កម្ពុជាជម្រុញប្រទេសស៊ុយអែត រកវិនិយោគិនបរទេសបណ្តាក់ទុន (Video Inside)

កម្ពុជាបានស្នើឱ្យប្រទេសស៊ុយអែតបន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ក្នុងការមកបណ្តាក់ទុននៅកម្ពុជា។ ការស្នើរបស់រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាលោក ប៉ាន សូរស័ក្ដិ បានធ្វើឡើងក្នុងឳកាសដែលលោករដ្ឋមន្ត្រី បានទទួលជួប ឯកអគ្គរាជទូតស៊ុយអែតប្រចាំកម្ពុជា លោក BJÖRN HÄGGMARK កាលពីថ្ងៃទី១៥មិថុនាឆ្នាំ២០២១ នៅទីស្តីការក្រសួងពាណិជ្ជកម្ម។

ទំហំពាណិជ្ជកម្មកម្ពុជា និងស៊ុយអែត នៅឆ្នាំ២០២០ ត្រូវគេរាយការណ៍ថាមានចំនួន៦៤លានដុល្លារអាមេរិក ខណៈដែលរយៈពេល៥ខែ នៅឆ្នាំ២០២១ មានចំនួន ២៣លានដុល្លារអាមេរិក។ លោករដ្ឋមន្ត្រីប៉ានសូរស័ក្តិ បានស្នើឱ្យរដ្ឋាភិបាលស៊ុយអែត បន្តជួយសម្របសម្រួលជំរុញធុរជន និងវិនិយោគិនស៊ុយអែតសំខាន់ៗ ដូចជា ក្រុមហ៊ុនគ្រឿងសង្ហារឹម IKEA និងក្រុមហ៊ុនផលិតរថយន្ត Volvo មកស្វែងរកឱកាសធុរកិច្ចនៅកម្ពុជា ខណៈដែលការកែច្នៃគ្រឿងសង្ហារឹម និង ការផលិតគ្រឿងបង្គំនិងបន្លាស់យានយន្ត កំពុងមានកំណើនខ្លាំងនៅកម្ពុជា។ ជាមួយគ្នានោះ លោករដ្ឋមន្ត្រីនៅ បានជម្រុញការវិនិយោគលើវិស័យដទៃរួមមានការកែច្នៃចំណីអាហារ និងផ្លែឈើតំបន់ត្រូពិចក៏មានសក្ដានុពល ផងដែរ។

លោកឯកអគ្គរដ្ឋទូតស៊ុយអែតបានថ្លែងបង្ហាញជំហរថាស្ថានទូតស៊ុយអែតប្រចាំកម្ពុជាដែលមាននិវេសនដ្ឋាន នៅទីក្រុងបាងកក នឹងបន្តកិច្ចសហប្រតិបត្តិការល្អជាមួយក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងលើកកម្ពស់ កិច្ចសន្ទនាផង និងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជានិងស៊ុយអែតផងដែរ។

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner