ហោរាសាស្រ្តប្រចាំថ្ងៃ៨កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ពស២៥៦៥ ត្រូវនឹងថ្ងៃព្រហស្បតិ៍ ទី១៧ ខែមិថុនា ឆ្នាំ២០២១

ឆ្នាំជូត  សម្រាប់លោកអ្នកដែលកើតឆ្នាំជូត នាមសត្វកណ្តុរ ធាតុទឹក ពង្សទេវតាប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងរបរជូញដូរនានាមានដំណើរការល្អប្រសើរ។ អ្នកអាចមានមនុស្សផ្ទុយភេទជួយទំនុកបម្រុងយ៉ាងខ្លាំងក្នុងពេលនេះ ដូច្នេះចូរមានចិត្តស្មោះត្រង់ត្រឡប់ទៅវិញ និងរក្សាអត្តចរិកជានិច្ច។ ក្នុងនោះដែរ សូមបន្តធ្វើទំនាក់ទំនងបន្ថែម និងជៀសវាងជម្លោះដាច់ខាត សូមធ្វើជាអ្នកចាញ់ បើទោះបីជាអ្នកគួរតែត្រូវតបតក៏ដោយ។ ចំពោះកិច្ចការងារនានាដែលអ្នកមិនច្បាស់ក្នុងចិត្ត សូមកុំប្រថុយប្រថាន ប៉ុន្តែផ្អាកសិន និងសុំយោបល់មនុស្សដែលអ្នកទុកចិត្តបំផុត​។

ឆ្នាំឆ្លូវ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំឆ្លូវ នាមសត្វគោ ធាតុដី ពង្សមនុស្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ អ្វីៗទាំងអស់នៅក្នុងថ្ងៃនេះនឹងទទួលបានជោគជ័យ។ ប៉ុន្តែភាពចាំបាច់បំផុត គឺសូមរក្សាភាពស្មោះត្រង់ និងសប្បុរសចំពោះមនុស្សនៅជុំវិញខ្លួន ពីព្រោះអាកប្បកិរិយានេះនឹងអាចបង្កើនទំនាក់ទំនង និងរក្សាទំនុកចិត្តពីមជ្ឈដ្ឋានជុំវិញ។ លើសពីនេះ អ្នកអាចយកឈ្នះមនុស្សដែលកំពុងមានបំណងមិនល្អចំពោះអ្នក។ ក្រៅពីនេះសូមកុំទុកចិត្តមនុស្សលើសលប់ពេក ប្រយ័ត្នបង់ចិត្តឥតការ។ ទន្ទឹមនឹងនោះ សូមលោកអ្នកចាប់អារម្មណ៍បន្ថែមទៅលើការសិក្សាវិជ្ជាជីវ ដែលទាក់ទងនឹងការងារររបស់អ្នក។

ឆ្នាំខាល សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំខាល នាមសត្វខ្លា ធាតុឈើ ពង្សយក្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ មុខរបរ និងកិច្ចការរបស់អ្នកស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ។ ស្ថានភាពនេះហាក់ធ្វើឲ្យលោកអ្នកមានការលំបាកក្នុងការសម្រេចចិត្ត ប៉ុន្តែសូមកុំមានការព្រួយបារម្ភខ្លាំងពេក ចូរជ្រើសរើសមនុស្សដែលអ្នកទុកចិត្ត និងសុំការពិភាក្សា។ ក្នុងនោះដែរ ការជឿជាក់ខ្លួនឯងមានសារសំខាន់បំផុតក្នុងពេលនេះ។ ដោយឡែក​ លោកអ្នកអាចមានបញ្ហាជាមួយថ្នាក់លើ ដូច្នេះសូមប្រយ័ត្នសំដី។ សូមព្យាយាមរកពេលគិតរិះរកមធ្យោបាយឆ្លើយតបបញ្ហា និងកែប្រែស្ថានការណ៍។ អំណោយផលបំផុតក្នុងពេលនេះ គឺអ្នកអាចដោះស្រាយបញ្ហាបានល្អ។

ឆ្នាំថោះ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំថោះ នាមសត្វទន្សាយ ធាតុឈើ ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកល្អជាមធ្យម។ កិច្ចការងាររបស់លោកអ្នកដំណើរការទៅដោយរលូន និងទទួលបានភាពជោគជ័យគួរឲ្យកត់សម្គាល់។ ថ្ងៃនេះអ្នកអាចសម្រេចចិត្តផ្លាស់ប្តូរស្ថានភាពការងារបាន ដូច្នេះគ្មានហេតុផលណាមួយដែលអ្នកគួរទ្រាំជាមួយស្ថានភាពអវិជ្ជមានៃការងារឡើយ។ ទន្ទឹមនឹងនោះ ប្រសិនបើអ្នកមិនរីករាយជាមួយទំនាក់ទំនងផ្ទាល់ខ្លួន ថ្ងៃនេះក៏ជាពេលវេលាល្អសម្រាប់ការពិភាក្សាដោះស្រាយបញ្ហាផងដែរ។ ក្រៅពីនេះ សូមលោកអ្នករក្សាចិត្តគំនិត និងរក្សាការរស់នៅដោយមិនប្រមាថចំពោះរាល់ស្ថានការណ៍ទាំងឡាយ។

ឆ្នាំរោង ​សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរោង នាមសត្វនាគ ធាតុមាស ពង្សទេវតាប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលដល់ការពិភាក្សា និងចរចាចំពោះកិច្ចការងារ និងមុខជំនួញផ្សេងៗ។ លោកអ្នកអាចមានលទ្ធភាពទាក់ទាញការយកចិត្តទុកដាក់ពីមនុស្សនៅក្នុងរង្វង់ការងារ ក៏ដូចជាដៃគូពាណិជ្ជកម្ម ដូច្នេះចូរប្រើប្រាស់ពេលវេលានេះធ្វើការងារឲ្យបានក្នុងកំរិតខ្ពស់បំផុត។ នៅក្នុងថ្ងៃនេះសូមប្រុងប្រយ័ត្ន ក្រែងមានជំលោះនៅក្នុងគ្រួសារ ពិសេសជាមួយក្មែងៗ។ ដោយឡែក សម្រាប់ការរៀបចំកម្មវិធីមង្គលនានានឹងទទួលបានសេចក្តីសុខចម្រើនណាស់។

ឆ្នាំម្សាញ់ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំម្សាញ់ នាមសត្វពស់ ធាតុភ្លើង ពង្សមនុស្សប្រុស។ រាសីលោកអ្នកក្នុងថ្ងៃនេះល្អជាមធ្យម។ ថ្ងៃនេះការគិត និងការសម្រេចចិត្តរបស់អ្នកស្ថិតក្នុងភាពវិជ្ជមានទាំងអស់។ លោកអ្នកអាចទទួលបានឳកាសនៃលាភសំណាងច្រើន ប៉ន្តែទាំងនោះទាក់ទងនឹងឳកាសការងារ​ ច្រើនជាងលុយកាក់។ សម្រាប់លោកអ្នកដែលចង់ផ្លាស់ប្តូរការងារគឺអាចធ្វើទៅបាន ប៉ុន្តែចាំបាច់ណាស់ត្រូវមានគម្រោង ពីព្រោះនៅកណ្តាលផ្លូវ អ្នកអាចប្រទះនឹងភាពអសកម្មតិចតួច។ ដោយឡែក ចំពោះទំនាក់ទំនងផ្ទាល់ខ្លួនប្រហែលជាត្រូវការការពិភាក្សា និងការយល់ចិត្តដើម្បីរក្សាលំនឹងនៃទំនាក់ទំនង និងការងារ។

ឆ្នាំមមី សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមី នាមសត្វសេះ ធាតុភ្លើង ពង្សទេវតាសី្រ។​ រាសីរបស់លោកអ្នកល្អជាមធ្យម។ ថ្ងៃនេះជាពេលវេលាអំណោយផលក្នុងការធ្វើទំនាក់ទំនងជាមួយថ្នាក់លើ ដោយរួមទាំងគូប្រជែងដ៏ពិបាករបស់អ្នកក្តី។ ចំពោះលាភសំណាងគឺមានសញ្ញាណវិជ្ជមាន ពិសេសនៅរវាងពេលល្ងាច ប៉ុន្តែលោកអ្នកមិនអាចឆេវឆាវបានទេ ពីព្រោះជម្លោះ និងការមិនយល់ចិត្តក្នុងរង្វង់ការងារអាចកើតឡើង ហើយប្រសិនបើរក្សាមិនល្អ គឺអាចប៉ះពាល់ដល់លទ្ធផលសម្រេចនៃការងារ។ ក្នុងនោះដែ​រ ក៏សូមយកចិត្តទុកដាក់ការធ្វើដំណើរ ពីព្រោះគ្រោះថា្នក់តិចតួចអាចកើតឡើង។

ឆ្នាំមមែ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំមមែ នាមសត្វពពែ ធាតុមាស ពង្សទេវតាសី្រ។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ រាល់កិច្ចការដែលអ្នកកំពុងអនុវត្តមានភាពចម្រើនលូតលាស់ណាស់។ ប៉ុន្តែសូមកុំពាក់ព័ទ្ធ ឬជ្រៀតជ្រែកការងារអ្នកដទៃ ប្រយ័ត្នគុណក្លាយជាទោសទៅវិញ។ លោកអ្នកមានមនុស្សស្រលាញ់រាប់អាន និងជួយយកអាសារណាស់ ដូច្នេះបញ្ហាតូចធំមួយចំនួន និងអាចជួយកែសម្រួលបានដោយងាយស្រួល។ ទន្ទឹមនឹងនោះ អ្វីដែលអ្នកត្រូវធ្វើជាចាំបាច់គឺគ្រប់គ្រងការនិយាយស្តី ហើយក៏សូមរស់នៅដោយស្ងប់ស្ងៀមធម្មតា កុំធូរពេក និងកុំតឹងពេក។

ឆ្នាំវក សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំវក នាមសត្វស្វា ធាតុដែក ពង្សយក្សប្រុស។  រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ការងាររបស់លោកអ្នកកំពុងមានអ្នកបង្អាក់ ទាញមិនឲ្យសម្រេចចេញទាន់ពេលវេលានោះទេ ដូច្នេះដើម្បីបញ្ជៀសបញ្ហានេះសូមព្យាយធ្វើការតាមគម្រោង និងយល់ដឹងស្ថានការណ៍ជុំវិញខ្លួនឲ្យបានច្រើន។ ចំណែកអ្នករកស៊ីជូញដូរ ហាក់មិនសូវទទួលបានផលចំណេញតាមការរំពឹងទុក និងទុនដែលបានចំណាយនោះទេ។ ប៉ុន្តែក៏មិនចាំបាច់អាក់អន់ក្នុងចិត្តដែរ ព្យាយាមកែប្រែស្ថានការណ៍តាមរយៈទំនាក់ទំនង និងបទពិសោធន៍របស់អ្នក។ ក្នុងនោះ ភាពរស់រាយរាក់ទាក់ និងសំដីទន់ភ្លន់ជាគន្លឹះដោះស្រាយបញ្ហា។

ឆ្នាំរកា សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំរកា នាមសត្វមាន់ចែ ធាតុដែក ពង្សយក្សប្រុស។ រាសីរបស់លោកអ្នកឡើងខ្ពស់ត្រដែត។ ថ្ងៃនេះមានអំណោយផលល្អសម្រាប់កិច្ចការងារ ណាស់ លោកអ្នកអាចសម្រេចចិត្តធ្វើអ្វីៗបានទៅតាមក្តីប្រាថ្នា និងការគ្រោងទុក។ សំណាងរបស់អ្នកថ្ងៃនេះអាចទាក់ទងនឹងលុយកាក់ ឬតួនាទីតំណែងការងារ ដូច្នេះសូមមានភាពរីករាយទទួលយកអំណរនាពេលនេះ។ ដោយឡែក សំដីរបស់អ្នកហាក់មានឥទ្ធិពលខ្លាំងណាស់ ដូច្នេះចូរព្យាយាមសម្រេចផលការងាររបស់អ្នក ប៉ុន្តែជៀសវាងការជឿជាក់ដោយងាយ។ ទន្ទឹមនឹងនោះកុំបណ្តោយចិត្តឲ្យទន់ជ្រាយទៅតាមស្ថានភាពក្លែងក្លាយដែលអ្នកអាចជួបក្នុងពេលអនុវត្តការងារ។

ឆ្នាំចរ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំចរ នាមសត្វឆ្កែ ធាតុដី ពង្សយក្សស្រី។ រាសីលោកអ្នកនៅក្នុងថ្ងៃនេះល្អជាមធ្យម។ កិច្ចការងារ និងមុខរបររកស៊ីជួញដូរមានភាពជោគជ័យណាស់ ព្រមទាំងទទួលបានការគាំទ្រយ៉ាងខ្លាំងផងដែរ។ ប៉ុន្តែភាពចាំបាច់ដែលអ្នកត្រូវកែប្រែគឺការតុបតែងខ្លួនប្រាណជាថ្មី ពីព្រោះវាអាចជួយឲ្យអ្នកមានទំនុកចិត្ត និងមានភាពងាយស្រួលធ្វើការងារជាមួយមជ្ឈដ្ឋានខាងក្រៅ។ ក្នុងនោះដែរ ក៏សូមព្យាយាមស្វែងយល់អំពីផែនការអនុវត្តការងាររបស់ដៃគូជំនួញរបស់អ្នកផងដែរ​ ពីព្រោះភាពខ្សត់ខ្សោយពត៌មានកំពុងធ្វើឲ្យដំណើរការការងារមានភាពយឺតយ៉ាវ និងពិបាកទទួលផលធំ។

ឆ្នាំកុរ​ សម្រាប់លោកអ្នកដែលមានកំណើតឆ្នាំកុរ  នាមសត្វជ្រូក ធាតុទឹក ពង្សមនុស្សស្រី។ រាសីរបស់លោកអ្នកក្នុងថ្ងៃនេះស្រុតចុះ។ ថ្ងៃនេះមិនមែនជាពេលវេលាល្អសម្រាប់ការបណ្តាក់ទុនលើមុខរបរថ្មី ឬការផ្លាស់ប្តូរស្ថានភាពការងារទេ។ ពិសេស បុគ្គលិករដ្ឋឯកជន មិនទាន់អានទទួលផលពីការងារដែលដាក់ចេញតាមការរំពឹងនោះទេ។ អាស្រ័យហេតុនេះ សូម រៀបចំគម្រោងការងារលម្អិត និងពេញលេញជាថ្មី ដោយយោងទៅលើប្រភពពត៌មានជាក់លាក់។ ថ្ងៃនេះចូរប្រយ័ត្នជាពិសេសអំពីជម្លោះ ឬការយល់ច្រលំជាមួយថ្នាក់លើ។ អ្នកគួររកឳកាសបកស្រាយមន្ទិលឲ្យបានជ្រះស្រលះ ជាជាងបណ្តោយឲ្យបង្ករជាយល់ច្រលំកាន់តែច្រើន។​ ដោយឡែក ពេលនេះលោកអ្នកអាចមានលទ្ធភាពដោះស្រាយភាពអវិជ្ជមានបានល្អប្រសើរ។

ចំណាំៈ

ឆ្នាំទាំង៤ ឆ្លូវ រោង មមែ រកា រាសីឡើងខ្ពស់ត្រដែត។ លោកអ្នកនឹងទទួលបានភាពរីករាយ លាភសក្ការៈ និងសេចក្តីសុខដុមរមនាណាស់។

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner