អាជ្ញាធរខេត្តកំពង់ស្ពឺ សូមឱ្យបងប្អូនប្រជាពលរដ្ឋបង្កើន​ការប្រុង​ប្រយត្ន័បន្ថែមទៀត ខណៈអ្នកឆ្លងថ្មី នៅតែមានចំនួន​ច្រើនគួរឱ្យ​ព្រួយ​បារម្ភ

អត្ថបទដោយ៖
ជា សេឌី

អាជ្ញាធរខេត្តកំពង់ស្ពឺ បានប្រកាសឱ្យបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅក្នុងខេត្ត បន្តបង្កើនការប្រុងប្រយត្ន័ និងការពារទ្វេរដងថែមទៀត ខណៈអ្នកឆ្លងជំងឺកូវីដ-១៩ថ្មី នៅតែមានចំនួនច្រើនលើសលុបគួរឱ្យព្រួយបារម្ភ។ ការប្រកាសនេះធ្វើឡើងនៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២១ ខណៈដែលមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ចំនួន១០០នាក់ និងមានអ្នកឆ្លងថ្មីប្រមាណ៥៧នាក់។

   នៅក្នុងរបាយការណ៍បានបញ្ជាក់ថា អ្នកជំងឺដែលបានជាសះស្បើយទាំងនោះគឺស្ថិតក្នុងចំណោមអ្នកជំងឺទាំងអស់ដែលសម្រាកព្យាបាលនៅក្នុងទីតាំងចំនួន៥ នៃក្របខណ្ឌខេត្តកំពង់ស្ពឺ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យជំនាញ។ ទីតាំងទាំង៥ដែលព្យាបាលបានជាសះស្បើយទាំង១០០នាក់ មាន៖ មណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េចំនួន២១នាក់ ,មណ្ឌលអភិវឌ្ឍន៍ពន្លឺថ្មីចំនួន២៧នាក់, អនុវិទ្យាល័យទីរួមខេត្តចំនួន២០នាក់, វិទ្យាល័យឧដ្តុង្គចំនួន២៥នាក់,និងមន្ទីរពេទ្យគងពិសីចំនួន៧នាក់។

លោកវេជ្ជបណ្ឌិត ហុក គ្រី  ប្រធានមន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺបានប្រាប់ភ្នាក់ងារថា ថ្វីត្បិតមានអ្នកជារហូតដល់១០០នាក់ក្នុងថ្ងៃនេះ តែក៏មានអ្នកឆ្លងថ្មីចំនួន៥៧នាក់ផងដែរ ដែលគិតមកទល់ថ្ងៃទី៤ខែកក្កដាឆ្នាំ២០២១មានអ្នកឆ្លងសរុបចំនួន២៧៣៩នាក់ អ្នកជាសះស្បើយសរុប២០៧៥នាក់។ហើយខណៈមានអ្នកជាសះស្បើយក៏មានអ្នកនៅកំពុងបន្តព្យាបាលប្រមាណជា៦០៩នាក់ទៀតផងដែរ។

បញ្ជាក់ប្រាប់ភ្នាក់ងារ នៅថ្ងៃនេះដែរលោកវេជ្ជបណ្ឌិតក៏បានឱ្យដឹងថាដោយគិតមកទល់ថ្ងៃនេះអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩នៅខេត្តកំពង់ស្ពឺបានកើនដល់៥៣នាក់ហើយខណៈថ្ងៃនេះដែរមាន៤នាក់បានស្លាប់។    

រដ្ឋបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានថ្លែងថា ថ្វីត្បិតមានការជាសះស្បើយច្រើនក៏ពិតមែន ប៉ុន្តែក៏នៅបន្តរកឃើញថ្មីៗបន្តបន្ទាប់ផងដែរដែលតោងឱ្យបងប្អូនចូលរួមបង្កើនការប្រុងប្រយត្ន័និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវវិធានការរបស់ក្រសួងសុខាភិបាលនិងវិធានការ ៣កុំ ៣ការពារ ៕

ជា សេឌី
ជា សេឌី
មិនត្រឹមតែមានជំនាញផ្នែកកាត់តដ៏ប៉ិនប្រសប់ ថែមទាំងជាអ្នកនិពន្ធអត្ថបទទូទៅ និងបញ្ចូលសម្លេងបានយ៉ាងល្អទៀតផង។ ជំនាញទាំងនេះ នឹងផ្តល់ជូនអ្នកអាន និងអ្នកទស្សនានូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner