការអនុញ្ញាតឲ្យមានការដើរមើលគ្រប់កន្លែងនៅក្នុងមូលដ្ឋានកងទ័ពជើងទឹកនៅរាមនោះ។
ស្ថានទូត អាមេរិក បានសរសេរបញ្ជាក់ចុងក្រោយទៀតថាទស្សនកិច្ចជាធម្មតានិងញឹកញាប់របស់អនុព័ន្ធយោធារបស់ សហរដ្ឋអាមេរិក និងអនុព័ន្ធយោធាបរទេសដទៃទៀត នៅមូលដ្ឋានកងទ័ពជើងទឹករាម អាចជាជំហានមួយយ៉ាង សំខាន់ឆ្ពោះទៅរកតម្លាភាពនិងការទុកចិត្តគ្នាទៅវិញទៅមកបានច្រើន។ សហរដ្ឋអាមេរិក ដែលកំពុងប្រជែង ជាមួយនឹងប្រទេសចិន បានចោទកម្ពុជា ជុំវិញបញ្ហាមូលដ្ឋានកងទ័ពជើងទឹករាម ដែលកម្ពុជា បានកែលំអហេដ្ឋា រចនាសម្ព័ន្ធនាវាចរណ៍របស់ខ្លួនដើម្បីបំពេញសេចក្តីត្រូវការក្នុងពេលបច្ចុប្បន្នស្របតាមរដ្ឋ ធម្មនុញ្ញរបស់ប្រទេស។
សម្តេចនាយករដ្ឋមន្ត្រីហ៊ុនសែន ក្នុងជំនួបជាមួយអនុរដ្ឋមន្ត្រីការបរទេសកាលពីរសៀលថ្ងៃទី១មិថុនា ក្នុងរាជធានីភ្នំពេញ បានបញ្ជាក់ច្បាស់លាស់អំពីស្ថានភាពនៅមូលដ្ឋានកងទ័ពជើងទឹករាម និងសម្តេចបានរំលឹក ពីការ ប្តេជ្ញាចិត្តដ៏ម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការថែរក្សានិងការពារឯករាជ្យ, អព្យាក្រិត និង អធិប តេយ្យ ភាពរបស់ខ្លួនទាំងនយោបាយផ្ទៃក្នុងប្រទេសនិងកិច្ចការបរទេសដែលរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា មិន អនុញ្ញាតឲ្យប្រទេសណាដាក់ទ័ពឬប្រើប្រាស់ទឹកដីកម្ពុជាជាមូលដ្ឋានកងទ័ពបរទេសបាននោះឡើយ។