ពូលីសស្រុកគិរីវង់ ចុះកាប់ និងដុតបំផ្លាញ ដាំណាំកញ្ឆាខុសច្បាប់លើផ្ទៃដីទំហំ ១៤១២ម៉ែត្រការ៉េ
តាកែវ៖ កម្លាំងនគរបាលស្រុកគិរីវង់បានបន្តចុះបង្ក្រាបដោយកាប់ និងដុតបំផ្លាញដំណាំកញ្ឆាដែលជនខិលខូចលួចដាំខុសច្បាប់នៅចំណុច ដុបថ្មកំសត់ និងជ្រោះឃ្លី ដែលស្ថិតក្នុងភូមិសាស្រ្តឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី ៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៧និង៣០នាទី ។
លោក យុគ សារ៉ាត់ អធិការនគរបាលស្រុកគិរីវង់បានអោយដឹងថាការបង្ក្រាបនេះគឺធ្វើឡើងក្រោមការចង្អុលបង្ហាញពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ។ លោកអធិការបានបន្តទៀតថាលោកដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទាំង១២ ឡើងទៅលើភ្នំដើម្បីរុករកកាប់ដុតបំផ្លាញ ដំណាំកញ្ឆាដែលជនខិលខួចលួចដាំខុសច្បាប់ បានចំនួន០៦ទីតាំង អាងស្តុបទឹក០៤ ដែលមានផ្ទៃដីប្រមាណ១៤១២ម៉ែត្រការ៉េ ។
បច្ចុប្បន្នកម្លាំងជំនាញ់កំពុងស្រាវជ្រាវស្វែងរកជនខិលខូចដែលលួចដាំដំណាំកញ្ឆាខុសច្បាប់ទាំងនេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕