អភិបាលខេត្តកំពត នាំយកប្រេង និងម៉ាស៊ីនបូមទឹក ចុះជួយអន្តរាគមន៍សង្គ្រោះស្រូវប្រជាពលរដ្ឋ រងផលប៉ះពាល់ខ្វះខាតទឹក នៅក្នុងឃុំព្រែកក្រឹស ស្រុកកំពង់ត្រាច
នៅក្នុងរយៈពេល ប៉ុន្មានថ្ងៃចុងក្រោយនេះ ទឹកភ្លៀងមានការអូសបន្លាយធ្វើឲ្យស្ថានភាពរាំងស្ងួតបង្កផលប៉ះពាល់ ការងារបង្ករបង្កើនផលស្រូវ និងដំណាំ ស្ទើទូទាំងក្នុងស្រុកកំពង់ត្រាចខេត្តកំពត។ ដោយឡែកនៅក្នុងឃុំព្រែកក្រឹស ស្រូវក្នុងស្រែនិងដំណាំផ្សេងៗរបស់ប្រជាពលរដ្ឋរងផលប៉ះពាល់ប្រឈម នឹងការខ្វះខាតទឹកមានចំនួន២០៤គ្រួសារ នៅក្នុងភូមិចំនួន៥ លើផ្ទៃដីសរុបចំនួន១៩៥ហ.ត ក្នុងនោះ៖ភូមិព្រៃព្រូសប៉ះពាល់៣៧ហ.ត ,ភូមិដើមស្វាយ ៤៥ហ.ត ,ភូមិលក្ខជា ៦០ហ.ត, ភូមិកោះតាកូវ ២ហ.ត ,និងភូមិព្រែកក្រឹស ២៥ហ.ត។
ដោយពិនិត្យឃើញក្នុងស្ថានភាពនេះកាលពីព្រឹកថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ២០២១ ឯកឧត្តមជាវ តាយ អភិបាលខេត្ត អមដំណើរដោយអភិបាលរងខេត្ត រួមនឹងមន្ត្រីជំនាញពាក់ព័ន្ធ បាននាំយកប្រេង និងម៉ាស៊ីនបូមទឹក ដើម្បីចុះអន្តរាគមន៍បូមទឹក ជួយសង្គ្រោះស្រូវ និងដំណាំប្រជាពលរដ្ឋ ដែលប្រឈមរងផលប៉ះពាល់ ខ្វះខាតទឹកឲ្យបានទាន់ពេលវេលា។
ឯកឧត្តមជាវ តាយអភិបាល បានបញ្ជាក់ថា បញ្ហាប្រឈម បញ្ហាសំណូមពរ និងការលំបាក របស់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន សម្ដេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រី តែងតែមានការគិតគូរយកចិត្តទុកដាក់ខ្ពស់ គ្រប់កាលៈទេសៈ និងដោះស្រាយបានទាន់ពេលវេលា បើទោះបីស្ថិតក្នុងស្ថានភាពណាក៏ដោយ ។ ពិសេសក្នុងបរិបទនៃការរងសម្ពាធ ឆ្លងរាតត្បាតដោយសារជំងឺកូវីដ១៩ ក៏ពិតមែន សម្ដេចតេជោ តែងតែបានណែនាំ និងជំរុញដល់ រដ្ឋបាលនិងអាជ្ញាធរ ជំនាញពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ត្រូវតែយកចិត្តទុកដាក់ឲ្យបានជាប្រចាំដើម្បីចុះជួយអន្តរាគមន៍ ដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ។ ជាក់ស្ដែងក្នុងដំណាក់កាលនេះរដ្ឋបាលខេត្តកំពតមិនអាចទុកចោល ឲ្យខូចខាតស្រូវ និងដំណាំរបស់ប្រជាពលរដ្ឋ ហើយមិនមានការ ជួយអន្តរាគមន៍ដោះស្រាយដើម្បីសង្គ្រោះស្រូវរបស់ប្រជាពលរដ្ឋដែលដែលកំពុងជួបប្រទះបញ្ហា ការខ្វះខាតទឹកដូចនៅក្នុងពេលនេះបានឡើយ ។
ឯកឧត្តមជាវ តាយ អភិបាលខេត្ត ក៏បានផ្ដាំផ្ញើ និងសំណូមពរដល់ អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងជំនាញពាក់ព័ន្ធ ពិសេស មន្ទីរធនធានទឹក និងមន្ទីរកសិកម្មខេត្ត ក៏ត្រូវតែបន្តតាមដានយកចិត្តទុកដាក់សហការគ្នា ឱ្យបានជាប្រចាំដើម្បីពិនិត្យមើល ក្នុងមូលដ្ឋានដែលស្រូវប្រជាពលរដ្ឋ កំពុងប្រឈមរងផលប៉ះពាល់ខ្វះខាតទឹកដើម្បីជំរុញការចុះជួយអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវឲ្យបានទាន់ពេលវេលា ទៅតាមលទ្ធភាព។ ឯកឧត្តអភិបាលខេត្ត ក៏បាន ប្រគល់ប្រេងម៉ាស៊ូតចំនួន១០កាន ស្មើនឹង៣០០លីត្រ ជូនដល់អាជ្ញាធរមូលដ្ឋាន សម្រាប់ចាត់ចែងបូមទឹកពីប្រឡាយមេ ដើម្បីបន្តស្រោចស្រពស្រូវ និងដំណាំ របស់ប្រជាពលរដ្ឋ និងបានជូនថវិកាសរុបចំនួន ៩៦ម៉ឺនរៀល ដល់ប្រជាពលរដ្ឋ និងកងកម្លាំងនគរបាល រួមនិងប្រជាការពារចូលរួមនៅក្នុងមូលដ្ឋាននេះផងដែរ៕សិលា សារិន