វត្តចំនួន៣ ក្នុងក្រុងសៀមរាប ទទួលបានការវរប្រគេនចង្ហាន់ ទេយ្យ ទាន ក្នុងព្រះរាជពិធីអបអរសាទរបុណ្យចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រីខ្មែរ

អត្ថបទដោយ៖
ជា សេឌី

ដើម្បីអបអរសាទរព្រះរាជពិធីចម្រើនព្រះជន្មវស្សា សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា គម្រប់ខួប៨៥ យាងចូល៨៦ព្រះវស្សា  នាព្រឹកថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ២០២១  នៅបរិវេណវត្ត រាជបូណ៌ , វត្តអង្គរខាងត្បូង ក្នុងក្រុងសៀមរាប និងវត្តប្រាសាទបាគង ក្នុងស្រុកប្រាសាទបាគង បានរៀបចំពិធីសូត្រមន្តចម្រើនព្រះបរិត្ត និងប្រគេនចង្ហាន់ ទេយ្យទានដល់ព្រះសង្ឃ ចំនួនបីវត្ត  ក្រោមវត្តមានលោកជំទាវ មាស សន ជា ម៉ន  អនុប្រធានកិត្តិយសគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប និងមានការនិមន្តរបស់ ព្រះមហាវិមលធម្ម ពិន សែម សិរីសុវណ្ណោ ព្រះរាជាគណៈថ្នាក់ទោ ឧត្តមទីប្រឹក្សាគណសង្ឃនាយកនៃព្រះរាជាណាចក្រកម្ពុជា សមាជិកថេរសភាសង្ឃ និង ព្រះចៅអធិការវត្តរាជបូណ៌ ខេត្តសៀមរាប ។

លោកជំទាវ មាស សន ជា ម៉ន  បានមានប្រសាសន៍ថា យើងទាំងអស់គ្នាជាកូនចៅ ចៅទួតរបស់ព្រះអង្គ សូមសំដែងនូវការគោរព និងចងចាំគ្មានថ្ងៃបំភ្លេចបាន នូវស្នាព្រះហត្ថព្រះរាជសកម្មភាពសម្ដេចម៉ែ សម្ដេចយាយជាអម្ចាស់ក្នុងព្រះរាជបេសកកម្មបម្រើប្រទេសជាតិមាតុភូមិ ក្នុងវិស័យមនុស្សធម៌ ព្រមទាំងបានបួងសួងថ្វាយព្រះពរជ័យមហាប្រសើរថ្វាយសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ  ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គរមានព្រះរាជសុខភាពល្អបរិបូរណ៌ព្រះកាយពលមាំមួន ព្រះជន្មយឺតយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់របស់ប្រជារាស្ត្រជា កូនចៅ ចៅទួតរបស់ព្រះអង្គតរៀងទៅ ។ លោកជំទាវក៏បានបន្តថា ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៉ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា  ដែលតែងតែគិតពីសុខទុក្ខ និងការលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស សំខាន់បងប្អូនជាជនក្រីក្រ ជនងាយរងគ្រោះ ជនចាស់ជរា អ្នកផ្ទុកមេរោគអេដស៍ និងទុរគតជននា និង បាននាំមកនូវការផ្តាំផ្ញើសួរសុខទុក្ខ ព្រមទាំងលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋឲ្យខិតខំថែទាំសុខភាព និងប្រកបរបរចិញ្ចឹមជីវិតតាមលទ្ធភាពដែលអាចធ្វើទៅបាន ។  លោកជំទាវ បានពិតទួលថ្វាយព្រះសង្ឃ សីលវន្តសីលវតី ទាំងបីវត្ត បច្ចុប្បន្ននេះនៅលើពិភពលោកបានជួបនូវវិបត្តិជម្ងឺកូវិដ១៩ និង នៅកម្ពុជាយើងក៏រងផលប៉ះពាល់ដោយជម្ងឺកូវិដ១៩ ពិសេសក្នុងព្រឹត្តិការណ៍ ២០កុម្ភះ ២០២១ បានធ្វើឲ្យមានអ្នកវិជ្ជមាន និង អ្នកស្លាប់  ដោយជម្ងឺដ៏កាចសាហាវនេះ   ព្រមទាំងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងលើជីវភាពរស់នៅប្រចាំថ្ងៃ របស់បងប្អូនផងដែរ  ។   លោកជំទាវ ក៏បានរំលឹកថា បញ្ហាសំខាន់ គឺបងប្អូនត្រូវមានការប្រុងប្រយ័ត្ននៅគ្រប់វិនាទីនូវជម្ងឺកូវិដ១៩ គឺត្រូវធ្វើអនាម័យឲ្យបានជាប្រចាំ ព្រមទាំងប្រតិបត្តិឲ្យបានខ្ជាប់ខ្ជួន វិធានការរបស់ប្រមុខរាជ  រដ្ឋាភិបាល ៣កុំ ៣ការពារ និង សេចក្តីណែនាំ វិធានការរបស់ក្រសួងសុខាភិបាល ។

ទេយ្យទាននាំយកទៅវេរប្រគេនដល់វត្តទាំងបី ដោយក្នុងមួយវត្តៗទទួលបាន អង្ករ១៥០ គក្រ , មី ៥កេស , ទឹកសុទ្ធ ៥កេស , ត្រីខ ៥យួរ , ទឹកត្រី ទឹកស៊ីអ៊ីវ ១០យួរ , អាល់កុល ៥លីត្រ , ម៉ាស់ ៥ប្រអប់ និង បច្ច័យ ១លានរៀល ព្រមទាំងបច្ចយ័របស់បងប្អូនសប្បុរសជនចូលរួមបន្ថែមតាមវត្តនិមួយៗ និង ប្រគេនដល់ព្រះសង្ឃ ទាំង២៧អង្គ ក្នុងមួយអង្គៗ នូវស្លាដក ១ និងបច្ច័យ ៥ម៉ឺនរៀលផងដែរ  ៕ 

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner