រដ្ឋមន្ត្រីការបរទេសអង់គ្លេស មកទស្សនកិច្ចនៅកម្ពុជាពីថ្ងៃទី២២-២៣ ខែមិថុនា

ភ្នំពេញ: បើគ្មានអ្វីប្រែប្រួលទេ លោក Dominic Raab រដ្ឋមន្ត្រីក្រសួងការបរទេសអង់គ្លេស នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការមកកាន់ព្រះរាជាណាចក្រកម្ពុជា រយៈពេលពីរថ្ងៃ គឺចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១។ នេះបើតាមការបញ្ជាក់របស់មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិថ្លែងប្រាប់ AMS នៅព្រឹកថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២១។

តាមកម្មវិធីដែលបានគ្រោងទុក លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស នឹងមកដល់កម្ពុជានៅថ្ងៃទី២២ ខែមិថុនា តាមជើងយន្តហោះពិសេស ហើយនៅព្រឹកថ្ងៃទី២៣ ខែមិថុនា រដ្ឋមន្ត្រីការបរទេសអង់គ្លេសនឹងចូលជួបសម្តែងការគួរសមជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាកម្ពុជា នៅវិមានសន្តិភាព។ បន្ទាប់ពីជួបពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្ត្រី និងជួបប្រជុំជាមួយលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបទេស និងសហប្រតិបត្តិការអន្តរជាតិ។

តាមកម្មវិធីលោករដ្ឋមន្ត្រីការបរទេសអង់គ្លេស ក៏នឹងអញ្ជើញទៅទស្សនកិច្ចនៅមន្ទីរប្រល័យពូជសាសន៍ទួលស្លែង និងមជ្ឈមណ្ឌលឯកសារកម្ពុជា មុននឹងធ្វើដំណើរនិវត្តន៍ទៅកាន់ប្រទេសអង់គ្លេសវិញ។

នៅមុនដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអង់គ្លេសមកកម្ពុជានេះ មន្រ្តីជាន់ខ្ពស់នៃអគ្គស្នងការដ្ឋាននគរបាលជាតិ និងតំណាងស្ថានរាជទូតអង់គ្លេសប្រចាំនៅកម្ពុជា បានប្រជុំពិភាក្សាអំពីផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ ដំណើរទស្សនកិច្ចផ្លូវការរបស់រដ្ឋមន្ត្រីការបរទេសនៅនាយកដ្ឋានអង្គរក្សកាលពីថ្ងៃទី១៨ ខែមិថុនាម្សិលមិញ។

នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិបានបញ្ជាក់ថា កម្ពុជាតែងគិតគូរការពារសន្តិសុខសុវត្ថិភាពជូនចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូនានា ទោះកម្ពុជាមិនបានរងការគំរាមកំហែងធ្ងន់ធ្ងរណាមួយក៏ដោយ។ លោកបានបញ្ជាក់ថា ចំពោះសភាពការណ៍សន្តិសុខនៅកម្ពុជា មានសុវត្ថិភាពល្អប្រសើរ។

ទាក់ទងបទពិសោធន៍ក្នុងកិច្ចការពាររបស់កម្លាំងសមត្ថកិច្ចមានច្រើនអង្គភាព ដែលធ្លាប់បានឆ្លងកាត់ក្នុងកិច្ចការពារគណៈប្រតិភូធំៗ ដែលមកបំពេញទស្សនកិច្ចនៅកម្ពុជា។ ម្យ៉ាងវិញទៀតកម្ពុជា ក៏បាននិងកំពុងត្រៀមខ្លួនដើម្បីការពារក្នុងករណីកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ី-អឺរ៉ុបផងដែរ។ ក្នុងនោះកម្ពុជាបានគិតទាំងការពង្រាយកម្លាំងតាមសភាពការណ៍ជាក់ស្តែងទាំងមធ្យោបាយ ត្រូវបានត្រួតពិនិត្យយ៉ាងហ្មត់ចត់៕
ដោយៈពេលជ័យ

ទាវ សារៈមុនិន្ទ
ទាវ សារៈមុនិន្ទ
ជាការីនិពន្ធគេហទំព័រ ដែលទទួលខុសត្រូវលើការផ្សាយអត្ថបទ ខ្លឹមសាររូបភាព កែសម្រួលទម្រង់អត្ថបទ កែអក្ខរាវិរុទ្ធលើគេហទំព័រអប្សរាសង់ត្រាល់ ផ្នែក Politico360 ។ លោកក៏មាននាទីជាអ្នកអង្កេត និងតាមដានអំពីព័ត៌មានជាតិ និងអន្តរជាតិ ដែលចុះផ្សាយទាក់ទងនឹងនយោបាយកម្ពុជាផងដែរ៕
ads banner
ads banner
ads banner