លោកឧបនាយករដ្ឋមន្ត្រីប្រាក់ សុខុន គ្រោងនឹងចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ីនៅថ្ងៃស្អែក

អត្ថបទដោយ៖
ធី ដា

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស នៅថ្ងៃទី៥កក្កដានេះ បានឲ្យដឹងថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ គ្រោងនឹងអញ្ជើញចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្ស៊ី ដើម្បីរំលឹកខួបអនុស្សាវរីយ៍លើកទី២៥ នៃភាពជាដៃគូសន្ទនាអាស៊ាន-រុស្ស៊ី ។

កិច្ចប្រជុំនោះ គ្រោងនឹងប្រព្រឹត្តទៅនៅថ្ងៃទី៦កក្កដា ឆ្នាំ២០២១ តាមប្រព័ន្ធវីដេអូ ដែលសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូ សន្ទនាអាស៊ាន-រុស្សី នាពេលបច្ចុប្បន្ន និងសហពន្ធ័រុស្សី គ្រោងនឹងធ្វើជាសហ ប្រធានដឹកនាំកិច្ចប្រជុំ។ កិច្ចប្រជុំនោះ គ្រោងនឹងពិនិត្យឡើងវិញនូវសមិទួ្ធផលនៃទំនាក់ទំនង អាស៊ាន -រុស្សី ដែលសម្រេចបានក្នុងរយៈពេល២៥ឆ្នាំកន្លងមក លើវិស័យជាច្រើន រួមមានកិច្ចសហប្រតិបត្តិការក្នុងវិស័យនយោបាយ សន្តិសុខ ពាណិជ្ជកម្ម និងសេដ្ឋកិច្ច ការប្រាស្រ័យទាក់ទងគ្នារវាងប្រជាជន និងប្រជាជន ក៏ដូចជាបន្តតាមដានការងារ ក្រោយកិច្ចប្រជុំ ពិសេសរដ្ឋមន្ត្រីការបរទេសអាស៊ាន-រុស្សី ស្ដីពីជំងឺកូវីដ១៩ ដែលបាន ប្រព្រឹត្តទៅកាលពីឆ្នាំមុន។

កិច្ចប្រជុំតាមប្រពន្ធ័វីដេអូននោះ ត្រូវក្រសួងការបរទេសបញ្ជាក់ថា គឺជាការបោះជំហានទៅមុខបន្ថែមទៀតនៅក្នុងភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន រុស្សី សម្រាប់កិច្ចសហប្រតិបត្តិការយូរអង្វែង ក្នុងខណៈដែលពិភពលោកកំពុងមានបញ្ហាប្រឈម។ ប្រទេសកម្ពុជានឹងទទួលតួនាទីជាប្រទេសសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន – រុស្សី ចាប់ពីខែសីហាឆ្នាំ២០២១។

ធី ដា
ធី ដា
លោក ធី ដា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យានៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា។ លោកបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកគ្រប់គ្រង បរិញ្ញាបត្រផ្នែកព័ត៌មានវិទ្យា និងធ្លាប់បានប្រលូកការងារជាច្រើនឆ្នាំ ក្នុងវិស័យព័ត៌មាន និងព័ត៌មានវិទ្យា ៕
ads banner
ads banner
ads banner