នាយកទីភ្នាក់ងារ USAID ប្រចាំនៅកម្ពុជា ចូលជួប​សម្តែង​ការគួរ​សម និងជម្រាបលា រដ្ឋមន្ត្រីក្រសួងកសិកម្ម បន្ទាប់ពីបញ្ចប់​បេសក​កម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា

អត្ថបទដោយ៖
ជា សេឌី

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ  នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានទទួលជួបលោកស្រី Veena Reddy ជានាយកទីភ្នាក់ងារ USAID  ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា និងសហការីដើម្បីសម្តែងការគួរសម និងជម្រាបលា បន្ទាប់ពីបញ្ចប់បេសកកម្មនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ក្រសួង និងខ្លួនលោកផ្ទាល់ ឯកឧត្តមរដ្ឋមន្ត្រីវេង សាខុន តាមរយ:លោកស្រី បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាល និងប្រជាជនសហរដ្ឋអាមេរិក តាមរយ:ទីភ្នាក់ងារ USAID ដែលបានជួយអភិវឌ្ឍកម្ពុជារហូតមកទល់បច្ចុប្បន្ន ក្នុងនោះក៏មានវិស័យកសិកម្មផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានជម្រាបជូនលោកស្រីថា រាល់គម្រោង ឬកម្មវិធីជំនួយឧបត្ថម្ភរបស់ទីភ្នាក់ងារ USAID បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ឲ្យមានការរីកចម្រើន ធានាបាននូវសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល កែប្រែកម្រិតជីវភាព និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាសមស្រប ទំនើបទាន់ សម័យ ធននឹងការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ សំដៅឈានទៅសម្រេចឲ្យបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល នាឆ្នាំ២០៣០ និង ២០៥០ និងជាពិសេសឈានជាជំហានៗ ឆ្ពោះទៅជាប្រទេសនាំចេញកសិផលទៅកាន់ទីផ្សារអន្តរជាតិ។

ក្នុងនាមឲ្យទីភ្នាក់ងារ USAID លោកស្រីបានថ្លែងអំណរគុណចំពោះពេលវេលារបស់ឯកឧត្តមរដ្ឋមន្ត្រី ដែលបានអនុញ្ញាតឱ្យក្រុមការងារចូលជួបជម្រាបលាក្រោយបញ្ចប់បេសកកម្មរយ:ពេល០៤ឆ្នាំ នៅកម្ពុជា។

លោកស្រីបន្តថា ០៤ឆ្នាំត្រូវបានបញ្ចប់ បានបន្សល់ទុកនូវអនុស្សាវរីយ៍យ៉ាងច្រើនមិនអាចបំភ្លេចបាននៅលើទឹកដីអង្គរដ៏បវរ និងជាពិសេសសមិទ្ធផលសំខាន់ៗជាច្រើនតាមរយ:ការអនុវត្តគម្រោងកម្មវិធីដែលទាក់ទង នឹងការអភិវឌ្ឍន៍     វិស័យកសិកម្ម។ លោកស្រីសង្ឃឹមថា សមិទ្ធផលនេះ និងគម្រោងកម្មវិធីបន្តបន្ទាប់ទៀតដែលទីភ្នាក់ងារ USAID គ្រោងនឹងជួយដល់កម្ពុជា ប្រាកដជាចូលរួមចំណែកធ្វើការអភិវឌ្ឍប្រទេសមួយនេះឲ្យមានការរីកចម្រើនប្រកបដោយចីរភាព និរន្តរភាព និងវិបុលភាពនាពេលអនាគត។ តាមរយ:សមិទ្ធផលនេះ ជាថ្មីម្តងទៀត លោកស្រីបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះឯកឧត្តមរដ្ឋមន្រ្តី ថ្នាក់ដឹកនាំក្រសួង សហការី និងអង្គភាពពាក់ព័ន្ធដែលបានយកចិត្តទុកដាល់សហការ ជ្រោមជ្រែងគ្រប់បែប យ៉ាងធ្វើឲ្យការ អនុវត្តគម្រោងនានាសម្រេចទទួលបានផ្លែផ្កាគួរជាទីមោទន។ ឆ្លៀតយកឱកាសនេះ លោកស្រីក៏បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីផងដែរថា ទីភ្នាក់ងារ USAID បានរៀបចំស្នើសុំទៅរដ្ឋាភិបាលសហរដ្ឋអាមេរិកក្នុងចំនួនទឹកប្រាក់ ៣លានដុល្លារ យកមកអនុវត្តគម្រោងស្តីពី ការធ្វើឲ្យប្រសើរឡើងនូវប្រព័ន្ធដឹកជញ្ជូនត្រជាក់ Cold Chain Logistic System ដោយប្រើប្រព័ន្ធសូឡា ដើម្បីជួយដល់ការដាំដុះ និងការដឹកជញ្ជូនបន្លែ ផ្លែឈើ ត្រី សាច់មកកាន់ទីផ្សារ ឲ្យកាន់តែល្អប្រសើរ ធានាបានគុណភាព សុវត្ថិភាព និងតម្លៃ។

ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការគាំទ្រ និងស្វាគមន៍ចំពោះគម្រោង Cold Chain Logistic System ព្រោះលោកបញ្ជាក់ថា វានឹងជួយលើកកម្ពស់ប្រសិទ្ធភាពផលិតកម្មបន្លែ ផ្លែឈើ ត្រី សាច់ឲ្យកាន់តែល្អប្រសើរជាជំហានៗផ្អែកទៅលើកស្តង់ដារផលិត វេចខ្ចប់ ថែក្សារ ដឹកជញ្ជូន   និងដាក់តាំងបង្ហាញពិតប្រាកដមួយ ដែលត្រូវបានទទួលស្គាល់ទាំងក្នុងតំបន់ និងអន្តរជាតិ។

ឯកឧត្តមបានបញ្ជាក់បន្ថែមថា នេះគឺជាគម្រោងដែលក្រសួងចង់បានដើម្បីលើកកម្ពស់គុណភាព សុវត្ថិភាព នៃផលិតផលកសិកម្ម បង្កើនផលិតកម្ម និងធានាគុណភាពកសិផល សុខមាលភាពសម្រាប់អ្នកបរិភោគ និងកំណើនតម្លៃបន្ថែម ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner