ខេត្តចំនួន៥នៅភាគនិរតីប្រទេសបានទទួលអំណោយជាថេបប្លេត និងបរិក្ខាពេទ្យពីសម្ដេចតេជោ ហ៊ុន សែន ដើម្បីត្រៀមចាក់វ៉ាក់សាំងនៅក្នុងខេត្ត

គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១៥មិថុនា ឆ្នាំ២០២១ បានប្រគល់អំណោយ«ថេបប្លេត»របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងសំភារៈបរិក្ខាពេទ្យមួយចំនួនទៀត ជូនក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងក្នុងខេត្ត ចំនួន៥ រួមមាន ខេត្តកែប កំពត តាកែវ ព្រះសីហនុ និងខេត្តកោះកុង។ ពិធីប្រគល់ និងទទួល អំណោយទាំងនោះ បានធ្វើឡើងនៅខេត្តកែប ក្រោមអធិបតីភាពពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស, លោកស្រីវេជ្ជបណ្ឌិត លី អាយលែន តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា, លោក សោម ពិសិដ្ឋ អភិបាលខេត្តកែប និងប្រធានមន្ទីរ អ្នកពាក់ព័ន្ធមួយចំនួនទៀត។ យោងតាមយុទ្ធសាស្ត្រចាក់វ៉ាក់សាំង «ផ្ការីក»របស់រាជរដ្ឋាភិបាលកម្ពុជា ការចាក់វ៉ាក់សាំងកូវីដ-១៩ គឺចាប់ផ្តើមចេញពីរាជធានីភ្នំពេញ ដែលជាបេះដូងនៃប្រទេស ហើយពង្រីកចេញទៅតាមភាពសំខាន់នៃតំបន់ និងភាពប្រទាក់ក្រឡាគ្នានៃសង្គម-សេដ្ឋកិច្ច នៅក្នុងតំបន់អាទិភាពខ្ពស់ទាំងអស់។ ជំហានទី១ ចាប់ពីខែឧសភាដល់ពាក់កណ្តាលខែកក្កដា ឆ្នាំ២០២១ ផ្តោតលើក្រុមប្រជាជនទាំងអស់ ចាប់ពីអាយុ ១៨ឆ្នាំឡើង ដែលធ្វើការ និងរស់នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលទាំងមូល ដែលមានចំនួនសរុបជិត២លាន៥សែននាក់ និងត្រូវការវ៉ាក់សាំងចំនួនជិត៥លានដូស។ ជំហានទី២ ចាប់ពីពាក់កណ្តាលខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២១ ផ្តោតលើក្រុមប្រជាជនចាប់ពីអាយុ១៨ឆ្នាំឡើង ដែលធ្វើការ និងរស់នៅ ក្នុងខេត្តចំនួន១១ រួមានខេត្តតាកែវ, កំពង់ស្ពឺ, កំពង់ឆ្នាំង, កំពង់ចាម, ព្រៃវែង, ក្រុងព្រះសីហនុ, ស្វាយរៀង, សៀមរាប, បន្ទាយមានជ័យ, កែប និង កំពត ដែលមានចំនួនសរុបជាង២លាននាក់ និង ត្រូវការវ៉ាក់សាំងចំនួនជាង៤លានដូស។ ជំហានទី៣ ចាប់ពីខែតុលា ដល់ខែវិច្ឆិកាឆ្នាំ២០២១ ផ្តោតលើក្រុមប្រជាជន ចាប់ពីអាយុ១៨ឆ្នាំឡើង ដែលធ្វើការ និងរស់នៅ ក្នុងខេត្តចំនួន១២ រួមានកោះកុង, ឧត្តរមានជ័យ, ប៉ៃលិន, ពោធិ៍សាត់, បាត់ដំបង, ស្ទឹងត្រែង, ត្បូងឃ្មុំ, រតនគីរី, ព្រះវិហារ, កំពង់ធំ, ក្រចេះ និង មណ្ឌលគីរី ដែលមានចំនួនសរុបជាង ៤សែន៤ម៉ឺននាក់ និងត្រូវការវ៉ាក់សាំងចំនួនប្រមាណ៩សែនដូស។

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner