សម្តេចពិជ័យសេនា ទៀ បាញ់ ចូលរួមកិច្ចប្រជុំអាស៊ាន-បូក លើកទី៨ (Video Inside)

កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី៨ បានប្រព្រឹត្តទៅនៅថ្ងៃនេះដោយមានការចូលរួមថ្លែងអន្តរាគមន៍ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជាផងដែរ។ កិច្ចប្រជុំ រដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក គឺជាវេទិការបស់អាស៊ានជាមួយនឹងប្រទេសដៃគូសន្ទនា៨ប្រទេសរួមមាន អូស្ត្រា លី, ចិន, ឥណ្ឌា, ជប៉ុន, នូវ៉ែលហ្សេឡង់, កូរេខាងត្បូង, រុស្ស៊ីនិងសហរដ្ឋអាមេរិក។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងនៅថ្ងៃនេះថា កិច្ចប្រជុំនាពេលនេះ បានបង្ហាញពីការប្តេជ្ញាចិត្តអ្នកចូលរួមទាំងអស់គ្នា ក្នុងការធានាឱ្យតំបន់អាស៊ានមានសាមគ្គីភាព និងវិបុលភាព ដូចមានចែងក្នុងមូលបទគឺ «យើងយកចិត្តទុកដាក់ យើងប្រុងប្រៀប យើងរីកចម្រើន»។ សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងចែករំលែកនូវបញ្ហាប្រឈមផ្នែកសន្តិសុខសំខាន់ៗ ក្នុងតំបន់មួយចំនួន ដែលក្នុងនោះ សម្តេចពិជ័យសេនា បានចាត់ទុកជំងឺកូវីដ១៩ គឺជាបញ្ហាប្រឈមដ៏សំខាន់មួយ ក្នុងចំណោមបញ្ហាប្រឈមនានា នៅលើពិភពលោក។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា៖ «ទោះបីយើងទទួលជោគជ័យក្នុងការបង្កើតវ៉ាក់សាំងការពារជំងឺកូវីដ១៩ ក៏ដោយ យើងនៅតែមានការព្រួយបារម្ភចំពោះមេរោគបំប្លែងថ្មីៗដែលកំពុងរាលដាលទូទាំងពិភពលោក និង ប្រសិទ្ធភាពនៃវ៉ាក់សាំងប្រឆាំងនឹងវីរុសថ្មីទាំងនេះ។ នៅក្នុងបរិបទនេះ ទាមទារឱ្យមានការខិតខំប្រឹងប្រែង និងការ ប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធប្រឆាំងនឹងរោគរាតត្បាតដ៏សាហាវនេះ»

សម្តេចពិជ័យសេនា បានថ្លែងអំណរគុណដល់ប្រទេសចិន អូស្ត្រាលី ដែលបានផ្តល់ជំនួយថវិកា និងវ៉ាក់សាំង ដើម្បីជួយសង្គ្រោះអាយុជីវិតប្រជាជនកម្ពុជា។ នៅក្នុងការផ្លាស់ប្តូរទស្សនៈ ស្ដីពីបរិយាកាស សន្តិសុខតំបន់ និងអន្តរជាតិ ក្នុងកិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិ អាស៊ាន-បូក នៅថ្ងៃនេះផងដែរ សម្តេចពិជ័យសេនា ទៀ បាញ់ នៅបានចូលរួមចែករំលែកនូវបញ្ហាប្រឈមផ្នែក សន្តិសុខសំខាន់ៗទៀតដូចជា៖ បញ្ហាសន្តិសុខលម្ហសមុទ្រ អំពើភេរវកម្ម និងបានលើកឡើងអំពីការឆ្លើយតប ទៅនឹងបញ្ហាប្រឈមផ្នែកសន្តិសុខតំបន់ និងអន្តរជាតិ តាមរយៈការបង្កើតវេទិកាពិភាក្សា និងយន្តការកិច្ចសហ ប្រតិបត្តិការជាច្រើនទៀត។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner