ឯកឧត្តមបណ្ឌិត ថោង ខុន វាយតម្លៃខ្ពស់ចំពោះគណៈកម្មការអ្នកស្ម័គ្រចិត្ត

អត្ថបទដោយ៖
សារ៉ាន ទីងី

CAMSOC-ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានដឹកនាំកិច្ចប្រជុំនៅព្រឹកថ្ងៃអង្គារ ទី១៥ ខែមិថុនា ឆ្នាំ២០២១ ដោយឯកឧត្តមបានវាយតម្លៃខ្ពស់ចំពោះការរៀបចំផែនការសកម្មភាពនៃគណៈកម្មការអ្នកស្ម័គ្រចិត្ត។ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC មានប្រសាសន៍ក្រោយបញ្ចប់កិច្ចប្រជុំនេះថា គណៈកម្មការអ្នកស្ម័គ្រចិត្ត ជាគណៈកម្មការពិសេសមួយ សម្រាប់ប្រមូលផ្ដុំនូវធនធានមនុស្ស ឬកងកម្លាំងការងារដ៏សំខាន់ សម្រាប់ជួយដល់ព្រឹត្ដិការណ៍រៀបចំការប្រកួតកីឡា ស៊ីហ្គេម ឆ្នាំ២០២៣។ ឯកឧត្តមបណ្ឌិត ថោង ខុន បានវាយតម្លៃខ្ពស់ចំពោះការដឹកនាំការគ្រប់គ្រងការរៀបចំផែនការ និងមានភាពគ្រប់ជ្រុងជ្រោយរបស់ឯកឧត្តម សុខ សប្បាយណា ដែលធ្លាប់មានបទពិសោធខ្ពស់ដែរ។ យើងឃើញថា អ្វីដែលជ្រើសរើសក្នុងការរៀបចំរបៀបនៅក្នុងបទបង្ហាញនេះ គឺមានភាពលម្អិតល្អ ហើយមានយុទ្ធសាស្ត្រច្បាស់លាស់ ហើយមានដាក់ចេញនូវយន្ដការប្រទាក់ក្រឡាគ្នាបានល្អ ទាំងការបណ្ដុះបណ្ដាល ទាំងការរកប្រភពរៀបចំជ្រើសរើសអ្នកស្ម័គ្រចិត្ត ហើយក៏ដូចជាការធ្វើឲ្យអ្នកស្ម័គ្រចិត្តមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការធ្វើឲ្យព្រឹត្តិការណ៍ទាំងមូល មានភាពជោគជ័យ ឬមិនជោគជ័យទៅលើអ្នកស្ម័គ្រចិត្តដែលមាននៅគ្រប់ទីកន្លែងទាំងអស់នៅក្នុងពេលប្រកួត ស៊ីហ្គេម ឆ្នាំ២០២៣នៅកម្ពុជា។

ឯកឧត្តមបន្ថែមថា «នេះជាការពិនិត្យឡើងវិញ ហើយការដាក់ចេញនូវយុទ្ធសាស្ត្រការរៀបចំច្បាស់លាស់អំពីឯកសារយុទ្ធសាស្ត្រនយោបាយ និងផែនការសកម្មភាពការងាររបស់ខ្លួនពីមួយដំណាក់កាល ទៅមួយដំណាក់កាល រហូតដល់ឆ្នាំ២០២៣ ដែលយើងត្រូវការប្រមាណ១ម៉ឺននាក់។ នៅក្នុងចំនួននេះ អ្នកស្ម័គ្រចិត្តនៅក្នុងប្រទេស និងអ្នកស្ម័គ្រចិត្តនៅក្រៅប្រទេស ហើយជនពិការក៏ត្រូវបានអនុញ្ញាតឲ្យធ្វើជាអ្នកស្ម័គ្រចិត្តដែរ រួមទាំងមនុស្សចាស់ៗកម្រិតណាមួយ ដែលគាត់នៅមានកាយសម្បទា ដែលអាចធ្វើការបាន ដឹងព័ត៌មាន ក៏អាចចូលរួមក្នុងក្រុមអ្នកស្ម័គ្រចិត្តបានដែរ ដូចជាគ្រូបង្វឹក មន្ត្រី កីឡាករចាស់ៗ ដែលគាត់ចង់ឃើញ និងចង់ចូលរួម ពោលគឺបើកចំហដល់គ្រប់មជ្ឈដ្ឋានទាំងអស់។ ជាទូទៅ ការរៀបចំឲ្យមានអ្នកស្ម័គ្រចិត្ត គឺការរៀបចំកម្លាំងមនុស្សឲ្យពេញលក្ខណៈ ក្រៅពីកម្លាំងជំនាញ ក្រៅពីកម្លាំងបច្ចេកទេស គឺកម្លាំងអ្នកស្ម័គ្រចិត្តនេះហើយ ដែលជាតម្លៃពិសេស សម្រាប់ជោគជ័យនៃស៊ីហ្គេម បើខ្វះពួកគាត់គឺកម្លាំងរបស់យើងមិនគ្រប់គ្រាន់ទេ អ៊ីចឹងនៅក្នុងនេះ គឺយើងបានធ្វើទៅតាមផែនការមេរបស់ស៊ីហ្គេម ដោយរលូនហើយមានទំនុកចិត្តខ្ពស់នៅក្នុងការរៀបចំ»។

ជារួម នៅក្នុងឆ្នាំ២០២១នេះ ឯកសារយុទ្ធសាស្ត្រ ឯកសារការងារនានា ត្រូវតែរៀបចំឲ្យបានរួចរាល់ឲ្យអស់ហើយនៅឆ្នាំ២០២២ គឺយើងគ្រាន់តែចាប់ផ្តើមធ្វើការតាមផែនការដែលបានរៀបចំនេះប៉ុណ្ណោះ មានន័យថា ពីមួយដំណាក់កាលទៅមួយដំណាក់កាល គឺត្រូវបានរៀបចំជាឯកសារយុទ្ធសាស្ត្រ ឯកសារសំខាន់ៗ នៅក្នុងជំនាញនីមួយៗ ដែលហៅថាសៀវភៅការងារ ឬសៀវភៅគ្រប់គ្រងព្រឹត្ដិការណ៍កីឡាស៊ីហ្គេម ដើម្បីតម្រង់ទិសការងាររបស់ខ្លួន ឆ្ពោះទៅរកគោលដៅច្បាស់លាស់នៃការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។

ចំពោះការបណ្តុះបណ្តាលអ្នកស្ម័គ្រចិត្ត ជាទូទៅ គឺនឹងធ្វើឡើងមុនរយៈពេល៦ខែ មុនហ្គេមចូលមកដល់ ពោលគឺនៅចុងឆ្នាំ២០២២ យើងនឹងបើកការបណ្តុះបណ្តាលដោយផ្ទាល់។ ប៉ុន្តែមុនរយៈពេលនេះ យើងនឹងអាចចែកជូននូវមេរៀន ឬរៀនតាមប្រព័ន្ធអនឡាញជាជំហានៗជាមុនសិន។ អ្នកស្ម័គ្រចិត្តទាំងអស់ ត្រូវតែទទួលបាន នៅក្នុងវគ្គអប់រំបណ្តុះបណ្តាល ដើម្បីឲ្យយល់ដឹងអំពីតួនាទីភារកិច្ច ថាតើពួកកាត់ត្រូវធ្វើអ្វីខ្លះ រៀបចំខ្លួនយ៉ាងណាខ្លះ ក្នុងគោលដៅទទួលស្វាគមន៍ភ្ញៀវមកស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕

សារ៉ាន ទីងី
សារ៉ាន ទីងី
លោក សារ៉ាន ទីងី ជាអ្នកសរសេរព័ត៌មានកីឡា មានជំនាញផ្នែកកាត់-ត វីដអូ អាចថតសរសេរ អត្ថបទ បញ្ចូលសម្លេង។ សព្វថ្ងៃ លោកមានតួនាទីផលិតព័ត៌មានកីឡា ដាក់ទាំងវេបសាយ ទាំងទូរទស្សន៍របស់ស្ថាននីយវិទ្យុ និងទូរទស្សន៍អប្សរា។
ads banner
ads banner
ads banner