ប្រទេសចិន យល់ព្រមផ្ដល់បច្ចេកទេសដល់កម្ពុជា ក្នុងការផលិតវ៉ាក់សាំងជំងឺសារទឹក និងជំងឺអុតក្តាម គោ ក្របី ដោយខ្លួនឯង

យោងតាមរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក វេង សាខុន នៅថ្ងៃទី២២មិថុនានេះ បានឲ្យដឹងថា តាមសំណើរបស់ភាគីកម្ពុជា ភាគីចិនបានឯកភាពផ្តល់ជូនវ៉ាក់សាំងសារទឹកចំនួន១០ម៉ឺនកម្រិត ជាលើកទី១ និងវ៉ាក់សាំងជំងឺអុតក្តាមចំនួន១០ម៉ឺនកម្រិតជាលើកទី២ ត្រូវបានប្រទេសចិនផ្ដល់ជូនកម្ពុជានាពេលថ្មីៗនេះ។ លោករដ្ឋមន្ត្រីបានបញ្ជាក់ទៀតថា ភាគីចិនបានគាំទ្រលើសំណើរបស់កម្ពុជាដែលមានឆន្ទ:ចង់ផលិតវ៉ាក់សាំងដោយខ្លួនឯង ក្រោមជំនួយឧបត្ថម្ភបច្ចេទេសពីភាគីចិន។ ករណីនោះ ភាគីចិននឹងចុះមកសិក្សាផ្ទាល់ក្រោយស្ថានភាពកូវីដ-១៩ បានល្អប្រសើរ ។

ថ្នាំការពារដែលជាជំនួយរបស់ភាគីចិន ត្រូវបានបែងចែក និងបាននិងកំពុងចុះអន្តរាគមន៍ចាក់ឲ្យគោ-ក្របីជូនប្រជាកសិករ នៅតាមបណ្តាខេត្តដែលមានផ្ទុះជំងឺច្រើនជាងគេទាំង ១២ ខេត្ត ក្នុងនោះមានខេត្ត ព្រៃវែង កំពង់ចាម តាកែវ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយ មានជ័យ បាត់ដំបង រតនះគីរី ត្បូងឃ្មុំ កំពង់ឆ្នាំង និង ពោធិសាត់។ យោងតាមក្រសួងកសិកម្ម បានឲ្យដឹងថា ផលិតកម្មចិញ្ចឹមសត្វ បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ តាមរយ:ការផ្តល់ចំណូលឲ្យគ្រួសារ លក់សត្វរស់ លក់ពូជ លក់ស៊ុត និងលាមក និងបង្កើតការងារនៅក្នុងមូលដ្ឋានផ្ទាល់ ។

មិនតែប៉ុណ្ណោះ វិស័យផលិតកម្មចិញ្ចឹមសត្វបានចូលរួមប្រើប្រាស់ វត្ថុធាតុដើមផលិតក្នុងស្រុកមាន ស្រូវ ពោត ដំឡូងមី សណ្តែកសៀង កន្ទក់ ចុងអង្ករ ម្សៅត្រី និងកាកស្រាបៀ។ល។ ហើយកត្តាទាំងអស់នោះ បានបំពេញតួនាទីឲ្យគ្នាទៅវិញទៅមករវាងផលិតកម្មចិញ្ចឹមសត្វ និងផលិតកម្មដំណាំ។

តាមរបាយការណ៍របស់កសិកម្ម បានឲ្យដឹងថា ការអន្តរាគមន៍ចុះចាក់ថ្នាំការពារជំងឺឆ្លងសត្វគឺជាភារកិច្ចរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក៏ប៉ុន្តែដោយសារថវិកាមានកំណត់ នៅឆ្នាំ២០២០ អគ្គនាយដ្ឋាន សហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត បានចុះធ្វើអន្តរាគមន៍ចាក់ថ្នាំការពារជំងឺសារទឹកបានត្រឹម ៣០% និងជំងឺអុតក្តាមបាន ២% ក្នុងចំនួនសត្វគោ ក្របីសរុបទូទាំងប្រទេសជាង៣លានក្បាល។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner